តុលាការ​កំពុង​ចាត់​ការ​បណ្ដឹង​លើ​មេដឹកនាំ​«ចលនា​សង្គ្រោះ​ជាតិ»​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តុលាការ​កំពុង​ពិនិត្យ និង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ទៅ​លើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង ៥​រូប ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ជុំ​វិញ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។

កាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញប្ដឹងអតីតមន្ត្រីជាន់ខ្ពស់នៃ​ចលនាសង្គ្រោះជាតិចំនួន ៥ រូប ដែលក្រសួងចោទថា ​​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់។

ការដាក់ពាក្យបណ្ដឹងរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ដើម្បី​គេច​ចេញ​ពី​បណ្ដឹង​តាម​ផ្លូវ​តុលាការ​នៅ​កម្ពុជា​នោះ បាន​សម្រេច​បង្កើត​ «ចលនា​សង្គ្រោះ​ជាតិ» ​នៅ​ឯ​សហរដ្ឋ​អាមេរិកកាលពីចុង​ខែ​មករា​កន្លង​មក​នេះ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ភ្នំពេញ​ លោក លី សុផាណា​ ប្រាប់វីអីឌី​តាម​រយៈ​សារ​អេឡិចត្រូនិក​នៅថ្ងៃនេះ​ថា តុលាការបានទទួលពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃរួចហើយ និង​កំពុងពិនិត្យ​បណ្ដឹង​នោះ និងចាត់ការតាមនីតិវិធី។

​លោក លី សុផាណាថា៖ «អយ្យការអមសាលាដំបូងបានទទួលបណ្តឹងនេះ ហើយកំពុងពិនិត្យនិងចាត់ការតាមនីតិវិធី»។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ មិនបាន​បង្ហាញ​ឈ្មោះ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង ៥​រូប​នោះ ដែល​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្ដឹង​ទៅ​តុលាការ​នោះ​ឡើយ។

ប៉ុន្តែ លោ​ក​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​សម្រេច​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​ ៥​រូប នៃ​ចលនា​សង្គ្រោះ​ជាតិ​​ដែល​ផ្ដួច​ផ្ដើម​ដោយ​លោក សម រង្ស៊ី ទៅ​តុលាការ បន្ទាប់​ពី​ក្រសួង​ប្រមូល​បាន​ភស្តុតាង​ជា​ច្រើន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​កន្លង​មក ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​នៅ​ឯ​ក្រៅ​ប្រទេស។

លោកថា៖ «គង់នឹងតុលាការគេហៅ គង់នឹងដឹងអ្នកណាខ្លះ ហើយអ្នកដែលយើងមិនប្រាប់ ក៏ក្មួយអាចដឹងដែរ។  និយាយរួមមន្ត្រីទាំងនោះសុទ្ធតែមានឈ្មោះនៅក្នុងសាលដីកាតុលាការកំពូល ដែលបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ ដែលគាត់នៅតែ​គឃ្លើនធ្វើ ដោយមិនអនុវត្តទៅតាមសាលដីកាហ្នឹង ហើយការធ្វើហ្នឹង ធ្វើឲ្យប៉ះពាល់ដល់ផល​ប្រយោជន៍ជាតិធំសម្បើមណាស់។ អញ្ចឹងបានយើងប្ដឹងទៅតុលាការសុំឲ្យតុលាការរកវិនិច្ឆ័យពីសកម្មភាពហ្នឹង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី  មើលឃើញថា ការប្ដឹងមន្ត្រីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិនៅក្រៅប្រទេស វាមិនបានចំណេញអ្វីទៅរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញ វានឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិទៅវិញ។ លោកចាត់ទុកការប្ដឹងនេះថា វាជារូបភាពគំរាមកំហែមមន្ត្រីរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសផងដែរ។

លោកថា៖ «កាលណាមានពាក្យបណ្ដឹងដល់​អ្នកក្រៅប្រទេស​ អ្នកនៅក្នុងប្រទេសក៏ត្រូវប្រុងប្រយ័ត្នដែរ រឿងហ្នឹង វាត្រូវតែអញ្ចឹង យើងមកដល់សព្វថ្ងៃនេះ វាការអនុវត្តច្បាប់វាហាក់មិនមានតម្លាភាពគ្រប់គ្រាន់ មិនមាន​យុត្តិធម៌គ្រប់គ្រាន់ទេ ហើយយើងក៏នៅតែ មើលឃើញស្តង់ដារដែរ នៅក្នុងការអនុវត្តច្បាប់ហ្នឹង»។

«ចលនា​សង្គ្រោះ​ជាតិ» ត្រូវ​បាន​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ខណៈ​ដែល​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ