លោក សម រង្ស៊ី ដាក់លក្ខខណ្ឌទៅ លោក ហ៊ុន សែន មុនចូលស្រុក

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 9:30 AM | នយោបាយ | 0 | 51964 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

បន្ទាប់ពីរដ្ឋាភិបាលប្រកាសលុបចោលបំរាមការវិលចូលស្រុករបស់ លោក សម រង្ស៊ី នោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានដាក់លក្ខខណ្ឌមួយចំនួនជាមួយ លោក ហ៊ុន សែន មុននឹង​វិលចូលកម្ពុជាវិញ។

នៅលើហ្វេសប៊ុក លោក សម រង្ស៊ី បានសរសរថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ»។

លោក សម រង្ស៊ី រំលឹកថា «ខ្ញុំដឹងថា តាំងតែពីឆ្នាំ ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិតនិងទម្លាប់ខ្មែរក្រហម តាំងតែពីគាត់ធ្វើជាមេទ័ពខ្មែរក្រហម កាលពីសម័យ ប៉ុល ពត»។

នៅក្នុងសេចក្តីសម្រេចថ្មីមួយ កាលពីម្សិលមិញ ដោយយោងតាមបញ្ជារបស់ លោក ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ទៅ អគ្គស្នងការនគរបាលជាតិលោក នេត សារឿន និងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ថារដ្ឋាភិបាលបានសម្រេចលុបចោលសេចក្តីសម្រេចហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលស្រុកនោះហើយ។ប៉ុន្តែក្នុងសេចក្តីសម្រេចនេះ គណៈរដ្ឋមន្រ្តីមិនបានបញ្ជាក់ពីមូលហេតុនៃការលុបចោលលបំរាមនេះទេ។

ក្រុមអ្នកវិភាគ យល់ថា ការលុបបំរាមនេះចោលមិនមែនជាការស្រុះស្រួល​ផ្នែក​នយោបាយ​អ្វីនោះទេ ដោយថាការប្រកាសរបស់រដ្ឋាភិបាលនេះ គឺគ្រាន់តែចង់​សាកចិត្តលោក សម រង្ស៊ី ថាហ៊ានវិលចូល​ស្រុក​វិញឬអត់ ខណៈមិនមានការលើកលែងទោសជាមុននោះ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required