កម្ពុជា​រំលឹក​ខួប​៥​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ

ប្រភពរូបភាពពី GOOGLE

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​រៀបចំ​រំលឹក​ខួប ៥​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្ដម សីហនុ។

អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ ដែល​ជា​ព្រះ​បិតា​ព្រះ​មហាក្សត្រ​​ នរោត្ដម សីហមុនី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា បាន​យាង​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ជន្មាយុ ៩០​ឆ្នាំ នៅ​ឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​របស់​ព្រះ​បរម​រតន​កោដ្ឋ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ប្រជាជន​កម្ពុជា ដែល​លោកថា ជា​កូន ចៅ ចៅទួត ចៅ​លួត នោះ ពិត​ជា​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នូវ​ព្រះ​រាជ​សកម្មភាព​របស់​អតីត​ព្រះ​មហាក្សត្រ​អង្គ​នេះ។

លោក ហ៊ុន សែន បាន​រៀបរាប់​បន្ត​ថា អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ បាន​លះ​បង់​ព្រះ​កាយ​ពល និង​ព្រះ​បញ្ញាពាណ​ ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ និង​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​​សម្រាប់​ប្រជាជន​កម្ពុជា។

នៅ​ឯ​សួន​ច្បារ​វិមាន​ឯករាជ្យ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ប្រមូល​ផ្ដុំ​គ្នា​ដាក់​កម្រង​ផ្កា និង​គោរព​ដល់​រូប​សំណាក់​អតីត​ព្រះ​មហាក្សត្រ​អង្គ​នេះ ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​មិន​ឆ្ងាយ​ពី​វិមាន​ឯករាជ្យ។

អតីត​ព្រះ​មហាក្សត្រ​ នរោត្ដម សីហនុ ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៩២២ និង​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​​នៅ​ក្នុង​ឆ្នាំ​១៩៤១ អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​របប​អាណាព្យាបាល​បារាំង។

អតីត​ក្សត្រ​អង្គ​នេះ បាន​ទាមទារ​ឯករាជ្យ​សម្រាប់​កម្ពុជា​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣ ព្រម​ទាំង​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៧០ នៅ​ពេល​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ។

ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អតីត​ព្រះ​មហាក្សត្រ​ នរោត្ដម សីហនុ ត្រូវ​បាន​យាង​ឲ្យ​ឡើង​សោយរាជ្យ​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៣ រហូត​ដល់​ទ្រង់​​ដាក់​រាជ​សម្បត្តិ​នៅ​ខែ​តុលា​ឆ្នាំ​២០០៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ