បទយកការណ៍៖ គ្រឿងស្រវឹងនៅតែជាមូលហេតុធំបង្កគ្រោះថ្នាក់ចរាចរណ៍

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:10 AM | បទយកការណ៍ | 0 | 2350 គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

នៅពេលទំនេរ ពេលជួបជុំគ្នាក្នុងកម្មវិធីនានា និងនៅរដូវបុណ្យទានផ្សេងៗ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនតែងតែនាំគ្នាផឹកគ្រឿងស្រវឹងដែលពួកគេយល់ថា ដើម្បីបង្កើតបរិយាកាសឲ្យសប្បាយៗ បើទោះបីជាពួកគេមួយចំនួនបានដឹងថាការសេពគ្រឿងស្រវឹងនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាចមានគ្រោះថ្នាក់ផ្សេងៗក៏ដោយ។

កំពុងអង្គុយផឹកស្រាបៀរជុំគ្នាជាមួយមិត្តភ័ក្រក្នុងកន្លែងកំសាន្តកោះពេជ្រយុវជន​ ជាន ណារ៉ា ប្រាប់វីអូឌីពេលចុះធ្វើបទសម្ភាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរនេះ រូបលោកមានគម្រោងជួបជុំគ្នាផឹកស៊ីជាមួយបងប្អូនដើម្បីបង្កើតបរិយាកាសសប្បាយៗសម្រាប់ការជួបជុំគ្នាថ្ងៃបុណ្យចូលឆ្នាំ។

លោកបន្ថែមថា«អាហ្នឹងវាជាទូរទៅហើយ ពេលជួបជុំបងប្អូន ពូ​ អ៊ុំ​ ពេលជួបជុំគ្នាអញ្ចឹងផឹកស៊ីទៅគ្រួសារយើងក៏សប្បាយម្យ៉ាងដែរ បើយើងទៅគ្រាន់តែលេងអត់មានហូបអីអញ្ចឹងក៏វាមិនសប្បាយដែរ»

យុវជនមានដើមកំណើតនៅស្រុកស្អាងខេត្តកណ្តាលរូបនេះបន្តថា ការជ្រើសរើសយកការសេពគ្រឿងស្រវឹងសម្រាប់ការជួបជុំគ្នា នេះដោយសារលោកយល់ថា ការជួបជុំគ្នាលក្ខណៈបែបនោះទើបបង្កបរិយាកាសសប្បាយនិងថា វាពេញនិយមទៅហើយសម្រាប់ពលរដ្ឋខែ្មរនាពេល​បច្ចុប្បន្ន ដែលអ្នកណាៗក៏ធ្វើបែបនេះ។

លោកបន្ថែមថា«ត្រូវហើយពេលយើងស្រវឹងយើងកំបើកបរនាំគ្រោះថ្នាក់ បើដឹងខ្លួនឯងស្រវឹងខ្លាំងដេកនៅផ្ទះ ឬទៅលេងជិតៗ ផ្ទះវាល្អជាង ឬបើមានកន្លែងលេងជិតផ្ទះយើងដែរកុំឲ្យមានគ្រោះថ្នាក់»

កំពុងអង្គុយផឹកស្រាបៀរជុំគ្នាក្បែរនោះដែរ យុវជនម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពង់ធំ លោក ជ័យ សុដា ឲ្យដឹងថា រូបគេក៏មានគម្រោងរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងពេលចូលឆ្នាំខាងមុខនេះដោយមានគ្រឿងស្រវឹង។​

លោកបន្ថែមថា«ការនៅពេលមានបុណ្យធំៗ ឬកម្មវិធីអីនៅស្រុកកំណើត អញ្ចឹងវាតែងតែមានការញាំបៀរហ្នឹងហើយ តែយើងត្រូវ មានការទទួលត្រូវលើខ្លួនឯង អញ្ចឹងការហូបចុករបស់យើងៗត្រូវគិតពីបញ្ហាគ្រោះថ្នាក់ផ្សេងៗ»

ដោយមើលឃើញថា ការប្រើប្រាស់គ្រឿងស្រវឹងមានការកើនឡើង និងបង្ករឲ្យមានបញ្ហាច្រើន ជាពិសេសនៅរដូវបុណ្យទាន    ផ្សេងៗ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានធ្វើយុទ្ធនាការមួយតាមបណ្តាញសង្គម តាមរយៈការផ្ញើសាររទៅ ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនកុំឲ្យសេពគ្រឿងស្រវឹង និងប្រឆាំងប្រើប្រាស់គ្រឿងស្រវឹង។ នេះបើតាមលោក ហេង គឹមហុង មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។

លោកនិយថា«យើងឃើញថា ជាទូរទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្លាំង គឺនៅអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរក៏ដូចពិធីបុណ្យចូលភ្ជុំបិណ្ឌ ហើយឃើញថា កម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹងក៏ច្រើនដែរ ទន្ទឹមនឹងនោះដែរ បញ្ហាផ្សេងៗក៏កើតមានច្រើនដែរ ដូចជាវាយដំគ្នាតាមវត្តអារាម អំពើហិង្សារមួយចំនួន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង យើងមើលឃើញច្រើនមែនទែន ជាពិសេសក្មេងទំនើងគាត់យកឱកាសហ្នឹងទៅបង្ករអសន្តិសុខនានា ការលួចជាដើម ដោយសារគាត់ត្រូវការប្រើប្រាស់គ្រឿងស្រវឹង»។

មន្រ្តីរូបនេះឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងស្រវឹងនេះ គឺក្រុមយុវជនគំរូបានផ្ញើតាមរយៈវីដេអូឃ្លិបលើបណ្តាញសង្គមហ្វេសប៊ុកដោយកុំឲ្យមានប្រើប្រាស់គ្រឿងស្រវឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

យុវជន សារឿន ចាន់នី និយាយថា«សូមជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងស្រវឹង សូមបន្តការដើរកំសាន្តសប្បាយជាមួយនឹងការផឹកភេសជ្ជៈផ្សេងៗវិញ និងម្ហូបអាហារ ដើម្បីឲ្យមានកម្លាំងល្អ សុខភាពមាំមួន។ អ្វីដែលសំខាន់នោះ ខ្ញុំសូមសំណូមពរទៅ មន្ទីរ និងក្រសួងពាក់ព័ន្ធ ពន្លឿននៅការអនុម័តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង»

លោក ហេង គឹមហុង ឲ្យដឹងថា ក្នុងឆ្នាំ២០១៦មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១៧០០នាក់ ក្នុងនោះ២៥០នាក់បើកបរមានសារធាតុស្រវឹង។ លោកអំពាវនាវឲ្យសាធារណជន ស្វែងរកការសប្បាយតាមរូបភាពផ្សេងក្រៅពីគ្រឿងស្រវឹង។​

លោកបន្ថែមថា«ដូច្នេះយុវជនគួរតែកុំប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក បើអាចពួកគាត់មិនគួរប្រើប្រាស់នោះទេ ដោយយកពេលវេលារបស់ខ្លួននេះ ទៅលែងល្បែងល្បាំប្រជាប្រិយក្នុងឱកាសជួបជុំគ្រួសារឬមិត្តភ័ក្ររបស់ខ្លួនវិញ។ក្នុងនាមជាយុវជនស្រលាញ់ គ្រួសាររបស់ខ្លួនដោយមិនបាច់ប្រើប្រាស់គ្រឿសស្រវឹងនោះទេ ដូចមានពាក់ស្លោកមួយគេនិយាយថា ទុកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារអស្ចារ្យជាងទិញស្រាផឹក»

របាយការណ៍អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៧បង្ហាញថា ចូលឆ្នាំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន៩៥ករណីទូរទាំងប្រទេស និងបណ្តាលឲ្យមនុស្សស្លាប់៤៣នាក់ ខណៈរងរបួសធ្ងន់ស្រាល១០២នាក់ក្នុងនោះកើតឡើងដោយសារបើកបរមានសារធាតុស្រវឹងច្រើនជាងគេ។

មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ហេង គឹមហុង មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង គឺមានយន្តការពីរសំខាន់ៗ ទី១ការចូលទប់ស្កាត់របស់សហគមន៍ ដោយកំណត់មិនឲ្យប្រើប្រាស់គ្រឿងស្រវឹងតែម្តង និងទី២គឺការអនុម័តច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឆាប់។

លោកបន្ថែមថា«ដែលសេចក្តីព្រាងច្បាប់នេះផ្តោតសំខាន់ចំនួន ទី១ការកំណត់អាយុនាក់ប្រើប្រាស់ ទី២ការកំណត់ទីកន្លែងដែលប្រើប្រាស់ និងទីកន្លែងលក់ដូរ ទី៣ការដំឡើងពន្ធ និងទី៤ការដាក់កំហិតទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ចំណុចទាំង៤នេះសំខាន់ណាស់មិនមែនមានតែក្នុងសេចក្តីព្រាងច្បាប់របស់យើងទេ ហើយវាស្របទៅតាមយុទ្ធសាស្រ្តរបស់អង្គ ការ WHO អង្គការសុខភាពពិភពលោកហ្នឹងដែលគាត់ចាត់ទុកថា ជាយន្តការមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយ។ អញ្ចឹងយើងក៏ទទូចដែរ សុំឲ្យប្រទេសកម្ពុជាយើង ពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឲ្យមាន ឆាប់រហ័ស»

អ្នកស្រាវជ្រាវ និងប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា តាមការសិក្សារស្រាវជ្រាវរបស់លោកគឺ ប្រទេសអភិវឌ្ឍន៍ជឿនលឿនមួយចំនួនទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងមានប្រសិទ្ធិភាព ដោយសារប្រទេសទាំងនោះមានច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហើយពលរដ្ឋរបស់គេគោរពច្បាប់ និងប្រទេសទាំងនោះមិនមានការផ្សព្វផ្សាយផលិត ផលគ្រឿងស្រវឹងគគ្រឹកគគ្រៀងដូចប្រទេសកម្ពុជានោះទេ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required