បាញ់រះក្នុងសាលានៅអាមេរិកស្លាប់អស់​១៧នាក់

យ៉ាងហោចណាស់មនុស្សចំនួន​១៧នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងសាលាវិទ្យាល័យក្នុងរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក។​

ហេតុការណ៍នេះ កើតឡើងនៅក្នុងវិទ្យាល័យ Marjory Stoneman Douglas នៅថ្ងៃពុធម្សិលមិញ។

តាមការចុះផ្សាយរបស់ AFP បានឲ្យដឹងថា ដំបូងឡើយសិស្សនៅក្នុងសាលាបានឮសំឡេងកាំភ្លើងប៉ុន្តែពួកគេគិតថា នោះជាសកម្មភាពយោធាហាត់សម ឬ ជាការដុតកាំជ្រួចអបអរអ្វីមួយ។​ បន្ទាប់មកឃើញមិត្តរួមសាលារបស់ពួកគេស្លាប់ទើបនាំរត់រកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួន។​

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ Nikolas Cruz អាយុ១៩ឆ្នាំ ជាអតីតសិស្សនៅក្នុងសាលានេះ ដែលត្រូវបានបណ្តេញចេញឈប់ឲ្យរៀន ដោយសារមិនគោរពវិន័យ។

របាយការណ៍សមត្ថកិច្ចបង្ហាញថា ដំបូងឡើយយុវជនរូបនេះ បាញ់សម្លាប់មនុស្សពីរនាក់នៅខាងមុខសាលា ហើយចូលក្នុងបរិវេណសាលាបាញ់សម្លាប់មនុស្ស១៥នាក់ទៀត។ ក្នុងចំណោម​អ្នកស្លាប់នោះក៏មាន គ្រូបង្រៀនផ្នែកកីឡាដែរ។​

ក្រៅពីអ្នកស្លាប់១៧នាក់នេះ ក៏មាន​អ្នករងរបួសមួយចំនួនដែលកំពុងនាំយកទៅសង្គ្រោះក្នុងមន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។​

ហេតុការណ៍បាញ់ប្រហារនៅពេលនេះ គេចាត់ទុកជាហេតុការណ៍បាញ់ប្រហារធំបំផុត បន្ទាប់ពីការបាញ់ប្រហារនៅក្នុងសាលាកាលពីឆ្នាំ២០១២ ដែលកាលណោះសម្លាប់មនុស្សអស់​២៦នាក់។​

ក្រោយហេតុការណ៍នេះ ភ្លាម លោក ដូណល ត្រាំ ថ្លែងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារ ហើយប្តេជ្ញាពង្រឹងមិនឲ្យសាលារៀនក្លាយជាកន្លែងភ័យខ្លាចរបស់កុមារ និង ឪពុកម្តាយពួកគេបន្តទៀតនោះទេ។​

ទោះយ៉ាងណានៅអាមេរិកក្នុងដើមឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​៦លើករួចមកហើយ​ ដែលករណីខ្លះមានអ្នកស្លាប់ និង​ខ្លះទៀតរងរបួស។

បើគិតចាប់ពីឆ្នាំ២០១៣មក មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​២៩១ករណី ហើយបើគិតជាមធ្យមក្នុង១សប្តាហ៍មានករណីបាញ់ប្រហារមួយកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ