អ្នកព័ត៌មានធ្វើយុទ្ធនាការតាមអនឡាញស្នើដោះលែងអតីតបុគ្គលិកអាស៊ីសេរី

អតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ( រូបដោយ ជន ចាន់រ៉ែន)

ក្រុមអ្នកសារព័ត៌មានបាននាំគ្នាធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឲ្យតុលាការ​ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី (RFA) ពីររូប ដោយពួកគេយល់​ថា ការ​ចោទ​ប្រកាន់​​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​​អន្តរាយ​ដល់​ ប្រទេសជាតិនេះជា​ការ​ចោទប្រកាន់​មួយ​​ធ្ងន់ធ្ងរពេក។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ពីររូប​ ត្រូវ​បាន​តំណាង​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចោទប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ​តាម» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ក្នុងសេចក្ដីអំពាវនាវរបស់ក្រុមអ្នកសារព័ត៌មានដាក់លើអនឡាញនោះ ពួកគេមានបារម្ភ​​ចំពោះ​ការ​​ចោទ​ប្រកាន់​​នេះ ថាកំពុងតែ​បង្ក​ភាពភ័យ​ខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់ចុះ ខណៈដែលពួកគេ បាន​អនុវត្ត​តាម​​មាត្រា​៥​នៃ​ច្បាប់​សារព័ត៌មាន​ដែល​​ចែង​ថា សារព័ត៌មាន​មានសិទ្ធិ​ទទួល​ព័ត៌មាន​ដែលស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល។

លោក លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកសារព័ត៌មានម្នាក់ដែលបានចូលរួមក្នុងយុទ្ធនាការនោះថា លោកចូលរួមធ្វើយុទ្ធនាការជាមួយអ្នកសារព័ត៌មានផ្សេងៗទៀតនេះ ដោយយល់ថា តុលាការចោទនោះធ្ងន់ធ្ងរពេក ខណៈដែលអ្នកទាំងពីររូបនេះ ធ្វើការប្រកបដោយវិជ្ជាជីវៈ។

លោកថា៖ «ខ្ញុំគិតថាធ្ងន់ធ្ងរណាស់ បើយើងក្រឡេកទៅមើល​សម្រាប់បរទេសមួយចំនួន គេសរសេររឿងលក់ឲ្យក្រៅប្រទេស ហេតុអីមិនចោទប្រកាន់ គេអញ្ចឹងផងទៅ ហេតុអីបានជាដាក់សម្ពាធទៅលើពួកគាត់ទាំងពីរ។ អញ្ចឹងសម្រាប់យើង ជាអ្នកសារព័ត៌មាន ទាំងអស់គ្នាដែលធ្វើការសព្វថ្ងៃ ខ្ញុំយល់ថាយើងធ្វើការទាំងភ័យខ្លាច ភ័យខ្លាចរបៀបម៉េច? គឺភ័យខ្លាចនៅពេល ដែលព្យាយាម ធ្វើរឿងដែលស៊ីជម្រៅណាមួយ យើងគិតថានឹងអាចប៉ះ ពាល់ដោយសារអីយើងនឹងត្រូវ បានចោទប្រកាន់ ដោយករណីណាមួយ»។

លោក ទិត្យថារ៉ា បន្តថា យុទ្ធនាការដែលពួកគាត់ធ្វើនៅតាមអនឡាញ ចាប់ពីកុម្ភៈ រហូតដល់ចុងខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពួកគាត់នឹងយកញ្ញាត្តិនោះទៅដាក់នៅតុលាការ ក្រសួងយុត្តិធម៌ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យដោះលែងអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរីទាំងពីររូប។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធ គាំទ្រចំពោះលិខិចំហនេះ ដោយយល់ថា អ្នកសារព័ត៌មានទាំងពីររូបមិនបានប្រព្រឹត្តបទល្មើសអ្វីខុសច្បាប់នោះទេ។

លោកបន្តថា បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន បានចែងធានាដល់សិទ្ធិនិងសេរីភាព ក្នុងការយកព័ត៌មានទៅផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។

លោកថា៖ «ប្រជាពលរដ្ឋគ្រប់រូបគឺយើងអាចចែករំលែកព័ត៌មានទាំងនៅ ក្នុងប្រទេស​ទាំងលក្ខណៈអន្តរជាតិក៏ដូចជាអ្នកសារ ព័ត៌មានអន្តរជាតិ ក៏បានចែករំលែកព័ត៌មាន របស់គេមកដល់កម្ពុជាយើង ក៏ដូចជាប្រទេសដទៃទៀត នៅជុំវិញពិភពលោកដែរ។ អញ្ចឹងគ្រាន់តែជាការចែករំលែកផ្ដល់ព័ត៌មានតាមវិជ្ជាជីវៈសារព័ត៌មាន ខ្ញុំគិតថាវាមិនមែនជាកំហុសឆ្គងនោះទេ ប៉ុន្តែវា ថែមទាំងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញាក៏ដូចច្បាប់ស្ដីពីរបបសារព័ត៌មានខ្មែរទៀតផង»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចាត់ទុកការទាមទាមនោះថា ជាសិទ្ធិសេរីភាពរបស់អ្នកសារព៍ត៌មានក្នុងការ បញ្ចេញមតិ  ប៉ុន្តែលោកថា មិនបានផលប្រយោជន៍អ្វីនោះទេ។ លោកបន្តថា ការចោទប្រកាន់ទៅលើអតីត​អ្នក​យក​ព័ត៌មាន​ពីររូបនោះ គឺតុលាការធ្វើទៅតាមច្បាប់។

លោកថា៖ «បើនិយាយពីទិដ្ឋភាពបច្ចេកទេសគឺមិនទទួល បានផលអីទេ​​ មិនអាចជួយដល់ជនត្រូវចោទទាំងពីរនោះបានទេ។ អញ្ចឹងជាការល្អគួរតែចូលរួមក្នុងដំណើរការនីតិវិធីវិញ តើខ្លួន មានភស្តុតាងអ្វីខ្លះ ដើម្បីដោះបន្ទុកជនត្រូវចោទទាំងពីរនេះ ពីព្រោះថាខាងសមត្ថកិច្ច​គេមានភស្តុតាងដាក់បន្ទុកច្បាស់លាស់ និងគ្រប់គ្រាន់ហើយធ្ងន់ធ្ងរទៀតផង។ អញ្ចឹងអ្វីអាចធ្វើបានគួរចូលរួមដំណើរការនីតិវិធីដាក់នៅភស្តុតាងឯកសារទាំងឡាយណា ដែលមានប្រយោជន៍ដល់ជនត្រូវចោទទាំងពីរ ជាជាងការធ្វើនិយាយចំហដែលជាទិដ្ឋភាពច្បាប់គោលការណ៍ ច្បាប់ប្រជាធិបតេយ្យ មិនមានឥទ្ធិពលអ្វីទៅតុលាការទេ»។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យកាលពីថ្ងៃទី១៤ខែវិច្ឆិកា ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​រទៅ​ឲ្យ​​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។ វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈម​មួយ​ចំនួន​​ជាមួយរដ្ឋាភិបាល។​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធានការ ​ប្រសិន​បើ​​បុគ្គលិក​អាស៊ី​សេរី​នៅ​តែ​បន្ត​ចុះ​យកព័ត៌មានទៀតនោះ។​

អ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) កាលពីថ្ងៃទី១៣ ខែកុម្ភៈ  បង្ហាញរបាយការណ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា នឹងប​ន្ដធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាល របស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យ និងការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់។

កាលពីចុងខែវិច្ឆិកា ក្រុមអ្នកសារព័ត៌មាន​ក៏បានដាក់ញត្តិដែលមានស្នាមមេដៃជិត១០០ ដើម្បីសុំឲ្យតុលាការទម្លាក់បទចោទដែរ តែមិនទទួលបានផលទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ