រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។ មាត្រាមួយចំនួននៃច្បាប់កំពូលនេះ បានធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ បែងចែកអំណាចដាច់ពីគ្នា រវាងអំណាចទាំងបី មាននីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។
មាត្រា៥១ចែងដែរថា ព្រះរាជជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតិយ្យសេរីពហុបក្ស។
អ្នកតាមដានមួយចំនួនមើលឃើញថា ច្រើនឆ្នាំមកនេះ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មច្រើនដងនិងច្បាប់ខ្លះបានកើតឡើងជាហូរហែ ប៉ុន្តែពួកគេថាសមិទ្ធផលទាំងនោះ ធ្វើឡើងការពារតែប្រយោជន៍បក្ខពួក មិនបានជំរុញល្បឿនប្រជាធិបតេយ្យទេ។ រហូតអ្នករិះគន់ថា អ្នកនយោបាយបាននាំគ្នាធ្វើច្បាប់តាមរូបមន្តកាត់ក្បាលតម្រូវមួក ។
ដូចជាការជាធ្វើរដ្ឋធម្មនុញ្ញបន្ថែមឆ្នាំ២០០៤អំឡុងជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតអាណត្តិទី៣ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច។
ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញពី២ភាគ៣មក៥០បូក១វិញ ដែលមានគណបក្ស សម រង្ស៊ី ចូលរួមធ្វើច្បាប់ឯកព័ន្ធភាពសម្រាប់បណ្តេញសម្តេចក្រុមព្រះ ចេញពីប្រធានហ៊ុន ស៊ិនប៉ិច។
នេះមិនទាន់រាប់បញ្ចូលការធ្វើច្បាប់ដ៏សម្រូងសម្រាសផ្សេងទៀត ដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងចូលរួមអនុម័ត ដូចជាច្បាប់សហជីព ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញា ជាដើម។
ជាថ្មីម្តងទៀត អំឡុងជិតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៧និង២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ រដ្ឋសភាធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសមួយទៀត ដែលមន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេនឹងមិនចូលធ្វើវិសោធនកម្មច្បាប់ដ៏សម្រូវចម្រាសនេះទេ។
សេចក្តីស្នើច្បាប់ដែលធ្លាក់ដល់ដៃសភាហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាកឬរំលាយគណបក្សនយោបាយណាមួយចោលក៏បាន ប្រសិនបើគណបក្សនយោបាយនោះ បំពានទៅលើច្បាប់ថ្មីនោះ។
មាត្រា៣៨ ចែងពីការផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃនិងតុលាការកំពូលអាចចាត់វិធានការបាន ដូចជាចំនុចមួយចែងថា «ក្រសួងមហាផ្ទៃសម្រេចផ្អាក់សកម្មភាពរបស់គណបក្សនយោបាយនោះជាបណ្តោះអាសន្នក្នុងរយៈពេលជាក់លាក់។ ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយនោះ ក្នុងករណីកំហុសមានលក្ខណៈធ្ងន់ធ្ងរ»។
មាត្រា៦ចែងពីទោសកំហុសនោះថា «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិនិងបូរណភាពទឹកដី ធ្វើវិទ្ធំង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្សនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពាល់ដល់សន្តិនៃរដ្ឋ បង្កើតកម្លាំងប្រដាប់អាវុធ និងធ្វើការញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ»។
តើការកែច្បាប់ឲ្យតុលាការមិនឯករាជ្យអាចរំលាយបក្សនយោបាយបានប៉ះពាល់ប្រជាធិបតេយ្យទេ ?
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ លោកថាធ្វើច្បាប់បើកទូលាយធានាដល់សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយដោយស្មើភាពគ្នា។
លោក គល់ បញ្ញា វិភាគថា បើមើលពីខ្លឹមសារនៃសេចក្តីស្នើច្បាប់និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ លោកថា ច្បាប់នេះហាក់បានទុកឱកាសឲ្យមានការបកស្រាយច្បាប់ ដើម្បីដាក់សម្ពាធទៅគណបក្សនយោបាយដែលបានចូលរួមប្រកួតការបោះឆ្នោត មិនឲ្យមានលទ្ធភាពប្រកួតប្រជែងបានស្នើភាព និងថាបានប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើការប្រជាធិបតេយ្យ។
បើតាមលោក គល់ បញ្ញា ការចែងមិនឲ្យគណបក្សនយោបាយធ្វើអបគមន៍ និងបង្កើតកម្លាំងប្រដាប់អាវុធ លោកថា ជារឿងត្រឹមត្រូវដែលមិនងាកឆ្លាយពីគន្លងប្រជាធិបតេយ្យ។ ប៉ុន្តែថាចំនុចដែលចែងពីដាកទោសកំហុសពីការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋនិងញុះញង់ជាដើម លោកវិភាគថាចំនុចនេះអាចនឹងជាចំនុចព្រួយបារម្ភដល់ការបើកទទូលាយនៃការប្រកួតប្រជែងដោយស្មើភាព។
លោកថា៖ «ចំនុចបែកបាក់ជាតិ ចំនុចត្រង់ហ្នឹងងាយដល់ការបកស្រាយហើយកន្ងទៅ យើងធ្លាប់ឃើញអ្នកនយោបាយ អ្នកតំណាងរាស្ត្រមួយចំនួន របស់គណបក្សប្រឆាំងហ្នឹង ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារតែការបកស្រាយថាញុះញង់ហ្នឹងឯង។ ជួយកាលគ្រាន់តែបញ្ចេញមតិខុសគ្នា គេមិនអាចទៅចោទប្រកាន់ ទៅលើអ្នកនយោបាយ ទៅតំណាងរាស្រ្តទេ។ ហើយបញ្ហាមួយចំនួន ចៅក្រម និងព្រះរាជអាជ្ញានៅជាសមាជិកគណបក្ស[កាន់អំណាច]នយោបាយ ជាមន្ត្រីគណបក្សនយោបាយ ហើយយើងទៅកាត់ទោសរឿងនយោបាយ ទៅកាត់ទោសអ្នកនយោបាយនេះ វាអត់មានយុត្តិធម៌ទេ។ អានេះដែលជាបញ្ហា»។
និយាមមួយបែបទៀត លោក គល់ បញ្ជា វិភាគដែរថា សេចក្តីស្នើច្បាប់នេះ បើគ្មានការកែប្រែពីរដ្ឋសភាដែលមានសំឡេងភាគច្រើទេ លោកថាឧបករណ៍នយោបាយរបស់គណបក្សកំពុងគ្រង់គ្រងអំណាច។
លោកថា៖ «ច្បាប់ហ្នឹងវាបានបង្កការងាយស្រួយ ទៅធ្វើឲ្យគណបក្សប្រឆាំង គណបក្សដែលមកប្រកួតប្រជែងហ្នឹង គ្នាស្ថិតក្នុងស្ថានភាពមួយដែលគេងាយស្រួយក្នុងការបញ្ឈប់និងការរំលាយបាន។ ហើយវាប្រកដថានឹងប៉ះពាល់ដល់ការបោះឆ្នោតហ្នឹងវាមិនត្រឹមត្រូវនិងមិនយុត្តិធម៌។ ហើយបើប៉ះពាល់អាហ្នឹងវាប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សហើយ ព្រោះគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គេត្រូវការគណបក្សដែលចូលរួមប្រកួតប្រជែង ហើយគេត្រូវការគណបក្សដែលចូលរួមប្រកួតប្រជែងដែលមានកម្លាំងប្រហាក់ប្រហែលគ្នា»។
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា សេចក្តីស្នើច្បាប់នេះ បើគ្មានការកែប្រែទេ លោកវិភាគថា នឹងបង្គឲ្យមានការបែកបាក់ជាតិផងនិងទីបង្ករគ្រោះថ្នាក់ដល់ ប្រជាធិបតេយ្យដ៏ក្មេងខ្ចីនោះកម្ពុជា។
លោក សូ ចន្ថា លើកឡើងទៀតថា ការដែលលោកវិភាគបែបនេះ ដោយសារតែប្រព័ន្ធតុលាការពេលនេះ ស្ថិតក្រោមឥទ្ធិពលអ្នកកាន់អំនាច និងមួយវិញទៀតលោកថា អ្នកនយោបាយខ្មែរមិនចេះប្រើប្រាស់វប្បធម៌ជជែកគ្នារកដំណោះស្រាយ ហើយច្រើនយករឿងបុគ្គលវាយប្រហារនិងលាភពណ៌គ្នា លោកថាកត្តាទាំងនេះ និងជំរុញឲ្យមានភាពផុយស្រួយនៅពេលខាងមុខ។
លោកថា៖ «បើខ្ញុំមើលទៅច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ បានដាក់សម្ពាធ មានការរឹតត្បិតរបស់គណបក្សនយោបាយ បែបនេះ វាជាផ្នែកមួយដែលបង្ហាញថាកម្ពុជាកំពុងដើរនៅលើផ្លូវមិនមែនបែបប្រជាធិបតេយ្យនោះទេ ហើយបក្សកាន់អំណាចកំពុងត្រៀមរំលាយបក្សដែលជាដៃគូប្រកួតដ៏ស្រួចស្រាវនោះទៅវិញ ជាជាងត្រៀមខ្លួនទៅកាន់ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ តាមសន្លឹកឆ្នោតពិតប្រាកដរបស់ប្រជាពលរដ្ឋនៅបាទ»។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគប្រហាក់ប្រហែលដែរ ថា ច្បាប់នេះ មិនបានបើកទូលាយនៃលំហូរសេរីភាពបញ្ចេញមតិ និងការប្រកួតប្រជែងដោយស្មើភាព តាមបែបប្រជាធិបតេយ្យទេ។ លោកវិភាគថាតែផ្ទុយទៅវិញច្បាប់នេះនឹងត្រៀមផ្តួលគូប្រកួតនៅក្រោយការបោះឆ្នោតឆ្នាំ២០១៧ ឬជិតបោះឆ្នោតតំណាងរាស្រ្ត២០១៨៕