លោក សម រង្ស៊ី ប្រ​​កាស​ថ្កោ​ល​ទោ​សអ្នកណាធ្វើ​ឲ្យ​​នាយករដ្ឋមន្ត្រីឈឺចាប់ ​​​​

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រើវោហារសព្ទវាយបកដៃគូប្រកួតពីចំណាត់ការមកលើលោក កឹម សុខា លាយឡំនឹងការប្រកាសថ្កោលទោសអ្នកណាធ្វើឲ្យនាយករដ្ឋមន្ត្រីឈឺចាប់។

កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមថានឹងមិនអត់ឱនដល់មន្ត្រីបក្សប្រឆាំងដែលលោកថាបានចោទភរិយាលោកថាធ្លាប់ធ្វើជាប្រពន្ធមេដឹកនាំវៀតណាមនិងចោទថាកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ដឹកថូ។

ប៉ុន្តែលោក សម រង្ស៊ី បានថ្កោលទោសអ្នកបង្កើតបញ្ហានេះនិងបានបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ខែមិថុនាថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយណាដែលបានប្រើពាក្យពេចន៍មិនសមរម្យ មិនថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់ មកលើកូនប្រុសនិងភរិយានាយករដ្ឋមន្រ្តីធ្វើឲ្យរងការឈឺចាប់។

លិខិតនោះបញ្ជាក់ទៀតថាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃនិងបានប្រកាសថ្កោលទោសទៅទង្វើនេះដែលលោក សម រង្ស៊ី គិតថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារលោក ហ៊ុន សែន។

លើសពីនេះក្នុងកម្មវិធីតុមូលនៅវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារ លោក សម រង្ស៊ី បានថ្លែងការពារបែបនេះថា៖ «គណបក្សសង្គ្រោះជាតិយើងប្រកាន់សីលធម៌ យើងមិនដែលប្រើពាក្យឬមួយធ្វើការចោទប្រកាន់របៀបថោកទាប របៀបអសីលធម៌ទៅលើបុគ្គលទេ។ យើងមិនឲ្យសារសំខាន់ទៅលើបុគ្គលទេ ខ្ញុំនិយាយអំបាញ់មិញ បញ្ហាសំខាន់បញ្ហាប្រទេសជាតិអាយុជីវិតប្រទេសជាតិ អញ្ចឹងបានយើងមានការសោកស្តាយ  ទោះនរណាចោទនរណា ជារឿងបុគ្គល រឿងផ្ទាល់ខ្លួន រឿងអត់បានការ ហើយបើរឿងហ្នឹងបើវាខុសទាំងស្រុង អយុត្តិធម៌ អសីលធម៌ យើងថ្កោលទោស»។

លោក សម រង្ស៊ី ក៏បានព្យាយាមបកស្រាយបែបឌឺដងទៅលើចំណាត់ប្រឆាំងលោក កឹម សុខា ដែរថាជារឿងអត់ប្រយោជន៍សម្រាប់ជាតិ។

លោកថា៖ «ជំហររបស់យើងគឺមិនយកបញ្ហាបុគ្គលជាធំទេ ការចោទប្រកាន់មកលើលោក កឹម សុខា គឺជាការចោទប្រកាន់មកលើរឿងកំប៉ិកកំប៉ុក រឿងផ្ទាល់ខ្លួន ទោះបីជារឿងនោះមែនមិនមែន ប៉ុន្តែវាអត់បានការ។ ដូច្នេះបើការចោទប្រកាន់នេះមានទៅលើនរណាផ្សេងទៀត ក៏យើងមានការសោកស្តាយមានការថ្កោលទោសដូចគ្នាអញ្ចឹងដែរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សលោកគ្មានជំនឿលើការអះអាងរបស់លោក សម រង្ស៊ី នេះទេ លោកថាដរាបណាមេបក្សរូបនោះមិនវែកមុខរកអ្នកពាក់ព័ន្ធឲ្យមកទទួលទោស។ លោកថាគណបក្សកំពុងគ្រប់គ្រងអំណាចមួយនេះក៏មិនទាន់បានគិតពីថ្ងៃវិលទៅរកតុចរចាដើម្បីស្វែងរកដំណោះស្រាយដែរ។

លោកបន្តថា៖ «រឿងចរចាជួបអីហ្នឹងអត់មានទេ ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជា លោកបានបញ្ជាក់ជំហរច្បាស់ហើយ មិនអាចយកគណបក្សប្រជាជនទៅធ្វើជាឈ្នាន់ ដើម្បីយកគេហៅថាប្រជាប្រិយភាព បោកប្រាស់ប្រជាពលរដ្ឋ ព្រោះដោយសារអារឿងហ្នឹងហើយនិយាយបាតដៃខ្នងដៃហ្នឹងហើយបានជា[យើង]មិនអាចជឿទុកចិត្តបាន»

ទោះជាយ៉ាងណានៅក្នុងកម្មវិធីនោះមេបក្សប្រឆាំងលោក សម រង្ស៊ី បានរិះគន់ដៃគូប្រកួតថាបាននឹងកំពុងព្យាយាមធ្វើបាបគណបក្សប្រឆាំងទាំងបំពានច្បាប់ដោយមេបក្សប្រឆាំងរូបនោះថាដៃគូប្រកួតកំពុងបារម្ភខ្លាចចាញ់ឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។

យ៉ាងណាក៏ដោយអ្នកវិភាគបានលើកឡើងថាសម្ពាធដែលអាចជំរុញឲ្យមេដឹកនាំទាំងគណបក្សជាប់ឆ្នោតទាំងពីរវិលទៅរកតុចរចាតាមរយៈវប្បធម៌សន្ទនាដោយតម្លាភាពបាន ដរាបណាមានសម្ពាធពីសហគន៍អន្តរជាតិ ពីសង្គមស៊ីវិល និងពីមហាជនក្នុងស្រុកប្រកបដោយភាពសកម្ម ទើបការចរចានោះមានផលប្រយោជន៍ដល់ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ