អ្នកវិភាគថាសម្ពាធនយោបាយកំពុងគំរាមបក្សមិនកាន់អំណាចមុនការបោះឆ្នោត

អ្នកវិភាគនិងអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា គណបក្សមិនកាន់អំណាច កំពុងរង​សម្ពាធន​យោ​​បា​​​​​​​​​យ​មុ​​នការបោះឆ្នោតមកដល់ ក្រោ​​​​ម​​អំណាចច្បាប់ស្តីពីបក្សនយោបាយដ៏ចម្រូវចម្រាស់ ដែ​ល​​លោក​​​​​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន​ ស្នើ​ឲ្យ​​ធ្វើ​វិ​សោធនកម្មជាលើកទី២។

​ក្រោយពីច្បាប់គណបក្សនយោបាយចូលជាធរមាន គណប​ក្សសង្គ្រោះជា​តិបានប្រកាសដករូបលោក សម រង្ស៊ី និងរូបលោក កឹម សុខា ចាប់ដៃគ្នាចេញពីស្លាកគណបក្ស​។ ប្រធានគណបក្សសំបុក​ឃ្មុំ​​​​​ស​ង្គ​ម​​​​ប្រ​​ជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលជាប់បណ្តឹងនៅតុលាការ ​ប្រកា​សលាលែងតំណែង។

ប្រ​ធាន​គណបក្សខ្មែររួបរួមជាតិ លោក ញឹក ​ប៊ុនឆៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទរឿងគ្រឿងញៀន។ចំណែកប្រធាន​គណ​​បក្ស​អំ​ណា​​​​​ច​​​ខ្មែរ លោក សួន សេរីរដ្ឋា ក៏ត្រូវបាប់ខ្លួនដោយចោទថា ប្រមាថមើលងាយកងទ័ព។

ករ​ណី​នេះអ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ច្បាប់គ​ណ​បក្ស​​នយោបាយថ្មី និងការចាប់ខ្លួនប្រធានគណបក្សជាបន្តបន្ទាប់នេះ លោកវិភាគអាចជាកត្តា​រារាំងដល់​គណ​បក្សតូចៗមួយចំនួនឲ្យ​ពិបាកដើរដល់ថ្ងៃបោះឆ្នោត២០១៨ បើគ្មានការប្រុងប្រយ័ត្នខ្ពស់។

លោកថា៖ «ខ្ញុំយល់ថាវាអាចជាច្រកមួយចង្អៀតមែនទែនហើយ ប៉ុន្តែប្រសិនបើគណប​ក្សតូចៗនោះ​លោ​ករឹងមាំ​ដោយខ្លួ​ន​ឯងបាន លោកប្រយ័ត្នប្រយែងទាំងពីផ្លូវច្បាប់ ទាំងពីការប្រើប្រាស់​សារ ទាំងពីកា​រចូលរួមចំណែក របស់​គា​ត់​គ្រប់​គ្រងស្ថានភាពបុគ្គលិកគាត់ខាងក្នុងបាន ខ្ញុំគិតថាអាចនៅមានឱកាសប​ន្តបេសក​ម្មបាន​រហូ​តឆ្នាំ​២០១៨ទៀត។ ដោយសារយើងមើលស្ថា​នភាពនយោបាយកន្លងមកនេះមា​នសម្ពាធច្រើន ដែលសម្ពាធ​ទាំងអស់នោះ​អាចមា​នផលប៉ះពាល់ផលអវិជ្ជមានដែរដល់គណបក្សតូចៗ»។

លោក ចាន់ វិបុល វិភាគទៀតថា ចំណាត់ការនេះអាចជាចំនុចចាប់ផ្តើមមួយ ឈានទៅចាត់វិធានកា​រប​ក្សប្រឆាំ​​ងធំជាងគេដែរ បើបក្សនោះធ្វេសប្រហែស ខណៈបក្សកាន់អំណា​ចបារម្ភពីសំឡេងឆ្នោ​តឈ្នះដាច់​នៅ​ឆ្នាំ២​០១៨ដូចអណត្តិមុនៗ។

លោកថា៖ «ទី១យើងឃើញថា ការកើនឡើងនៃតុល្យភាពអំណាចរវាងគណបក្សទាំងពីរ យើងឃើញ​ថាការ​គំ​រាកំហែងទៅកាន់គណបក្សធំៗក៏កើតមាន អញ្ចឹងពេលខ្លះមិនអាចដា​ក់សម្ពាធនៅ​កាន់គណ​បក្សធំៗបាន ត្រូ​វធ្វើ​​ទៅ​លើគណបក្សតូចៗដែលមានការឆកល្វែង ដើម្បីយកឱកាសនិងជា​កត្តាគំរាមបន្ថែ​មទៀត។ អញ្ចឹ​ងការ​​ភ័យខ្លា​ចលទ្ធផលការបោះឆ្នោតឆ្នាំ២០១៨ ហើយទី៣ទៀតគឺឯករាជ្យរបស់ប្រព័ន្ធតុលាការ អញ្ចឹងចំ​នុចទាំង​៣​នេះមានហេតុផលគ្រប់គ្រាន់ យើងត្រូវមានការប្រយ័ត្នប្រយែង ដើម្បីបន្តធានាបន្តបេស​កកម្មរបស់​គណបក្សតូចៗនោះ»។

មន្ត្រីច្បាប់និងអង្កេត នៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក យឿង សុធារ៉ា លើកឡើងថា សា​រ​គំរាម របស់អ្នកនយោបាយ ប្រើវិធានការបង្ក្រាមក្រុមអ្នកតវ៉ា គំរាមក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថា​ន​កា​​រ​​ណ៍​​ឃ្លាំ​មើលកា​របោះ​ឆ្នោត កា​រ​ចាប់​ខ្លួនលោក ញឹក ប៊ុនឆៃ និងលោក សួន សេរីរដ្ឋា លោកថាជា​ការព្រួយបារម្ភដល់ការប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពនៅឆ្នាំក្រោយនេះ។

លោកថា៖ «យើងឃើញថាបរិយាកាសមុនការបោះឆ្នោតនេះ ហាក់ចាប់ផ្តើមល្អក់កករ ជាមួយរូបភាពក​ន្លងមកនេះ​​ ជាពិសេសការធ្វើវិសោធនកម្មគណបក្សនយោបាយនេះ»។

លោក យឿង សុធារ៉ា ឲ្យដឹងដែរថា បើទោះបីជាពេលនេះមិនដឹងថា នឹងមាន​បន្ទប់ស្ថានការណ៍ទៀត ឬក៏យ៉ាងក្តី តែលោកថា ខុមហ្វែ្រលនៅតែមានផែនការ ដា​ក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោត តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយថា ដើម្បី​ចូលរួម​​​កាត់បន្ថយជម្លោះនយោបាយក្រោយការបោះឆ្នោត។

អ្ន​​កតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត មាស នី វិភាគថា អ្នករិះ​គន់រ​ដ្ឋាភិបាលអា​ចនឹងត្រូវចាប់ខ្លួនច្រើនជាងនេះ រហូតដល់ថ្ងៃបោះឆ្នោត ខណៈដែល​បក្សកាន់​អំណា​ចមិនទាន់​ប្រាក​ដ​ថាខ្លួន​នឹង​ឈ្នះនៅឆ្នាំ២០១៨ ដូចអាណត្តិមុនៗនោះ។

ប៉ុន្តែ​លោក មាស នី លើកឡើងទៀតថា សារគំរាម វិធានការបង្ក្រាប និងការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាស ទៅ​ចា​​ត់ការអ្នកងាយរងគ្រោះ ទាំងភ្លេចគិតពង្រឹងយុត្តិធម៌សង្គមផងនោះ លោកវិភាគថា ពេលខ្លះអាចជា​ឱ​កា​សល្អ របស់គណបក្សមិនកាន់អំណាចទៅវិញទេ។

លោកថា៖ «គណបក្សកាន់អំណាចក៏អញ្ចឹងដែរ បើសិនជាការធ្វើហ្នឹងមិនបានគិតគូឲ្យបានគ្រប់ជ្រុងជ្រោយ នៅក្នុងវិធានការនីមួយៗដែលចេញមក ជួនកាលវាអាចជាវិធានកា​រមួយដែលត្រូវ​បានគេមើ​លឃើញថា​ធ្វើអត្តឃាតខ្លួនឯង ជាជាងវិធានការមួយដែលទទួលបាននូវការគាំទ្របន្ថែមទៀត ដោយសារវិធាន​ការហ្នឹ​ងវាធ្វើ​ឲ្យខូច​កិត្តិយសរបស់គណបក្ស ច្រើនជាងការជួយគាំទ្រថែមទៀត»។

ទោះ​ជាយ៉ាងណា អ្នកវិភាគអះអាងផ្សេងគ្នា ពីចំនួនគណបក្សតូចៗដែ​លថានឹង​ចូ​លរួមប្រជែ​ង​នៅ​ឆ្នំា​​២០​១៨ ដោយ​អ្នកខ្លះថា ចំនួនគណបក្សនឹងថយចុះ ដោយសារពួកគេបារម្ភថា ការប្រកួ​តប្រ​ជែងអា​ចនឹង​​គ្មា​​ន​តម្លាភាព និងខ្លះទៀតត្រូវបានរំលាយចោលមុនការបោះឆ្នោត។

តែ​អ្នកវិភាគខ្លះថា ចំនួនគណបក្សនឹងកើនឡើងលើសពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលមា​ន១២​គណបក្ស ដោយថា គណបក្សដែលចង់ឲ្យមានការផ្លាសល់ប្តូរជាវិជ្ជមាន ពួកគេនឹ​ងនៅ​តែចូ​លរួម​ដោយមិ​នខ្លាច ​ការគំរាម ឬយុ​​ទ្ធ​សាស្ត្របំភិតបំភ័យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ