ប្រធានផ្សារដងទង់ ខេត្តកោះកុង ប្រឈមជាប់ពន្ធនាគារពី១ឆ្នាំ​ទៅ៥ឆ្នាំ

ប្រធានផ្សារដងទង់នៅក្នុងខេត្តកោះកុង អាចប្រឈមនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ ពាក់ព័ន្ធករណីចោទថាបង្កហិង្សាដោយចេតនាលើកុមារីម្នាក់ជាអ្នកលក់ដូរកាលពីសប្តាហ៍មុន។

កាលពីថ្ងៃទី១២ខែសីហាកន្លងទៅនេះមានករណីហិង្សាកើតឡើងពេលប្រធានផ្សារដងទង់ ដឹកនាំកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ផ្សារ។ បើតាមវីឌីអូក្លីបចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក គឺប្រធានផ្សារលោក ម៉ក់ ណុច បានទះកំផ្លៀងនិងច្របាច់ករក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ ហើយបានបណ្តាលឲ្យមានការខឹងសម្បារពីអ្នកលក់ដូរផ្សេងៗទៀតនៅទីនោះ។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ឈិន ឡុង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោក ម៉ក់ ណុច ត្រូវបានតំណាងអយ្យការបានចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនា។ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ចេង ប៊ុនលី បានសម្រេចឃុំខ្លួនប្រធានផ្សាររូបនេះ។

លោក ឈិន ឡុង បន្តថាករណីនេះចៅក្រមស៊ើបសួរកំពុងធ្វើការស៊ើបអង្កេតបន្ត ដោយហៅភាគីដែលពាក់ព័ន្ធនិងអ្នកដែលមានឃើញហេតុការណ៍មកសាកសួរបន្ថែមទៀត។ លោកមានប្រសាសន៍ថា៖ “គាត់នៅសួរ គាត់នៅស៊ើបអង្កេតបន្តហៅខាងជនរងគ្រោះមកសួរ ត្រូវហៅសាក្សីមកសួរ ដើម្បីបន្តសំណុំរឿងហ្នឹង“។

យោងតាមមាត្រា២១៧និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ចែងថាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ចន្លោះពី១លានទៅ១០លាន។

មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុងលោក អ៊ិន គង់ជិត ឲ្យដឹងថាកន្លងមកប្រធានផ្សាររូបនេះក៏ធ្លាប់រងការរិះគន់ពីអ្នកលក់ដូរនៅក្នុងផ្សារថា គំរាមកំហែងដល់អ្នកលក់ដូរជាបន្តបន្ទាប់លើបញ្ហាបន្តិចបន្តួចគឺមិនដោះស្រាយដោយសន្តិវិធីទេ។

លោក អ៊ិន គង់ជិត បានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចនិងមន្ត្រីតុលាការដែលបានចាត់ការរឿងនេះ។  ទោះជាយ៉ាងណា លោកស្នើឲ្យតុលាការឃុំខ្លួនបណ្ដោះអាសន្នជនប្រព្រឹត្តនេះតាមមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

លោកមានប្រសាសន៍ថា៖ “យើងសំណូមពរឲ្យតុលាការត្រូវតែមានវិធានការនិងមានចំណាត់ការទៅតាមនីតិវិធីនៃច្បាប់ ដើម្បីឲ្យបុគ្គលនេះទទួលខុសត្រូវក្នុងរឿងព្រហ្មទណ្ឌផង ហើយដើម្បីឲ្យបុគ្គលហ្នឹងមានការរៀងចាលផង ឲ្យគាត់ចេះគោរពសិទ្ធិអ្នកដទៃផង សេចក្ដីថ្លៃថ្នូរនៃមនុស្សជាពិសេសលើកុមារហ្នឹង។ យើងចង់ឲ្យនេះជាវិធានការគំរូមួយដែលអនុវត្តទៅលើកន្លែងដទៃៗទៀត ដែលត្រូវកែតុលាការ កន្លែងខេត្តផ្សេងត្រូវតែហានចាត់ការទៅលើអ្នកដែលមានអំណាច អ្នកដែលមានធនធានហ្នឹង គឺត្រូវតែហ៊ានចាត់ការព្រោះគាត់បានរំលោភសិទ្ធិធ្ងន់ធ្ងរទៅលើកុមារហ្នឹង

វីអូឌីមិនទាន់អាចរកការបំភ្លឺតបពីក្រុមគ្រួសារនិងមេធាវីប្រធានផ្សារដងទង់បាននៅឡើយទេនៅថ្ងៃចន្ទនេះ។

បើតាមម្តាយកុមារីរងគ្រោះអះអាងថា ប្រធានផ្សារនោះតែងតែរករឿងគាត់ថាដាក់ឥវ៉ាន់លក់ដូរប៉ះចំណែកផ្លូវដែលគេដើរ ប៉ុន្តែគាត់ថាអ្នកផ្សេងៗក៏លក់ដូចគ្នាដែរ តែប្រធានផ្សារមិនមានចំណាត់ការត្រឹមត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ