ពលរដ្ឋ​ខេត្ត​កោះកុង​ចោទ​អាជ្ញាធរ​ថា កាប់​បំផ្លាញ​ផ្ទះ​សម្បែង​ពួកគេ​ចោល

អាជ្ញាធរកោះកុងរុះរើផ្ទះពលរដ្ឋ (រូបភាពពីហ្វេសប៊ុក)

ពលរដ្ឋនៅស្រុកបុទុមសាគរ ចោទអាជ្ញាធរខេត្តខេត្តកោះកុង​ថា បានរុះរើ និងកាប់បំផ្លាញផ្ទះពួកគេ​អស់ជាង ៤០ខ្នង ប៉ុន្តែ អាជ្ញាធរ​បាន​អះ​អាង​ថា ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​ដែល​ជា​ចំណែក​នៃ​តំបន់​ការពារ។

ពលរដ្ឋម្នាក់នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ អ្នកស្រី ជួន ចាន់ធឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរខេត្តកោះកុងដឹកនាំកម្លាំង​ដោយអភិបាលរងស្រុក លោក សួន ស៊ីថា បានចុះរុះរើផ្ទះពលរដ្ឋនៅក្នុងឃុំនេះ​អស់ ៣៧ខ្នង និងបានកាប់បំផ្លាញ់ដំណាំប្រជាពលរដ្ឋចោលទៀតផង។

អ្នកស្រីអះ​អាង​ថា ពួកគាត់បានទៅរស់នៅ និងប្រកបរបរ​រកស៊ីនៅលើដីនោះតាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៥ ទើបអាជ្ញាធរ​បណ្តេញឲ្យពួកគាត់​ឲ្យ​ទៅនៅកន្លែងថ្មី ដោយថា កន្លែងចាស់នោះជាដីតំបន់អភិរក្ស ប៉ុន្តែ កន្លែង​ថ្មីនោះ អ្នកស្រី​ប្រាប់​ថា ពិបាករស់នៅ ទើបពួកគាត់ត្រឡប់មករស់នៅកន្លែងចាស់វិញកាលពីដើមឆ្នាំ២០១៧រហូតមកដល់បច្ចុប្បន្ននេះ។

អ្នកស្រីប្រាប់​ថា៖«វាបង្ខំយើងរុះឲ្យលឿន បើថា​មិនលឿនទេ វាដើរកាប់ចោលអស់ហើយ ផ្ទះណារុះទាន់ៗ បើមិន​ទាន់ វាកាប់ជើងសរសរ​រំលំអស់ពេញហ្នឹង។ នៅក្រោម[កន្លែងថ្មី] វាពិបាករកស៊ីដាក់មង រក​ត្រីអីក៏អត់បាន ហើយបើ​យើងនៅកំពង់ភ្លូ[កន្លែងចាស់]យើងរកអីក៏បាន ចិញ្ចឹមគោក្រ​បីក៏ស្រួល»។

ពលរដ្ឋម្នាក់ទៀត លោក សាំង សុខផល រស់នៅឃុំថ្មស និយាយថា អភិបាលរងស្រុកបុទុមសាគរ លោក សួន ស៊ីថា បានដឹកនាំកម្លាំង​ចម្រុះ​មាន​ប៉ូលីស ប៉េអឹម និងអាជ្ញាធរពាក់ព័ន្ធ ចុះរុះរើផ្ទះគាត់ និងផ្ទះពលរដ្ឋ ២គ្រួសារទៀត នៅក្នុងឃុំនេះ និងបានគំរាម​ចាប់ពលដ្ឋដាក់គុកទៀតផង។

លោកបន្ថែមថា៖«ខ្ញុំមកនៅនេះតាំងពីឆ្នាំ២០០៦មក វាចូល ១២ឆ្នាំហើយ ដល់ខ្ញុំមកធ្វើផ្ទះដាំ​ដំណាំ គេមកកាប់រំលំ​ចោលអស់ អញ្ចឹង​ ខ្ញុំបានអីនៅទៅ បើមកកាប់រំលំរបស់ប្រជាពលរដ្ឋចោលអញ្ចឹង​»។

អភិបាលរងខេត្តកោះកុងថ្មី លោក អន ភារៈ ឆ្លើយប្រាប់វីអូឌីយ៉ាងខ្លីថា អាជ្ញាធរកាប់ផ្ទះ និងបំផ្លាញ់ដំណាំពលរដ្ឋ ដោយសារពលរដ្ឋទាំងនោះរស់នៅលើដីឧទ្យានជាតិ​ដោយ​ខុសច្បាប់ ដោយថា មិនត្រូវការដោះស្រាយអ្វីឡើយ។

លោកបន្ថែមថា៖«ចុះមានពីណាឲ្យគាត់ទៅរស់នៅកន្លែងតំបន់ឧទ្យានជាតិហ្នឹង អញ្ចឹងគាត់មកពីណាទៅកន្លែងហ្នឹង​វិញទៅ មានអ្នកណាគេអី»។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​តាមដាន​ករណី​នេះ បាន​ឲ្យដឹងថា ក្នុងខែមករានេះ អាជ្ញាធរខេត្តកោះកុងបានចុះរុះរើផ្ទះពលរដ្ឋចំនួនបីកន្លែងនៅក្នុងស្រុកបុទុមសាគរ ប៉ុន្តែ លោក​មិនដឹងថា អស់ផ្ទះចំនួនប៉ុន្មានខ្នងពិតប្រាកដនោះទេ។

លោកបន្តថា អាជ្ញាធរចោទប្រជាពលរដ្ឋថា រស់នៅជនលើដីព្រះរាជក្រឹត្យ ប៉ុន្តែ លោកថា ព្រះរាជក្រឹត្យ​ដែលចេញ​កាលពីឆ្នាំ១៩៩៣នោះ មិនបានកំណត់ព្រំប្រទល់ច្បាស់លាស់នោះទេ ដែលជាហេតុធ្វើឲ្យ​ពលរដ្ឋមិនដឹង ហើយនាំ​គ្នាទៅរស់នៅ។

លោកបន្ថែមថា៖«អាជ្ញាធរគាត់គួរតែរកដីតំបន់ណាដើម្បីដោះដូរឲ្យពួកគាត់មុនហ្នឹងបំផ្លាញ ឬក៏ឲ្យពួកគាត់ប្រមូល​ផលសិនទៅ ឬដាក់កំហិតមិនឲ្យធ្វើអ្វីទៀតដែលប៉ះពារទៅហ្នឹងតំបន់អភិរក្ស ព្រោះពួកគាត់ដាំដុះគាត់ចំណាយ​ធនធាន គាត់ចំណាយដើមទុន ហើយពីដំបូងដែលគាត់ធ្វើការដាំដុះ ម្តេចមិនទៅហាមឃាត់គាត់ ដល់ពេលគាត់ដាំ​បានផ្លែផ្កាបែរទៅបំផ្លាញរបស់គាត់ទៅវិញ»។

មន្រ្តីសម្របសម្រួសសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញ៉េប សំអឿន ដែលតាមដានករណីនេះដែរ និយាយថា ករណីអាជ្ញាធរខេត្តកោះកុងទៅកាប់បំផ្លាញ់ផ្ទះ ​និងដំណាំពលរដ្ឋនេះ គឺជាសកម្មភាពរំលោភសិទ្ធិ​មនុស្ស ដោយថា ទោះពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស ក៏មិនត្រូវធ្វើសកម្មករបែបនេះដែរ គួរដោះស្រាតតាម​នីតិវិធី។

លោកបន្តថា អាជ្ញាធរហាក់ភាពលម្អៀងចំពោះការផ្តល់ដីឲ្យទៅពលរដ្ឋ និងក្រុមហ៊ុនក្នុងតំបន់នោះ ដោយថា កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានកាត់ឆ្ងៀលដី ៣៦០០០ហិតា​ពីតំបន់ឧទ្យានជាតិបុទុមសាគរ ទៅឲ្យក្រុមហ៊ុន​ចិនធ្វើការវិនិយោគ ប៉ុន្តែ មិនបានកាត់ឆ្វៀលដីចែកជូនពលរដ្ឋក្រីក្រនៅតំបន់នោះទេ។

លោកបន្ថែមថា៖«រាល់ទម្រង់​នៃការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានក្តី អាជ្ញាធរថ្នាក់ណាក្តី ប្រសិនបើគាត់អនុវត្តបែបនេះ នោះមានន័យថា គាត់មិនបានគិតពីសិទ្ធិមនុស្ស​ សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្លួនឯងទេ គឺគាត់រំលោភ​បំពានទៅកាតិការសញ្ញា សេចក្តីប្រកាសជាសកលរដ្ឋធម្មនុញ្ញ ព្រោះជាគោលការណ៍ ប្រសិនជាពលរដ្ឋនៅ​ខុស​ច្បាប់មែន យើងត្រូវធ្វើ​ការផ្សព្វផ្សាយ ត្រូវមានសម្របសម្រួលគាត់ ដោយធ្វើយ៉ាងណាឲ្យគាត់មានការព្រមព្រៀងជាមួយ​អាជ្ញាធរ មិនមែនយកត្រង់តឺណឺ[ម៉ាស៊ីន​កាត់​ឈើ]ទៅកាត់ផ្ទះគាត់ចឹងទេ»។

បើតាមពលរដ្ឋ ប្រជាពលរដ្ឋប្រមាណ ១១០គ្រួសារទៀត ក៏​ត្រូវ​បាន​អាជ្ញាធរចោទថា រស់នៅលើដីឧទ្យានជាតិ​ផង​ដែរ ហើយ​ពួកគេ​​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ