ក្រសួងមហាផ្ទៃរំលាយអង្គការមាតាធម្មជាតិ

credit to មាតាធម្មជាតិ

រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានលុបឈ្មោះអង្គការបរិស្ថានមួយ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ខណៈ ចំណាត់ការនេះ ហាក់ធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ រកឃើញថា​ រដ្ឋាភិបាលកម្ពុជា បាន​ធ្វើ​​ឲ្យបាត់​ចំណូលជាតិ ​រាប់​សិប​លាន​ដុល្លា​រ​បន្ថែម​ទៀត ពីការលក់ខ្សាច់នៅក្រៅប្រទេស កាលពីពេលថ្មីនេះៗ។

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែ ក្រសួង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការលុបនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ប្រាប់វីអូឌីបន្ថែម លើសេចក្តីប្រកាសនោះថា ករណីលុបឈ្មោះអង្គការមាតាធម្មជាតិ នេះ គឺធ្វើឡើងតាមការស្នើសុំរបស់ប្រធានអង្គការ។

លោកមានប្រសាសន៍ថា៖ «មាតាធម្មជាតិ គេសុំបិទខ្លួនគេ ព្រោះថា ទី១ គេអត់មានលុយទេ ម្ចាស់ជំនួយគេលែងឲ្យ ហើយគេក្លាច[អង្គការហ្នឹងធ្វើការ]កកូរកកាយនៅស្រុកខ្មែរ ម្ចាស់ជំនួយគេលែងឲ្យលុយ​ ទី២ មានគេយកឈ្មោះវា ទៅប្រើ ទី៣ អាប្រធានវា មិននៅ អាកូនចៅវាក្បត់»

បើតាមលិខិតស្នើសុំរំលាយអង្គការមាតាធម្មជាតិ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ប្រធានអង្គការមាតាធម្មជាតិ ព្រះអង្គ ព្រហ្មធម្មជាតិ បានសុំក្រសួងមហាផ្ទៃ រំលាយអង្គការនេះចោល តាមការសម្រេចរបស់អង្គសន្និបាតខ្លួន ប៉ុន្តែព្រះអង្គ ក៏មិនបានបញ្ជាក់លម្អិត ពីមូលហេតុច្បាស់លាស់នៃការបិទអង្គការនេះទេ។

វិអូឌី មិនអាចសុំការអធិប្បាយបន្ថែមពី ព្រះអង្គ ព្រហ្មធម្មជាតិ បាននៅឡើយទេ ជុំវិញបញ្ហានេះ។ ខណៈ សមាជិកមួយចំនួនរបស់អង្គការនេះ ក៏សុំមិនធ្វើអធិប្បាយណាមួយដែរ។

អ្នក​សម្របសម្រួល​អង្គការ​លីការ​ដូ ​ប្រចាំខេត្ត​កោះ​កុង លោក អ៊ិន គង់​ជិត​ មិនហ៊ានសន្និដ្ឋានថា យ៉ាងណាទេ ចំពោះការបិទអង្គការមាតាធម្មជាតិនេះ ប៉ុន្តែលោក បានសម្តែងការសោកស្តាយ ដោយថា កន្លងមក សកម្មជនរបស់អង្គការនេះបាន​ធ្វើការសម្មភាពជាច្រើន ដើម្បីជួយការពារបរិស្ថាន និងធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា៖ «សកម្មភាពរបស់សមាជិកគាត់ហ្នឹង វាសកម្មភាពល្អ ចូលរួមក្នុងសង្គម ចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ បែរជាត្រូវសម្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់ក្រុមហ៊ុន ហើយយើងមាន ការសោកស្តាយបំផុត ចំពោះការបិទទ្វាអង្គការហ្នឹង មិនឲ្យធ្វើសកម្មភាពតទៅទៀត។ រដ្ឋាភិបាលគួរតែពិនិត្យ ឥរិយាបទឡើងវិញ ដើម្បីលើកទឹកចិត្តយុវជន សកម្មជនការពារធនធានធម្មជាតិហ្នឹង ឲ្យគាត់បានចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ ព្រោះដោយសារសកម្មភាពពួកគាត់ហ្នឹង ហើយធ្វើឲ្យថមថយការបំផ្លេចបំផ្លាញ ធនធានធម្មជាតិ»

អង្គការមាតាធម្មជាតិ បង្កើតឡើងកាលពីឆ្នាំ២០១២ ដោយបញ្ជាក់ថា ដើម្បីធ្វើចលនាពីមូលដ្ឋាន បញ្ឈប់ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។

អង្គការនេះ កន្លងមក បានធ្វើសកម្មភាពយ៉ាងលេចធ្លោ ក្នុងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនី អារ៉ែង និងការនាំខ្សាច់សមុទ្រចេញទៅលក់នៅក្រៅប្រទេស ដោយថា ធ្វើឡើងមិនគោរពច្បាប់ ប៉ះពាល់បរិស្ថាន និងបាត់បង់ថវិកាជាតិជាដើម។

បន្ទាប់ពីអង្គការនោះ សកម្មក្នុងការធ្វើសកម្មភាពប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី និងការនាំខ្សាច់ចេញ សម្មជនមួយចំនួនរបស់អង្គការនេះ ត្រូវរដ្ឋាភិបាលបញ្ចេញចេញពីប្រទេសកម្ពុជា និងខ្លះទៀតត្រូវ អាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។

ស្ថាបនិកអង្គការនេះ មួយរូប ជាជនជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ មិនឲ្យចូលប្រទេសកម្ពុជាវិញទេ។

ហើយថ្មីៗ នេះ អង្គការមាតាធម្មជាតិរកឃើញថា ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​បាត់​ចំណូល​រាប់​សិប​លាន​ដុល្លា​រ​បន្ថែមទៀត ពីការ​បូម​ខ្សាច់​លក់​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់ ខណៈដែល​លុយ​បាត់​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​ មិន​ទាន់​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ។

ក្រោយចេញរបាយការណ៍នេះ ប៉ុន្មានថ្ងៃ សកម្មជនបរិស្ថានពីរនាក់របស់អង្គការមាតាធម្មជាតិ ត្រូវបានសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន ដោយចោទ ប្រកាន់ចំនួនពីររករណី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និងធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ខណៈសកម្មជនទាំងពីរនាក់ នោះចូលទៅថតសកម្មភាពនានា ដោយគ្មានការអនុញ្ញានៅក្រុមហ៊ុនមួយខេត្តកោះកុង ដែលគេថា ជារបស់លោក លី យ៉ុងផាត់។

ករណីអាជ្ញាធរចាប់ខ្លួនសកម្មជនបរិស្ថាបទាំងពីរនាក់នោះ មន្រ្តីសង្គមស៊ីវិលយល់ថា ​ជា​ការ​បំបាក់​ស្មារតី​ទៅ​ដល់​អ្នកដែល​ស្រលាញ់​បរិស្ថាន និង​ជា​ការ​​រំលោភ​ដល់​សិទ្ធិ​មនុស្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ