រូបភាព​ថ្មី​​បង្ហាញ​ថា ចិន​ចាប់​ផ្ដើម​សង់​សំណង់​ថ្មី​លើ​ដែន​ទឹក​មាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ការងារសំណង់​ថ្មី​នៅ​ដែន​ទឹក​មាន​ជម្លោះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​​ជា​សញ្ញា​បង្ហាញ​ថា ក្រុង​ប៉េកាំង​​កំពុង​តែ​បន្ត​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន នៅ​លើ​តំបន់​នោះ ដែល​ជា​ច្រក​ពាណិជ្ជកម្ម​ដ៏​សំខាន់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្អែក​លើរូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប។

ក្រុម​មន្ត្រី​យោធា​ប្រចាំ​តំបន់ និង​អ្នក​ជំនាញ​ជឿ​ថា កិច្ចការ​សំណង់​ថ្មី​នោះ បង្ហាញ​​ពី​ការ​សម្រេចចិត្ត​របស់​ចិន ក្នុង​ការ​កសាង​បណ្ដាញ​នៅ​លើ​បណ្ដា​កោះ​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បើ​ទោះបី​ជា​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​បញ្ចៀស​ការ​ប្រឈម​មុខ​បន្ថែម​ទៀត​នឹង​រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏​ដោយ។

រូបភាព​នៃ​កោះ​ខាង​ជើង​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​គេ​ថត​បាន​នៅ​ថ្ងៃ​ទី​០៦ ខែមីនា បង្ហាញ​នូវ​ការសាង​សង់​ថ្មីៗ ក្នុង​នោះ​មាន​ការ​ចាត់​ចែង​ដី និង​ការ​រៀបចំ​កំពង់ផែ ដែល​អាច​ជួយ​ដល់​កិច្ចការនានា ដែល​អ្នក​ជំនាញ​ជឿ​ថា អាច​ជា​មូលដ្ឋាន​យោធា។ ការងារ​សាង​សង់​ដំបូង ត្រូវ​បាន​ព្យុះ​ទីហ្វុង​បោក​បក់​បំផ្លាញ​កាល​ពី​ឆ្នាំ​មុន។

រូបភាព​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ផ្កាយ​រណប​ឯកជន​នោះ បាន​កើត​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​កាល​ពី​ខែ​មករា ដែល​បង្ហាញ​ពី​ការងារ​សាង​សង់​កំពុង​ដំណើរការ​នៅ​លើ​កោះ​បី​នៅ​ក្បែរ​នោះ និង​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​វៀតណាម និង​កោះ​តៃវ៉ាន់ ក៏​បាន​អះអាង​ជា​ម្ចាស់​ផង​ដែរ

ក្រុម​អ្នក​កាទូត​លោក​ខាង​លិច​និយាយ​ថា ក្រុង​ប៉េកាំង​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​គ្រប់​គ្រង​លើ​ដែន​ទឹក​របស់​ខ្លួន បើទោះបី​ជា​ចិន​ព្យាយាម​គេច​ចេញ​ពីសកម្មភាព​ដែល​គេ​ចោទ​ថា​បង្ក​ហេតុ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ