ពល​រដ្ឋ​រង​ផល​ប៉ះពាល់​ពី​​ការ​អភិវឌ្ឍព្រែក​មួយ​​នៅខេត្ត​កណ្តាល​ចោទ​មេឃុំ​ថា​កិប​កេង​លុយ​សំណង

ពល​រដ្ឋ​រស់​នៅ​ស្រុកស្អាង ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​មេឃុំ​ថា​បាន​កិប​កេង​លុយ​សំណង​លើ​ការ​ខូចខាត​ពី​ការ​អភិវឌ្ឍ​ព្រែក​នៅ​ក្នុង​ស្រុក ខណៈ​មេឃុំ​បាន​បដិសេធ​ការ​ចោ​ទ​ប្រកាន់​នេះ។

ពល​រដ្ឋ​ជាង​១០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​ខេត្ត​កណ្តាល​ បាន​ត្អូញត្អែរ​ថា អាជ្ញា​ធរ​ឃុំ​បាន​កិប​កេង​លុយ​សំណង​ពី​ការ​អភិវឌ្ឍ​ព្រែក​ស៊ាង​លី យក​ទៅ​ចែកគ្នា ដោយ​ពុំ​បាន​ផ្តល់​សំណង​ដល់​ពួកគេ​ ខណៈ​ដីដំណាំ និង​អណ្តូរ​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញា​ធរ​ឈូ​សកាយ​យក​ដី​ធ្វើ​ព្រែកនោះ​។

ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍនេះ​លោក​ ប៉ក ម៉េង​ហាក់​ បាន​ប្រាប់​សារព័ត៌មាន​វី​អូ​ឌី​ថា រហូត​មក​ដល់​ពេ​ល​នេះ​មាន​រយៈពេល​២​ឆ្នាំ​ហើយ​ដែល​​ពល​រដ្ឋ​ជាង​១០​គ្រួសារ​នៅ​ក្នុង​ភូមិនេះ​មិន​ទាន់​ទទួលសំណង​នៃ​ការ​ខូតខាត​ ខណៈ​ដែលការ​សាងសង់​​បាន​បញ្ចប់​​។ លោក​ទាម​ទារ​ឲ្យ​សង​អណ្តូង​របស់​លោក​វិញ ដោយសារការជីកព្រែកប៉ះពាល់ហើយមិនមានសំណង។

លោក​ថា៖ « ខ្ញុំ​ចង់​បាន​តែ​អណ្តូង​វិញ​ទេតាំងពី​មុនបាព្រែកមក​ម្លេះ។ ខ្ញុំ​ចង់​បាន​ត្រឹម​តែ​អណ្តូង​ខ្ញុំ​វិញ​ទេ តែ​អណ្តូង​ខ្ញុំ​គឺ​អណ្តូង​ល្អ។ និយាយ​រួម​គឺទុយោក្រាស់​ មិន​យក​ទុយោ​​ស្តើង​ទេ គឺ​ខ្ញុំ​ត្រូវ​ការ​យក​ទុយោ​ក្រាស់​វិញ​ » ។

ពល​រដ្ឋ​ដែល​រស់​នៅក្នុង​ភូមិ​នេះ​ម្នាក់​ទៀត​លោក យ៉ែម វុន បានលើក​ឡើង​​ថាសំណង​របស់​ឃុំ​សម្រាប់ប្រជា​ពល​រដ្ឋ​មិន​សាក​សម​នឹង​តម្លៃ​នៃ​ការ​ខូច​ខាត​របស់​ពួកគេ​នោះ​ទេ ដោយ​ចោទ​មេឃុំ​ថា​បាន​កិប​កេង​លុយ​សំណង​ទាំង​នោះ​សម្រាប់​បក្ស​ពួកខ្លួន។

លោក​ថា៖ « គាត់​ឆ្លើយ​ថា​រឿង​ហ្នឹង​បញ្ជូន​ទៅ​ក្រសួង​! ហើយ​មិន​ដឹង​ថា​ក្រសួងណា? គាត់​ថា​ផុត​ពី​ដៃ​គាត់​ តែ​តាម​ការពិត​លុយ​គេ​ធ្លាក់​មក​សម្រាប់​សង​ហើយ តែ​គាត់​យក​ទៅ​ហែក​ចែក​គ្នា​ស៊ី​នោះណា។ ហើយ​គាត់​ឆ្លើយ​មួយ​ម៉ាត់ប៉ុហ្នឹង​ដើម្បី​កុំ​ឲ្យ​ពួកយើង​មា​ន​លទ្ធភាព​ប្តឹង​ទៅ​ក្រសួង​ទៀត​ » ។ ​

មេឃុំ​កោះ​ខែល​លោក អៀង ឌុល​ ​ថា​លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ មុន​នឹង​ដាក់​ទូ​រសព័្ធ​ចុះ​ដោយ​ថាលោក​ត្រូវ​ប្រជុំ​ជា​មួយ​អភិបាល​ខេត្ត។

លោក​ថា៖ « អត់​ទេ! អត់​មាន​ពាក់​ព័ន្ធ​អី​បន្តិច​ទេ! ឥឡូវ​ខ្ញុំ​សុំ​ប្រជុំ​បន្តិច​សិន ជា​មួយ​អភិបាល​ខេត្ត​ ឥឡូវ​កុំ​ទាន់​អាល​។ ចាំ​បន្តិច​ទៀត​ណា » ។

ព្រែក​ស៊ាង​លី​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៦ ដើម្បីចែក​ចាយ​ទឹក​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ខេត្ត​កណ្តាល​ ដោយ​មាន​ប្រវែង​ជិត​២គីឡូ​ម៉ែត្រ។ គម្រោង​នេះ​ត្រូវ​បាន​សិក្សានិង​រៀប​ចំ​ដោយ​មាន​ការ​ចូល​រួម​ពិភាក្សាពី​ថ្នាក់​ខេត្ត ដល់​ឃុំ​ដើម្បី​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​កសាងនេះ។

បើ​តាម​ប្រជា​ពល​រដ្ឋ​ការ​ដែល​ពល​រដ្ឋ​យល់​ព្រម​ឲ្យ​មាន​ការ​សាង​សង់​នេះព្រោះ​អាជ្ញាធរ​បាន​សន្យា​ថា​ផ្តល់​សំណង​សម​រម្យ​សម្រាប់​ពួកគេ​ចំពោះ​ការប៉ះពាល់​នៃ​ការ​សាង​សង់​ព្រែក​នេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ