លោក គឹម សុខ ថាតុលាការជាឧបករណ៍នយោបាយ ដើម្បីចាប់ខ្លួនអ្នករិះគន់

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃសុក្រនេះ បានបន្តរិះគន់ ប្រព័ន្ធតុលាការថា មិនអាចផ្ដល់យុត្តិធម៌ជូនលោកបានទេ ខណៈសាលាឧទ្ធរណ៍ បានច្រានចោលការសុំនៅក្រៅឃុំរបស់លោក។

កាលពីខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខ បណ្ដោះ​អាសន្ន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ និងបទបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការវិភាគរឿងសម្លាប់លោក កែម ឡី។ ដោយមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាដំបូង មេធាវីការពាក្តីលោក គឹម សុខ បានប្តឹងទាស់មកសាលាឧទ្ធរណ៍។

នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ បានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យ លោក គឹម សុខ។ ក្រោយពីសវនាការជាង១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប៉ាក​ ច័ន្ទសំបូរ បានទាត់ចោលបណ្ដឹងសុំនៅក្រៅឃុំនោះ ដោយសំអាងថា លោក គឹម សុខ ពិតជាមានទោស ដូចការចោទប្រកាន់របស់តុលាការជាន់ទាប។

មុនពេលឆ្មាំគុកនាំខ្លួនទៅពន្ធនាគារវិញ លោក គឹម សុខ លើកឡើងយ៉ាងខ្លីថា តុលាការមិនអាចផ្ដល់យុត្តិធម៌ជូនលោកបានទេ ដោយថា ប្រព័ន្ធតុលាការបច្ចុប្បន្ន គឺជាឧបករណ៍របស់អ្នកនយោបាយ ហើយបើអ្នកណា ហ៊ាននិយាយរិះគន់ រដ្ឋាភិបាលនោះ គឺត្រូវជាប់គុក។

លោកថា «គ្មានយុត្តិធម៌ទេ តុលាការ ជាសេនាធិការរបស់សម្ដេច ឲ្យតែអ្នកណានិយាយប៉ះពាល់ដល់សម្ដេច គឺត្រូវដាក់គុកទាំងអស់»។

​ចំពោះ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺ លោក ជូង ជូងី បានលើឡើងនៅក្នុងពេលសវនាការដែរថា យុត្តិធម៌សម្រាប់កូនក្ដីរបស់លោកមាន លុះត្រាណាតែស្ថានការនយោបាយប្រែប្រួល។ ប៉ុន្តែ មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី គឺ លោក គី តិច បានច្រានចោលការចោទប្រកាន់ ដោយថា ករណីនេះ មិនបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។​

វីអូឌី នៅមិនទាន់អាចសុំការឆ្លើយតបពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប៉ាក​ ច័ន្ទសំបូរ ជុំវិញការអះអាងរបស់លោក គឹម សុខ បាននៅឡើយទេ។ ប៉ុន្តែ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ មានប្រសាសន៍ថា ការសម្រេចរបស់តុលាការ គឺធ្វើឡើងតាមនីតិវិធីច្បាប់ និងមិនស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយទេ។

លោក ទូច ថារិទ្ធិ «ប៉ុន្តែចំពោះករណីនេះ ខាងជនជាប់ចោទ គាត់មានសិទ្ធិនិយាយ ហើយខាងតុលាការដែលមានចៅក្រមលោក ប៉ាក ច័ន្ទសំបូរ និងក្រុមប្រឹក្សាជំណុំជម្រះ គាត់ជម្រះនេះ គាត់ផ្អែកទៅតាមផ្លូវច្បាប់ទៅលើភស្តុតាងដែលមាននិនា្នការចោទប្រកាន់និងការដាក់បន្ទុករបស់តុលាការរាជធានីភ្នំពេញ»។

កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល ពលរដ្ឋ និងសហគមអន្តរជាតិ បានរិះគន់ថា ប្រព័ន្ធតុលាការ នៅកម្ពុជា ថា មិនមានភាពឯករាជ្យ និងស្ថិតនៅក្រោយឥទ្ធិពលអ្នកមានអំណាច។ ក្រោយមានការរិះគន់ ក្រសួងយុត្តិធម៌ កាលពីខែកក្កដាឆ្នាំ២០១៧ បានជំរុញឲ្យមន្ត្រីតុលាការសហការគ្នា ធ្វើការ​ប្រកប​ដោយ​ឯ​ក​រាជ្យ​ភាព ដោយថា ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ជុំវិញការបដិសេធរបស់សាលាឧទ្ធរណ៍ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺ លោក ជូង ជូងី ចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ មិនបានផ្ដល់យុតិ្តធម៌ឲ្យកូនក្ដីរបស់លោកទេ។

លោក ជូង ជូងី «ខ្ញុំយល់ឃើញថាការសម្រេចរបស់សាលាឧទ្ធរណ៍គឺអត់ត្រឹមត្រូវទេ ពីព្រោះការឃុំខ្លួនជាជម្រើសចុងក្រោយ ប៉ុន្តែតុលាការអត់បានពិចារណា ក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការទេ លោក គឹម សុខ បានទាមទារឲ្យដោះលែងគាត់ឲ្យនៅក្រៅឃុំ ប្រសិនបើខ្លាចគាត់ប្រព្រឹត្តបទល្មើសអ្វីផ្សេង អាចដាក់លក្ខខណ្ឌឲ្យគាត់ ហើយខ្ញុំជាមេធាវីក៏បានទាមទារឲ្យសាលាឧទ្ធរណ៍ពិចារណាពីលក្ខខណ្ឌដែរ ។ អាចដាក់លក្ខខណ្ឌផ្សេងដែលតុលាការយល់ឃើញថា មានភាពតឹងរឹងសម្រាប់លោក គឹម សុខ ប៉ុន្តែតុលាការបែបជាមិនជ្រើសយកវិធានការឲ្យដាក់នៅក្នុងការត្រួតពិនិត្យ បែបជាជ្រើសរើសវិធីឃុំខ្លួន វាអត់សមស្របទៅនឹងករណីលោក គឹម សុខ ទេ»។

កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ទន្ទាទោស អ្នកវិភាគនយោបាយ លោក គឹម សុខ ដាក់ពន្ធនាគារ ១៨ខែ និងពិន័យប្រាក់ ៨លានរៀល ហើយត្រូវសងជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៨០០លានរៀល ឬស្មើ នឹង២០ម៉ឺនដុល្លារ។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ជុំវិញការចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស និងវែកមុខរកឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ