តំណាងគណៈកម្មការបុណ្យថា ប្រេសិតពិសេស UN នឹងលើកយកករណីឃាតកម្មលើលោក កែម ឡី ទៅពិចារណា

អ្នកស្រី រ៉ូណា ស្មីតប្រេសិតពិសេស UNក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី(រូបភាពពីហ្វេសប៊ុកលោក​ កែម ឡី)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ថ្លែងថា អ្នកស្រីនឹងលើកយកករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅពិចារណា ក្នុងនាមអ្នកស្រីជាប្រេសិតពិសេសរបស់អង្គការពិភពលោកមួយនេះ។ នេះបើតាមការអះអាងពីសំណាក់លោក សៅ កុសល តំណាងគណៈកម្មការបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី។

លោក សៅ កុសល បានប្រាប់ វីអូឌី(VOD) ថា អ្នកស្រី រ៉ូណា ស្មីត នៅព្រឹកថ្ងៃនេះ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធនៅក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា។

បើតាមលោក សៅ កុសល អ្នករាយការណ៍ពិសេសរូបនេះ បានថ្លែងទៅកាន់គណៈកម្មការបុណ្យថា អ្នកស្រីយល់ពីទុក្ខលំបាកទាក់ទងទៅនឹងការស្វែងរកទីកន្លែងសម្រាប់រៀបចំពិធីបុណ្យនាពេលកន្លងមក ហើយអ្នកស្រីបានកោតសរសើរចំពោះទឹកចិត្តគោរពស្រឡាញ់ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះលោក កែម ឡី។

លោក កែម ឡី អាយុ ៤៦ឆ្នាំ ជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក នៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។

លោក សៅ កុសល បានបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត នឹងលើកយកបញ្ហាការបាញ់សម្លាប់នេះ ទៅពិចារណាតាមការស្នើសុំរបស់គណៈកម្មការបុណ្យ ទៅតាមតួនាទីរបស់អ្នកស្រី ដែលជាប្រេសិតពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលានេះ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅ ស្ថានភាពសិទ្ធិមនុស្ស និងទិដ្ឋភាពផ្សេងៗ នៃការរើសអើង។

បុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅរាជធានីភ្នំពេញ មុននឹងដង្ហែរូបសំណាក់លោក កែម ឡី ទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃស្អែកនេះ។

លោក សៅ កុសល បានប្រាប់ថា ប្រជាពលរដ្ឋចន្លោះពី ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យនៅព្រឹកថ្ងៃនេះ ដែលជាថ្ងៃទីពីរនៃកម្មវិធីបុណ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ