គណបក្សនយោបាយបង្ហាញទស្សនៈផ្សេងគ្នា ចំពោះការកែច្បាប់ស្តីពីគណបក្សនយោបាយ

គណបក្សនយោបាយមួយចំនួនបានបង្ហាញការគាំទ្រឲ្យកែ​ច្បាប់ស្តីពី​​គណ​បក្សនយោបាយ​ តាម​​​​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុន្តែគណបក្សខ្លះទៀតបានជំទាស់​។

ខ្លឹមសារសំខាន់​ក្នុងសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធានឬអនុប្រ​ធាន​គណ​​បក្សនយោបាយណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយបាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូលសុំ​រំលាយបក្សនោះទៀតផង​។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានគំាទ្រឲ្យធ្វើវិ​សោធន​កម្ម​ច្បាប់​​នេះ។ លោក ម៉ម សូណង់ដូ ថែមទាំងជំរុញឲ្យប្រើច្បាប់នេះទៅ​រំលាយ​បក្សសង្គ្រោះជា​តិចោលទៀតផង៖ «ខ្ញុំគំាទ្រ បើសិនធ្វើច្បាប់ហ្នឹង សម្រាប់កំទេចសង្គ្រោះជាតិ ខ្ញុំគំាទ្រមួយរយភាគរយ ព្រោះអ្នកទំាងអស់ហ្នឹង ទុកអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ជាសត្រូវអ្នកដឹកនាំរបស់សង្គ្រោះជាតិ មិនគួរឲ្យសង្គ្រោះជាតិ មានដំណើរការតទៅទៀតទេ គឺសង្គ្រោះជាតិជានិមិត្តរូបមួយធ្វើឲ្យស្រុកខ្មែរហោចហិន រឿងច្បាប់ល្អមិនល្អជារឿងមួយ»។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ក៏គំាទ្រ​ ចំពោះការធ្វើវិ​សោធន​​កម្ម​ច្បាប់​​គណ​បក្សនយោបាយ​នោះដែរ ប៉ុន្តែលោក​ព្រួយបារម្ភថា ការអនុវត្តច្បាប់នោះ​ជាក់​ស្តែ​ង​មិន​​មាន​​តម្លា​​ភាព​​រវាង​បក្សមានអំណាច និងបក្សនយោបាយ​ផ្សេងៗទៀត៖ «វានៅលើការអនុវត្តជាក់ស្តែង ដែលវាជាបញ្ហាសំខាន់ដែលកន្លងមកយើងឃើញថាការអនុវត្ត ឃើញថាមិនទាន់ស្មើភាពគ្នារវាងអ្នកមានអំណាច អ្នកធំជាមួយអ្នកក្រ ធម្មតាច្បាប់គេអត់គិតអ្នកក្រ អ្នកមានទេ អ្នកធំទេ គឺទំាងអស់គ្នាស្ថិតនៅក្រោមច្បាប់ទំាងអស់គ្នាតែមួយ អត់មានស្តង់ដារពីរទេ ប៉ុន្តែកន្លងមកយើងឃើញមានបញ្ហាខ្លះៗ ការអនុវត្តច្បាប់ហាក់ដូចជាមានស្តង់ដារពីរ»។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធ ដើម្បី​​​ប្រជា​ធិបតេយ្យ លោក ពូវ គា គាំទ្រផងនិងមិនគាំទ្រផង៖ «ខ្ញុំនិយាយលក្ខខណ្ឌពីរ ទីមួយប្រសិនជាប្រទេសមួយមានច្បាប់ត្រឹមត្រូវ ច្បាប់មួយមានប្រសិទ្ធិភាព អាចអនុវត្តលើមនុស្សទូទៅ ខ្ញុំគំាទ្រ ប៉ុន្តែស្ថានភាពស្រុកខ្មែរគឺច្បាប់វាមិនមានតម្លៃជាសកល វាមិនអាចអនុវត្តទៅលើមនុស្សទូទៅ យើងខុសឬក៏ត្រូវគឺវាអាស្រ័យទៅលើគេ ព្រោះអីខុសឬមិនខុសរបស់យើង វាមិននៅលើយើង គឺនៅលើមាត់គេថា»។

ចំណែកអ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោក សាម អ៊ីន​ ឯណោះវិញ មានប្រសាសន៍​ថាច្បាប់​នេះអាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​បក្ស​ដែល​ទើប​បង្កើតថ្មីនាពេលខាងមុខ និងក៏ប៉ះ​ពាល់​ដល់​បក្ស​សង្គ្រោះជាតិមុនគេ ដោយលោកថា បក្សកាន់​អំណាច​កំ​ពុង​តែ​​មានចេត​នា​មិនល្អ​ ដើម្បីរាំងខ្ទប់ដៃគូ ប្រគូត​របស់​ខ្លួន ផ្ទុយពីរដ្ឋធម្មនុញ្ញ៖ «សេចក្តីព្រាងច្បាប់នេះគឺមានចេតនាមិនល្អទេ គឺព្យាយាមបន្ទុចបង្អាក់ ខាឃំាងឬមួយក៏ទាត់ចោលមិនឲ្យដៃគូអាចចូលរួមប្រកួតប្រជែងដោយស្មើភាព ហើយទីពីរទៀត វាប៉ះពាល់ទៅដល់ស្មារតីនៃរដ្ឋធម្មនុញ្ញដែលបានចែងក្នុងប្រទេសកម្ពុជា ដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស កាលណាយើងបង្កើតច្បាប់មួយដែលតឹងតែង ដែលកំហិត ដែលមានទម្រង់បែបគំរាមកំហែងមកធ្វើទុកបុកម្នេញបែបនេះគឺជាការមិនល្អទេ សម្រាប់វាសនាអនាគតប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។

ប្រធានគណៈកម្មការជំនាញនៅរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ ក៏បានទាមទារឲ្យពន្យាពេលការកែ​ច្បាប់​​ដ៍ចម្រោងចម្រាស់មួយ​នេះដោយ​ដឹងថាច្បាប់នេះ​ជាគោលដៅចង់​រំលាយ​គណបក្ស​ប្រឆាំងធំ​ជាង​គេនេះ​។ប៉ុន្តែ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់VODថា សេចក្តីស្នើវិ​សោធន​កម្ម​ច្បាប់​​នេះ​ គឺបក្សប្រជាជន​កម្ពុជា​នឹង​ដាក់ទៅរដ្ឋសភាអនុម័ត​យ៉ាង​យូរ​នៅ​ចុង​ខែកុម្ភៈនេះ​។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បាន​មានប្រសាសន៍​ដដែល​ថា ហាម​មិន​ឲ្យ​អ្នក​មាន​ទោសធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​​គណបក្ស​នយោបាយនោះទេ ដែលទំនងសំដៅដល់ លោក សម រង្ស៊ី​។ ប៉ុន្តែ ​លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ បានមុនច្បាប់នេះចេញទៅទៀត ដែលអ្នក​វិភាគយល់ថា ធ្វើឲ្យបក្សកាន់អំណាចដាច់ផ្ងា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ