គ.ជ.ប ស្នើឲ្យសម្របសម្រួលជាមួយអាជ្ញាធរដែនដី មុនលើកស្លាកគណបក្ស

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:02 AM | បោះឆ្នោត | 0 | 3152

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានណែនាំឲ្យបណ្ដាគណបក្សនយោបាយសម្របសម្រួលជាមួយអាជ្ញាធរដែនដី និងការឯកភាពពីម្ចាស់ទីតាំង មុនលើកស្លាកគណបក្សអំឡុងពេលឃោសនាបោះឆ្នោត។

ក្នុងសេចក្ដីណែនាំចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប បានស្នើដល់គណបក្សនយោបាយទាំងអស់សម្របសម្រួលជាមួយអាជ្ញាធរដែនដី ដោយឈរលើគោលការណ៍ស្មើភាពលំដាប់មុខក្រោយ មុនពេលលើកស្លាកគណបក្សនៅតាមទីសាធារណៈអំឡុងពេលឃោសនាបោះឆ្នោតខាងមុខ។ គ.ជ.ប ណែនាំថា បើគណបក្សណាចង់លើកស្លាកនៅតាមផ្ទះ ឬលំនៅឋានឯកជនរបស់ពលរដ្ឋ គឺត្រូវមានការឯកភាពពីម្ចាស់កន្លែងនោះផងដែរ។

បើតាម គ.ជ.ប ការលើកស្លាកសញ្ញាគណបក្ស ដែលស្ថិតនៅចម្ងាយ១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត គឺត្រូវរើចេញយ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោត និងត្រូវប្រមូលយកវិញនូវស្លាកគណបក្ស និងសម្ភារៈឃោសនាទាំងអស់ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។

បើតាមសេចក្ដីណែនាំនេះ ការលើកស្លាកគណបក្សមាន៣ប្រភេទ គឺលើកស្លាកនៅទីស្នាក់ការអចិន្ដ្រៃយ៍របស់គណបក្ស ការលើកស្លាកនៅទីកន្លែងឯកជន និងនៅតាមទីតាំងសាធារណៈ។

អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច លោក ទុំ សំបុល ឲ្យ VOD ដឹងថ្ងៃនៅចន្ទនេះថា ការស្នើលើកស្លាកគណបក្សនេះ គឺគណបក្សគ្រាន់តែជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធជាមុនទៅបានហើយ។ លោកថា ចំពោះគណបក្សរបស់លោក គឺមិនមានបញ្ហាអ្វីធំដុំនោះទេ ដោយថា អាជ្ញាធរពុំដែលរារាំង ឬបដិសេធការស្នើសុំលើកស្លាកគណបក្សឡើយ។

លោកថា៖ «អត់ដែល ដូចមិនដែលមានអីដែរ មានដែរ ប្រសិនជាលើកទៅប៉ះផ្ទះគេ ដូចមិនដែលមានទេ កាលពីមុនមានលើកចំមុខផ្ទះគេ គេប្រាប់ថាកុំឲ្យយើងលើកនៅមុខផ្ទះគេអីអញ្ចឹងទៅណា។ រឿងអាជ្ញាធរដែនដូចជាមិនដែលមានប៉ះ មិនដែលមានអាជ្ញាធរដែនដីណាថា មិនឲ្យលើកកន្លែងណា ព្រោះយើងលើក ក៏យើងរើសទីតាំងណា ដែលគណបក្សផ្សេងធ្វើបាន យើងក៏ធ្វើបានដែរ។ រឿងអាជ្ញាធរគេមិនអនុញ្ញាតនោះ ដូចមិនដែលមានទេហ្នឹងហើយ»។

តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ អះអាងថា រាល់ការស្នើសុំលើកស្លាកគណបក្សសង្គ្រោះជាតិ គឺអាជ្ញាធរពុំដែលអនុញ្ញាតទេ ដោយថាមានការរើសអើង ក្រោមហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង/ខេត្តជាដើម។ លោកថា ចំពោះការស្នើសុំរបស់គណបក្សប្រជាជនវិញ គឺអាជ្ញាធរមិនដែលជំទាស់ទេ។

លោកថា៖ «ទៅសុំគេលើកទៅតាមទីសាធារណៈ គឺអត់ដែលបានអញ្ចឹងម៉ង គេមិនឲ្យ ឲ្យតែសុំ គេមិនឲ្យ។ លើករាល់ថ្ងៃ ដែលលើកបានហ្នឹង មិនមែនដោយសារអាជ្ញាធរឲ្យទេ គឺដោយសារជាផ្ទះសកម្មជនយើងនៅទីណាមួយ បើរំពឹង​ទៅលើអាជ្ញាធរសង្កាត់គឺរើសអើងមែនទែនជាមួយនឹងគណបក្សដែលមិនមែនជាគណបក្សកាន់អំណាចគឺមានការរើសអើង»។

លោក ហូរ វ៉ាន់ រិះគន់ចំណាត់ការរបស់ គ.ជ.ប ថា គ្មានប្រសិទ្ធភាព ដោយលោកទទូចថា គ.ជ.ប គួរដើរតួជាអ្នកសម្របសម្រួល និងជួយអន្ដរាគមន៍ចំពោះបញ្ហានេះ ដោយលោកថា រាល់ការស្នើសុំរបស់គណបក្សប្រឆាំង គឺអាជ្ញាធរពុំដែលយល់ព្រមទេ។

ក្នុងសេចក្ដីណែនាំរបស់ខ្លួន គ.ជ.ប ស្នើឲ្យគណបក្សនយោបាយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយថា ដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងកំឡុងពេលឃោសនាបោះឆ្នោត។

បើតាមប្រតិទិន គ.ជ.ប យុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិ​ទី​៤ នឹងធ្វើឡើងចំថ្ងៃទី៤ ខែមិថុនា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required