របាយការណ៍៖ ពលករខ្មែរ២/៣កើតជំងឺផ្លូវចិត្តក្រោយត្រឡប់មកពីធ្វើការក្រៅប្រទេស

របាយការណ៍អង្គការអន្ដរជាតិចំនួន២ រកឃើញថា ពលករចំណាកស្រុកកម្ពុជា ច្រើនជួបបញ្ហាសុខភាពផ្លូវកាយ និងមាន​វិបត្តិផ្លូវចិត្ត បន្ទាប់ពីពួកគេជួបការលំបាកនៅកន្លែងធ្វើការ និងការរំលោភសិទ្ធិការងារនៅក្រៅប្រទេស។

ក្នុងរបាយការណ៍របស់អង្គការពលកម្មអន្ដរជាតិ (ILO) និងអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បង្ហាញថា ពលករចំណាកស្រុកកម្ពុជាប្រមាណ២ភាគ៣ ដែលទៅធ្វើការនៅក្រៅប្រទេស ច្រើនជួបបញ្ហាសុខភាព និងផលលំបាកនានា នៅពេលពួកគេវិលត្រលប់​មកមាតុភូមិវិញ  ដូចជា វិបត្តិផ្លូវចិត្ត និងបញ្ហាថប់អារម្មណ៍ជាដើម។

របាយការណ៍ដដែលនេះ ឲ្យដឹងទៀតថា ពលករកម្ពុជា៨នាក់ ក្នុងចំណោម១០នាក់ ទទួលរងរំលោភសិទ្ធិការងារ ការធ្វើបាបលើរាង្គកាយ និងការធ្វើការងារបានតែរយៈពេលខ្លី ដោយរបាយការណ៍ថា ពលករខ្មែរ ទំនងជារងគ្រោះខ្លាំងជាងគេ បើប្រៀបធៀបនឹងពលករវៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ របាយការណ៍បន្ដថា ពលករកម្ពុជាទទួលបានប្រាក់ឈ្នួលទាបជាងគេ ប៉ុន្ដែត្រូវធ្វើការជាច្រើនម៉ោង គឺចាប់ពី៩ទៅ១១ម៉ោង ក្នុងមួយសប្ដាហ៍។

អ្នកនិពន្ធរបាយការណ៍នេះ និងជាមន្ដ្រីផ្នែកបច្ចេកទេសរបស់អង្គការ ILO លោក Ben Harkin មានប្រសាសន៍ថា ពលករចំណាកស្រុកកម្ពុជា ងាយប្រឈមនិងហានិភ័យខ្ពស់ ដោយសារពួកគេនៅមានកម្រិតអប់រំទាប និងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស តាមរយៈភ្នាក់ងារក្រៅផ្លូវការ។​

លោក Ben Harkin ស្នើឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំគោលនយោបាយ និងការអនុវត្ត ឲ្យបានប្រសើរជាងមុន ដូចជា កែលម្អប្រព័ន្ធរាយការណ៍ពីការរំលោភសិទ្ធិពលករ និងធានាភាពស្របច្បាប់ សម្រាប់ពលកររបស់ខ្លួន។

លោក Ben Harkin ថ្លែងថា៖ «អ្វីដេលសំខាន់បំផុត ដើម្បីធ្វើឲ្យលទ្ធផលល្អប្រសើរ គឺត្រូវធានាថា ពលករទាំងអស់ អាចទទួលបានអត្ថប្រយោជន៍នូវការគោរពសិទ្ធិការងារជាមូលដ្ឋាន ដូចជា ប្រាក់ឈ្នួល ដោយរួមទាំងស្ដ្រី និងបុរស ដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ វាទាមទារឲ្យមានការផ្លាស់ប្ដូរគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាល និយោជិក និងភ្នាក់ងារជ្រើសរើសពលករទៅធ្វើការ ជាជាងគិតតែទៅលើឥរិយាបថរបស់ពលករចំណាកស្រុក»។

ករណីនេះ VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេដោយទូរស័ព្ទហៅចូល តែមិនមានអ្នកទទួល។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា របាយការណ៍អង្គការអន្ដរជាតិខាងលើ បង្ហាញពីភាពត្រឹមត្រូវច្រើន ដោយថា ពលករកម្ពុជាមួយភាគធំ ទៅធ្វើការងារនៅក្រៅប្រទេសមិនទាន់មានប្រព័ន្ធការពារ។

លោកស្នើឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ក្នុងស្រុកឲ្យបានតឹងរឹង និងពិនិត្យមើលប្រព័ន្ធច្បាប់ការពារពលករនៅប្រទេសទាំងអស់នោះផងដែរ។​

លោកថា៖ «ជាពិសេសពលករ ដែលរងគ្រោះខ្លាំងជាងគេ មាននៅប្រទេសមួយចំនួន ដែលពលករភាគច្រើនមានជំនាញទាប​ គឺដូចនៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំងអស់នោះ កម្មករភាគច្រើន មកពីភូមា កម្ពុជា វៀតណាម ឡាវ។ ដូចនៅម៉ាឡេហ្នឹង ប្រព័ន្ធច្បាប់ដែលការពារពលករចំណាកស្រុកហ្នឹង នៅមានបញ្ហានៅឡើយ ប្រព័ន្ធនៃការការពារដល់ពលករហ្នឹង នៅជាបញ្ហា»។

បើតាមរបាយការណ៍ រដ្ឋាភិបាលកម្ពុជាថា ខ្លួនបានបញ្ជូនពលករខ្មែរទៅធ្វើការក្រៅប្រទេសប្រមាណ ១លាន៥សែននាក់។ រដ្ឋាភិបាលបញ្ជាក់ថា ពេលនេះកំពុងតែមានការទំនាក់ទំនងប្រទេសមួយចំនួន​ ដើម្បីបង្កើនការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ