ចិនប្រកាសផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារដល់កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជាឲ្យដឹងថាចិនបានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាជិត៦០០លានដុល្លារ ខណៈមានជំនួបជាមួយលោក ហ៊ុន សែន នៅប្រទេសម៉ុងហ្គោលី។

បើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីនៅថ្ងៃនេះ នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីចិន លី ខឺឈាន បានប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាចំនួន៣៦០០លានយន់ប្រហាក់ប្រហែលជិត៦០០លានដុល្លារអាមេរិកសំរាប់រយៈពេល៣ឆ្នាំគឺពីឆ្នាំ២០១៦ដល់២០១៨។ ជំនួយឥតសំណងនោះទុកជាប្រយោជន៍សំរាប់ដំណើរការបោះឆ្នោតដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជា ស្រះទឹក អណ្តូងទឹក។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីដដែល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបទ្វេរភាគីជាមួយនាយករដ្ឋមន្ត្រីចិន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-ចិននិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់។

ជំនួបនោះធ្វើឡើងនៅក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីដឹកនាំ គណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ (The 11th ASEM Summit) នៅប្រទេសម៉ុងហ្គោលី (Mongolia)។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មិនភ្ញាក់ផ្អើលចំពោះជំនួយឥតសំណងដែលចិនផ្តល់ឲ្យខ្មែរចំនួន៦០០លានដុល្លារអាមេរិកនេះទេ។ លោកថាកម្ពុជាត្រូវការលុយរហូតដល់ទៅជិត១ពាន់លានដុល្លារដើម្បីបង្រ្គប់ទៅលើថវិកាជាតិ។

លោកមានប្រសាសន៍ថា៖ “យើងមានការពិបាកបន្តិចសម្រាប់ជំនួយចិន ដោយសារជំនួយចិននេះមិនសូវជាទាមទារឲ្យមានតម្លាភាព ប៉ុន្តែគេថាជំនួយចិនមិនមានលក្ខខណ្ឌ អាហ្នឹងអ្នកដែលគិតថាជំនួយចិនមិនមានលក្ខខណ្ឌ ខ្ញុំគិតថាប្រហែលមកពីយើងមិនបានដឹងឲ្យបានស៊ីជម្រៅទៅលើលក្ខខណ្ឌឬប្រភេទផ្សេងៗដែលចិនគេដាក់មក  ឧទាហរណ៍ជំនួយរបស់ចិនគឺត្រូវតែទទួលយកវិស្វករចិន ត្រូវតែទទួលយកកម្មករចិន”។

បន្ថែមពីលើនេះ លោក មាស នី បានប្រាប់ពីតួលេខប្រហាក់ប្រហែលដែលតាមលោកធ្លាប់ចាំបានថាកម្ពុជានៅជំពាក់ចិនប្រហែលជាជាង៥០០០លានដុល្លារអាមេរិករហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថាក្នុងពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតស្ថាប័នគយនិងរដ្ឋាករដែលធ្វើឡើងក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៩ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាកម្ពុជានឹងប្រើថវិកាជាតិសម្រាប់ដំណើរការរៀបចំការបោះឆ្នោតដោយមិនពឹងលុយជំនួយ បើសហគមន៍អន្តរជាតិនៅតែបន្តដាក់សម្ពាធទាក់ទងស្ថានការណ៍នយោយនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ