ស្ត្រីធ្វើការនៅម៉ាឡេស៊ី ម្ចាស់ផ្ទះឲ្យដេកជាមួយឆ្កែនិងទារុណកម្មដល់ស្លាប់

ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ត្រូវម្ចាស់ផ្ទះ ឲ្យដេកខាងក្រៅជាមួយឆ្កែ និង ធ្វើទារុណកម្មរបួសស្ទើរពេញខ្លួន ហើយបានស្លាប់ក្រោយពេលដែលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។​

ស្ត្រីដែលស្លាប់នោះគេស្គាល់ឈ្មោះថា Adelina ធ្វើការជាអ្នកបម្រើតាមផ្ទះនៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី។​ នេះបើតាមសារព័ត៌មាន BBC​។​

Adelina ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ទី១០ខែកុម្ភៈ បន្ទាប់ពីអ្នកជិតខាងរាយការណ៍ទៅកាន់អ្នកនយោបាយម្នាក់ឈ្មោះ Steven Sim។​ ពេលនោះគេសង្គ្រោះហើយនាំនាងទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកមួយថ្ងៃគឺនៅថ្ងៃអាទិត្យនាងបានស្លាប់។​

ស្ត្រីធ្វើការតាមផ្ទះរូបនេះ គេរកឃើញថា មានដំបៅស្ទើរពេញខ្លួន ដោយសារសត្វខាំ ការធ្វើទារុណកម្ម និង សុខភាពខ្សោយខ្លាំងដោយសារបង្អត់អាហារ។​

ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ចុះផ្សាយថា ពេលនេះ ស្ត្រីម្នាក់អាយុ៣៦ឆ្នាំ និង បងប្រុសរបស់នាង កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតពីបទមនុស្សឃាតក្នុងករណីនេះ។​ ចំណែកស្ត្រីម្នាក់ជាម្តាយនៅក្នុងគ្រួសារនេះអាយុ៦០ឆ្នាំ ក៏ត្រូវបានឃុំខ្លួន ដើម្បីសាកសួរចម្លើយដែរ។​

អ្នកនយោបាយលោក ​Steven Sim ថ្លែងថា ការស្លាប់ស្ត្រីធ្វើបម្រើការតាមផ្ទះនេះ ធ្វើឲ្យពលរដ្ឋម៉ាឡេស៊ីមានការខឹងសម្បារម្ចាស់ផ្ទះនោះ​យ៉ាងខ្លាំង។​​

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ឥណ្ឌូនេស៊ី​លោកស្រី Retno Marsudi ថ្លែងថា លោកស្រីត្រូវការយុត្តិធម៌ចំពោះករណីស្លាប់នេះ។ លោកស្រីបានបញ្ជាទៅកុងស៊ុលប្រចាំនៅម៉ាឡេស៊ីឲ្យធ្វើការទាមទារ ការខូចខាតឲ្យពលករឥណ្ឌូនេស៊ី។​

ម៉ាឡេស៊ីគឺជាប្រទេសដែលនាំចូលពលករច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី ហើយការនាំចូលនេះផ្តល់ប្រាក់ខែក្នុងកម្រិតទាប។​

បច្ចុប្បន្នពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ២លាន៥សែននាក់​ កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្នុងនោះពាក់កណ្តាលគឺធ្វើការនៅតាមផ្ទះ។​

អ្នកធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីក្រៅពីឥណ្ឌូនេស៊ី ក៏មានមកពីប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម បង់ក្លាដេស ឡាវ កម្ពុជា ស្រីលង្កា​ និង ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ