គ.ជ.ប៖ ពលរដ្ឋ​គ្រប់​អាយុ​​ជាង​១លាន​នាក់ មិនទាន់ចុះឈ្មោះបោះឆ្នោត

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 4:22 PM | បោះឆ្នោត | 0 | 2420 ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀ​ប​ចំ​ការ​បោះឆ្នោត​លោក ស៊ិក ប៊ុនហុក

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតបាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ​មាន​ជាង​១លាន​នាក់ ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ ខណៈដែល​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតឆ្នាំ​២០១៧ នឹង​ចាប់​ផ្តើម​នា​ដើម​ខែ​ក្រោយ​។

ថ្លែង​ក្នុង​កិច្ច​​ប្រជុំ​ជា​មួយ​ភាគីពាក់ព័ន្ធ​នាព្រឹក​ថ្ងៃ​ទី១៥ ខែសីហា​នេះ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀ​ប​ចំ​ការ​បោះឆ្នោត​លោក ស៊ិក ប៊ុនហុក​ មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​១ កញ្ញាខាង​មុខ​ គណៈកម្មាធិការ​ជាតិនឹង​ចាប់​ផ្តើម​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ក៏​ដូច​ជា​ចាប់​ផ្តើម​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។ លោក​បានបញ្ជាក់​ថា​នា​ឆ្នាំ​២០១៨​ ខាង​មុខ​មាន​ប្រជាពល​រដ្ឋ​ខ្មែរចំនួន​ ១ ៤១២ ១៤៩នាក់ ដែល​​ត្រូវ​ចុះ​​ឈ្មោះ​ថ្មី​បន្ថែម​លើ​ចំនួនឈ្មោះ​ក្នុង​បញ្ជីឆ្នាំ​២០១៦ដែល​មាន​​៧ ៨៦៥ ០៣៣នាក់។

អគ្គ​លេខា​ធិការ​ គជប លោក ទេព​ នី​ថា បានបន្ថែម​ថា​​ទិន្នន័យ​នេះ​ នឹង​ជួយ​សម្រួល​ទៅ​ដល់​ គជប ក្នុង​ការ​រៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត ក៏​ដូចជាសម្ភារៈសម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។

លោក​ថា៖ «តួលេខ​នេះ​វា​មិន​មែន​​ត្រួវ​១០០%ទេ តែ​យើង​មាន​មូល​ដ្ឋានក្នុង​ការ​ធ្វើ​សេចក្តី​សំរេច ​ប្រកាស​ចំនួន​បណ្តោះ​អាសន្ន​នេះ ​​សម្រាប់​ជា​ជំនួយ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​បង្កើត​ការិយាល័យ​បោះ​ឆ្នោត​ ការ​រៀប​ចំ​ក្រុម​សម្រាប់​ការ​បោះឆ្នោត និង​ការ​រៀប​ចំ​សម្ភារៈសម្រាប់​បម្រើ​ឲ្យ​ការចុះ​ឈ្មោះ​​បោះឆ្នោត​»។

គួ​រ​បញ្ជាក់​ផង​ដែរ​ថា ការចាប់​ផ្តើមធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត និង​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មីមាន​រយៈពេល​៧០​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ ខណៈដែល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ​នឹង​ប្រព្រឹត្ត​ទៅថ្ងៃ​ទី២៩ កក្ក​ដា ឆ្នាំ​២០១៨៕ ​​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required