ក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសឲ្យប្រជាពលរដ្ឋដែលកាន់ប័ណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍អាចបន្តប្រើប្រាស់បាន១០ឆ្នាំទៀតចាប់ពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៦។
ក្នុងសេចក្តីជូនដំណឹងដែលចេញថ្ងៃទី១៥ មីនានេះ ក្រសួងសាធារណការបានឲ្យដឹងថាក្រសួងនៅតែទទួលស្គាល់អ្នកដែលបានប្រើប្រាស់ប័ណ្ណបើកបរដែលមានសុពលភាពអចិន្ត្រៃយ៍ ដោយអាចប្រើប្រាស់ប័ណ្ណប្រភេទនេះបាន១០ឆ្នាំទៀត។ ក្រសួងបន្តថាអ្នកដែលប្រើប្រាស់បណ្ណដែលមានសុពលភាព៦០ឆ្នាំ ដែលគិតពីឆ្នាំកំណើត អាចប្រើប្រាស់ប័ណ្ណនេះបានរហូតដល់អស់សុពលភាព។
ក្រសួងបន្តថាសាធារណជនដែលកំពុងប្រើប្រាស់ប័ណ្ណបើកបរទាំងពីរប្រភេទនេះ ហើយមានបំណងចង់ប្តូរយកប័ណ្ណបើកបរថ្មីដែលមានសុពលភាព១០ឆ្នាំ នោះក្រសួងនឹងរៀបចំប្តូរជូន។
អ្នកនាំពាក្យក្រសួងសាធាណការ លោក វ៉ា ស៊ឹមសុរិយា បានឲ្យវីអូឌីដឹងថាអ្នកដែលមានប័ណ្ណមានសុពលភាពអចិន្រ្តៃយ៍គឺអាចប្រើរហូត លុះត្រាតែមានការជូនដំណឹងថ្មីនៅឆ្នាំទី១០ពីការប្រើប្រាស់ប័ណ្ណនេះ។
បើតាមលោក សុរិយា ប័ណ្ណថ្មីដែលធ្វើនៅចាប់ពីពេលនេះទៅគឺមានសុពលភាពត្រឹមតែ១០ឆ្នាំ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែមីនានេះ នគរបាលចរាចរណ៍បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីឡើងវិញ ដោយធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់និងធ្វើការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ ក្នុងការធានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕