កីឡាករថៃ Super Chhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ការ​ប្រកួត​គ្នា​រវាង​កីឡាករ ធី តុងហ៊ី និង​កីឡាករ​ថៃ Superchhai (រូបភាព៖ សុខ ឆាយ)

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ កីឡាករថៃឈ្មោះ Super Chhai បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។ គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។

យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Super Chhai និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា នេះជាលើកទី២ហើយ ដែលលោកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយកីឡាករថៃឈ្មោះSuper Chhai មិនព្រមធ្វើការប្រកួតទាល់តែសោះ។ លោកថា ការប្រកួតរបស់គេការពិតគួរនឹងត្រូវបណ្ដេញចុះ ប៉ុន្តែដោយសារកីឡាករកម្ពុជាក៏បានប្រឹងប្រែងនៅ២ទឹកចុងក្រោយ ធ្វើឲ្យកីឡាករថៃតដៃមួយប្រាវវិញដែរ ទើបធ្វើឲ្យការប្រកួតគូនេះបានឆ្លងផុតនៅទឹកទី៥។ គូនេះត្រូវគេឲ្យស្មើគ្នា ដោយសារបើកប្រកួតមួយប្រាវនៅចុងទឹកគឺមិនថាអ្នកណាមានប្រៀបជាងអ្នកណាទាល់តែសោះ។

លោក ថៃ អ៊ូ បន្តថាលោក និងគណៈកម្មការរៀបចំការប្រកួតបានសម្រេចមិនផ្ដល់តម្លៃខ្លួនឲ្យកីឡាករ Super Chhai ១០០ភាគរយនោះទេ គឺឲ្យតែពាក់កណ្ដាលប៉ុណ្ណោះ ដើម្បីជាការប្រកួតព្រមាន។ ហេតុផលនៃការកំណត់នេះ គឺដោយសារតែគេ ក្នុងពេលឡើងប្រកួតជាមួយកីឡាករកម្ពុជាឈ្មោះ ធី តុងហ៊ី គឺមិនព្រមធ្វើការប្រកួតទាល់តែសោះ ដោយលោកនឹកស្មានថាគណៈកម្មការនឹងបណ្ដេញចុះ ហើយមិនបានប្រាក់តម្លៃខ្លួននោះផង។ លោកបានហៅការផ្ដល់តម្លៃខ្លួន៥០%ឲ្យកីឡាករ Super Chhai ថាសំណាង បន្ទាប់ពីលោកម៉ាក់ សាមឿន ជាអាជ្ញាកណ្ដាល សម្រេចមិនបណ្ដេញចុះ បើទោះជាបានព្រមានឲ្យវ៉ៃដដែលជាដដែល អស់រយៈពេល៣ទឹកដំបូង។

លោក ថៃ អ៊ូ បន្ថែមថា ការប្រកួតរវាង Super Chhai និងធី តុងហ៊ី ទើបតែបានវាយគ្នានៅចុងទឹកទី៤ និងក្នុងទឹកទី៥បន្តិចប៉ុណ្ណោះ ដែលសកម្មភាពវាយគ្នាក៏ធ្វើកុំឲ្យមានការបណ្ដេញចុះពីលើរេញ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ដឹងថា ថីបានអាបស់ខ្ញុំហ្នឹង(Super Chhai) វាអត់វ៉ៃអ៊ីចឹងទេ ប៉ុន្តែខ្ញុំ និងក្រុមការងារបានសម្រេចរួចហើយនឹងឲ្យតម្លៃខ្លួនវាតែ៥០ភាគរយប៉ុណ្ណោះ ហើយវាក៏អត់មានរឿងអីត្រូវប្រកែកទេ ព្រោះវាដឹងតើថាវាប្រកួតអ៊ីចឹងការពិតអត់ត្រូវបានលុយទេ”។ លោកថា កីឡាករថៃទាំងអស់ សុទ្ធតែមានកុងត្រាថាឡើងរេញត្រូវតែវាយគូប្រកួតគឺមិនមែនមករត់ពេញរេញ ហើយចប់ទឹកមកបើកលុយពីលោកបានទេ ដោយសារតែខាងប៉ុស្ដិ៍ក៏គេមានច្បាប់ដើម្បីកាត់លុយពីលោក ឬមិនឲ្យលុយលោកចំពោះករណីនេះផងដែរ។

លោកបន្ថែមថា៖ “អត់មានសម្រួលកើតទេ ព្រោះតែវាអ៊ីចឹងខាងប៉ុស្ដិ៍ក៏គេកាត់ពីខ្ញុំដែរ ម្យ៉ាងតែកាលណាកីឡាករប្រកួតអ៊ីចឹង បើមិនព្រមានវាអត់កើតទេ បានពាក់កណ្ដាលហ្នឹងសំណាងហើយ ខ្ញុំស្មានតែគេដេញចុះអត់បានមួយរៀលផង”។ លោកបដិសេធបញ្ជាក់តម្លៃខ្លួនរបស់កីឡាករថៃ Super Chhai ដោយគ្រាន់តែអះអាងថាតម្លៃខ្លួន១០០ភាគរយរបស់គេគឺនឹងបានតែ៥០ភាគរយប៉ុណ្ណោះ បើទោះជាគេបានកែស្ថានការប្រឹងវាយតតាំងជាមួយធី តុងហ៊ី និងចុងទឹកទី៤ និងទឹកទី៥បានបន្តិច។ លោកថា នេះជាករណីទី២ បន្ទាប់ពីកីឡាករថៃឈ្មោះ Thanng Nong កាលពីខែសីហា ក្នុងឆ្នាំ២០១៥ ក៏ត្រូវគណកម្មការព្រមានដោយមិនឲ្យតម្លៃខ្លួនសូម្បីមួយរៀលតែម្ដង ដោយសារតែគេមិនប្រកួតហើយបណ្ដាលឲ្យអាជ្ញាកណ្ដាលបណ្ដេញចុះ។

គណៈកម្មការ​សម្រេច​ឲ្យ​​កីឡាករ ធី តុងហ៊ី និង​កីឡាករ​ថៃ Super Chhai ស្មើ​គ្នា​ (រូបភាព៖ សុខ ឆាយ)
គណៈកម្មការ​សម្រេច​ឲ្យ​​កីឡាករ ធី តុងហ៊ី និង​កីឡាករ​ថៃ Super Chhai ស្មើ​គ្នា​ (រូបភាព៖ សុខ ឆាយ)

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ការប្រកួតរវាងកីឡាករកីឡាករ ធី តុងហ៊ី និងកីឡាករថៃSuper Chhai បានធ្វើឲ្យអ្នករៀបចំការប្រកួតខកចិត្តយ៉ាងខ្លាំង ដោយសារតែគូនេះជាគូឯកដែលមានគេចាំមើលច្រើន។ លោកថា បញ្ហាកាត់លុយ ឬព្រមានបែបណាគឺកាតព្វកិច្ចរបស់ថ្នាក់លើជាមួយភាគីកីឡាករប៉ុណ្ណោះ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីកីឡាករថៃពាក់ព័ន្ធនឹងបញ្ហាមិនប្រកួតនោះទេ ប៉ុន្តែកីឡាករ ធី តុងហ៊ី បានអះអាងថា ហេតុផលដែលខ្លួនមិនវាយរហូតមានការព្រមាននោះគឺដោយសារតែរេញរអិលខ្លាំង និងបណ្ដាលមកពីកីឡាករថៃគិតតែគេច ដែលពិបាកឲ្យលោកធ្វើការវាយលុក។ សម្រាប់គូនេះ លោក ញាណ សុធី បានអះអាងថា កីឡាករធី តុងហ៊ី មិនត្រូវបានកាត់តម្លៃខ្លួននោះទេ ដោយសារតែភាគីខាងថៃគិតតែពីគេច និងមិនវ៉ៃប៉ុណ្ណោះ ទើបធ្វើឲ្យកីឡាករកម្ពុជាពិបាកវាយលុកសម្រាប់ការប្រកួតនោះ។

សម្រាប់លទ្ធផលគូអន្តរជាតិផ្សេងទៀតនៅថ្ងៃអាទិត្យនោះ កីឡាករកម្ពុជា ធា នុរាជ ឈ្នះកីឡាករថៃRithy Chhai ដោយពិន្ទុ កីឡាករ សារឿន ច័ន្ទ ឈ្នះកីឡាករថៃReda ក្នុងទឹកទី២ និងកីឡាករកម្ពុជាឈឿន ឆៃដែន ចាញ់កីឡាករថៃFa Phayak ក្នុងទឹកទី១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ