បទយកការណ៍៖ ពលរដ្ឋដាក់ប័ណ្ណសំគាល់ខ្លួនដើម្បីយកប្រាក់កម្ចី ខណៈធនាគារជាតិថាខុសច្បាប់

ធនាគារជាតិកម្ពុជា

ស្ថាប័នប្រាក់កម្ចីដែលពលរដ្ឋហៅថាអង្គការឬប្រតិបត្តិប្រាក់កម្ចី​មានការកើនឡើងច្រើន​នៅតាម​ជនបទ ហើយស្ថាប័នទាំងនោះផ្ដល់ប្រាក់កម្ចីគ្រប់ប្រភេទគ្រប់រូបភាពទៅតាមតម្រូវ​ការ​របស់ប្រជាពលរដ្ឋ​។ ស្ថាប័នប្រាក់កម្ចីខ្លះទាមទារនូវឯកសារច្រើន ដូចជា​ប្លង់ដីនិងផ្ទះ ឯស្ថាប័នមួយ​ចំនួន​ទៀតផ្ដល់ប្រាក់​កម្ចីទ្រង់ទ្រាយតូចដល់ពលរដ្ឋតាមរយៈការ​តម្កល់សៀវភៅ​គ្រួសារនិង អត្តសញ្ញា​ណប័ណ្ណជាដើម ចំណែកឯការបង់មកវិញត្រូវគិតទាំងការនិងដើម​ក្នុងអត្រាការប្រាក់ខ្ពស់។

អង្គុយលើអង្រឹងខាងមុខផ្ទះទៀមផ្ទាល់ដីធ្វើពីឈើតូចមួយស្ត្រីវ័យចំណាស់បន្តិចអ្នកស្រី នឹម ស្រេង រស់នៅឃុំសិត្បូរ ស្រុក ស្អាង ខេត្តកណ្ដាលបានលើក​ឡើងថាអ្នកស្រីធ្លាប់​យកអត្តសញ្ញាណ​ប័ណ្ណនិងសៀវភៅគ្រួសារ​ដើម្បីដាក់យកប្រាក់កម្ចីពីស្ថាប័នប្រាក់កម្ចី(អង្គការ) ហើយ​បង់ប្រាក់ទៅវិញ​ជារៀងរាល់​សប្ដាហ៍។ អ្នកស្រីលើកឡើង​បន្ថែមថាការយកប្រាក់បែបនេះត្រូវបង់ក្នុងអត្រា​ការប្រាក់ខ្ពស់តែមិនតម្រូវឲ្យមាន​ការធានាពីភាគីណានោះទេ។

អង្គុយនៅលើអង្រឹងហើយជើងយោលទៅវិញទៅមកតិចៗអ្នកស្រី នឹម ស្រេង មានកំពស់ទាប​សំបុរ​ខ្មៅបានបន្ថែមថា៖ “ពេលយកវាស្រួលតែដល់ពេលរកបង់ឲ្យគេវិញវាពិបាកយើងរកវាមិនទាន់បើស្រួលគេឲ្យចេះតែស្រួលទៅមុនៗគេឲ្យស្រួលដែរហ្នឹងតែដល់ឥឡូវពិបាកគ្រប់គ្នារកអ្វីក៏មិនបានរកលុយកាក់ក៏មិនចូលដល់បង់យឺតចឹងគេឈប់ឲ្យដំបូងៗគេចេះតែឲ្យទៅ ដល់ឥឡូវពិបាក”។

អ្នកស្រី នឹម ស្រេង បន្ថែមថា​អ្នកភូមិអ្នកស្រីភាគច្រើនសុទ្ធតែទទួលបានកម្ចីដោយការដាក់អត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារជាវត្ថុតាង។ អ្នកស្រីបន្ថែមថាប៉ុន្តែអ្នកខ្លះយកលុយ​កម្ចីទាំងនោះទៅ​រកស៊ី​ខាត់​ក៏អត់លុយសង់គេ ចំណែកអ្នក​ខ្លះទៀតយកលុយគេមកលេងល្បែង ទើបគេលែងឲ្យខ្ចីបន្ថែម​ទៀត។

ប្រជាពលរដ្ឋម្នាក់រស់នៅឃុំស្វាយរលំ ស្រុកស្អាង​​ ហើយកំពុងអង្គុយលក់អីវ៉ាន់ខាងមុខ​ខ្ទមតូច​មួយ​អ្នកស្រី ស៊ុន ណារី បានលើកឡើងថាការដាក់អត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ​មិនអាចទទួល​បាន​ប្រាក់​កម្ជីច្រើនដូចជាការដាក់ប្លង់ផ្ទះនឹងដីនោះទេ។ តែអ្នកស្រីបន្ថែមថាការដាក់បែបនោះមានភាព​ងាយ​ស្រួលមិនស្មុគស្មាញក្នុងការបញ្ជាក់ពីភូមិ ឃុំ​។

អ្នកស្រីបន្ថែមថា៖ “បើសិនជាគេរកមុខរបរធំដុំវិលជុំ អញ្ចឹងក៏ល្អម្យ៉ាងដែរយកលុយមិនពិបាករកប្លង់ទៅសញ្ញេរពីភូមិ ឃុំ ដល់ពេលខ្លះគេខ្ជិលសញ្ញេរច្រើនអញ្ចឹងគេខ្ជិលចង់យក។ បើដាក់អត្តសញ្ញាណប័ណ្ណដាក់សៀវភៅគ្រួសារអញ្ចឹងស្រួលចេះតែយកទៅ”។

ស្រ្តីចំណាស់ម្នាក់ទៀតដែលកំពុងអង្គុយនៅលើគ្រែតូចមួយនៅខាងមុខផ្ទះដើម្បីបះបន្លែសម្រាប់ចំអិនម្ហូបសម្បុរខ្មៅរាងស្គម អ្នកស្រី ហេន ចាន់ថន បានលើកឡើងថាអ្នកស្រីចង់បានប្រាក់កម្ចីមួយ​ចំនួន​សម្រាប់​ដោះទាល់ជីវភាពដែរ តែដោយសារអ្នកស្រីមិនមានទាំងអត្តសញ្ញាណប័ណ្ណនិងសៀវភៅ​គ្រួសារ​ព្រោះភ្លើងឆេះអស់ទើបអ្នកស្រីមិនអាចទទួលបានប្រាក់កម្ចីទេ។

ចំណែកឯស្ត្រីវ័យកណ្ដាលម្នាក់ទៀតអង្គុយយោលអង្រឹងចៅនៅខាងក្រោម​សំយាបផ្ទះទៀមឈើ​មួយអ្នកស្រី ផៃ ភី បានឲ្យដឹងថាសព្វ​ថ្ងៃអ្នកស្រីបានយកប្រាក់កម្ចីចំនួន២ស្ថាប័ន​។ ​អ្នកស្រីបន្ថែមថា​អ្នក​ស្រីពិតជាមានការព្រួយបារម្ភ​ចំ​ពោះជីវភាព ដោយ​សារអត្រាការប្រាក់ខ្ពស់។

អ្នកស្រីបន្ថែមថា៖ “ពិបាកដែរហ្នឹងបើថាយើងបង់អស់ទៅអស់កំរ៉ៃយើងក្រៅ បើកូនរកបានច្រើនទៅគ្រាន់ទប់ដល់កូនរកបានតិចទៅគ្រាន់តែបង់ដល់ពេលយើងត្រូវការប្រាក់ចាយក្រៅអីខ្វះខាត់ដែរហ្នឹងអញ្ចឹងត្រូវរកគេក្រៅទៀត”។

អាជីវករម្នាក់នៅក្នុង​ផ្សារស្វាយរលំលោក គ្រី គ្រឿន បានឲ្យដឹងថាមានប្រជាពលរដ្ឋមួយ​ចំនួន​បាន​យកអត្តសញ្ញាណប័ណ្ណ​របស់​ខ្លួនដាក់ដំកល់ក្នុងការខ្ចីប្រាក់យកទៅប្រើប្រាស់មែន។ លោកបន្ថែមថា​ការដាក់​អត្តសញ្ញាណ​ប័ណ្ណ​បែបនេះនៅកន្លែងរបស់លោកអាចផ្ដល់ប្រាក់កម្ចីត្រឹមតែ១០ទៅ២០ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុងមួយ​ខែ។

លោកបន្ថែមថា៖ “ដូចថាដាក់រយៈពេលមួយខែឲ្យគេអញ្ចឹងទៅអត្តសញ្ញាណប័ណ្ណយើងសរសេរវិក័យប័ត្រឲ្យគេពីថ្ងៃដាក់រហូតដល់៣០ថ្ងៃក្រោយអញ្ចឹងយើងយកការគេ១០ភាគរយ(១ម៉ឺនការ១ពាន់រៀល)អ្នកខ្លះដាក់អត់ដល់ខែទេអ្នកខ្លះទៀតដាក់ហើយអត់មកលួសយកវិញទេនៅសល់២នាក់ទៀត”។

កាលពីថ្ងៃទី១១ខែ​មីនា ធនាគាជាតិបានចេញសេចក្ដីជូនដំណឹងព្រមានស្ថាប័នដែលផ្ដល់ប្រាក់​កម្ជីទាំងអស់បញ្ឈប់ការ​ទទួល​យក​ឯកសារ​សម្គាល់​លក្ខណៈ​ពីពលរដ្ឋដូចជាអត្តសញ្ញាណប័ណ្ណ សៀវ​ភៅគ្រួសារ និងសៀវ​ភៅស្នាក់នៅសម្រាប់​ទុក​ជា​វត្ថុ​ធានា​លើ​ការ​ផ្តល់​កម្ចីឥណទាន​នោះទេដោយ​អះអាង​ថាខុសពី​នីតិវិធី​ច្បាប់​​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថាលិខិតយថាភូត​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​នោះគឺ​សម្រាប់​បញ្ជាក់​ពី​អត្តស​ញ្ញាណ​បុគ្គលនិង​សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះមិនមែន​សម្រាប់​ដាក់បញ្ចាំឬ​ជា​ទ្រព្យ​ធានា​ក្នុង​ប្រតិបត្តិការ​ផ្តល់​ឥណទា​ន​​​ឡើយដោយ​ថា​លិខិត​នោះ​មិន​មាន​តម្លៃសេដ្ឋកិច្ច​សម្រាប់​សកម្ម​ភាព​ពាណិជ្ជកម្ម​នោះ​ទេ​។​

សេចក្តីជូនដំណឹង​ដដែល​ក៏​បាន​ព្រមាន​ថាបើ​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ឥណទាន​ជនបទ​ទាំងអស់​មិន​គោរព​តាម​ច្បាប់​ទេនោះ​ ធនាគារជាតិនៃកម្ពុជានឹង​ចាត់វិធានការ​ច្បាប់ដោយ​ធ្វើ​ការផាកពិន័យ​តាម​ច្បាប់​ស្តីពីគ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។

ប្រធានគ្រប់គ្រងសាខាខេត្តកណ្ដាលនៃគ្រឺះស្ថានប្រតិបត្តិប្រាក់កម្ចីក្រេដលោក ស៊ត់ សុវណ្ណបុរី បានឲ្យដឹងថាកន្លងមកស្ថាប័នរបស់លោកបានយកទាំងអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារច្បាប់ដើម​ក្នុងការ​ផ្ដល់ប្រាក់កម្ចីចំនួនតិចជាង៥០០ដុល្លារ។ ឯប្រាក់កម្ចីលើសពីនោះគឺតម្រូវឲ្យអតិថិនទាំងនោះ​ដាក់ប្លង់ផ្ទះឬដីក្នុងការធានាផងដែរ។ លោកបន្ថែមថាចាប់តាំងពីការចុះលិខិតព្រមានពីធនាគាជាតិ​មក​ស្ថាប័នរបស់លោកក៏បានបញ្ឈប់ការទទួលយកឯកសារទាំងនោះ។

លោកលើកឡើងថា៖ “ឥឡូវចាប់ផ្ដើមតាំងពីខែ៣មកឯកសារផ្សេងៗយើងឈប់ទទួលតាំងពីចេញលិខិតពីធនាគារជាតិហ្នឹងមកយើងឈប់ទទួលហើយ”។

អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាតាមការស្រាវជ្រាវឲ្យដឹងថា​ប្រជាពលរដ្ឋនៅតាមជនបទជាង៨០ភាគរយមានការជាប់ពាក់ព័ន្ធនឹងប្រាក់កម្ចីទាំងទ្រង់ទ្រាយធំនិងតូច។ លោកបន្ថែមថាកន្លងមកក៏ឃើញមានស្ថាប័នមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅ​គ្រួសារច្បាប់​ដើមក្នុងការផ្ដល់ប្រាក់កម្ចីដែលធ្វើឲ្យប៉ះពាល់ដល់តម្រូវការរដ្ឋបាលប្រចាំថ្ងៃរបស់ប្រជា​ពលរដ្ឋ។

លោកបន្ថែមថា៖ “ពលរដ្ឋដែលគាត់យកឯកសារទាំងអស់នោះទៅដាក់គាត់ពិបាកក្នុងការយកឯកសារទាំងនោះទៅប្រើប្រាស់និងដោះស្រាយក្នុងបញ្ហាផ្សេងៗទៀត។ ខ្ញុំទទួលស្គាល់ថាស្ថាប័នមេក្រូហិរញ្ញវត្ថុគេចង់យកឯកសារទាំងនោះមកធ្វើជាវត្ថុតាង ប៉ុន្តែបើសិនជាយើងមានថតចំលងហើយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិឃុំ នោះវាអាចជំនួសសំណៅដើមរបស់ឯកសារទាំងនោះបានដោយ​មិនចាំបាច់យកឯកសារទាំងនោះទៅទុកក្នុងការិយាល័យមេក្រូហិរញ្ញវត្ថុ”។

ទោះបីជាយ៉ាងណាលោកក៏ជំរុញឲ្យប្រជាពលរដ្ឋទាំងនោះធ្វើការគិតគូឡើងវិញមុននឹងយកឯកសារ​អត្តសញ្ញាណរបស់ខ្លួនទៅដាក់ដើម្បីទទួលបានប្រាក់កម្ចីផ្សេងៗជំរុញឲ្យស្ថាប័នរដ្ឋ​ចូលរួម​ទទួលខុសត្រូវក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមានការយល់ដឹងក្នុង​ការយកប្រាក់កម្ចីទាំងនោះ ទៅ​បង្កបង្កើន​ផលដើម្បីបានប្រាក់មកសងគេវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ