បក្សប្រឆាំងការពារភាពស្របច្បាប់ ខណៈរដ្ឋាភិបាលមិនទាន់ផ្តល់សុពលភាពឲ្យបក្ស

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលកន្លងទៅ។

គណបក្សប្រឆាំងការពារថា ការធ្វើសមាជវិសាមញ្ញកែទម្រង់ក្បាលម៉ាស៊ីដឹកនាំ​របស់បក្សសម្រាប់ត្រៀមខ្លួន​ប្រកួ​ត​កា​របោះ​ឆ្នោតនោះ បានធ្វើឡើង​តាម​ទ​​ម្រ​ង់ច្បាប់ ខណៈរដ្ឋាភិបាលបង្ហាញមិនច្បា​ស់លាស់ពីកា​រផ្តល់​​​​​សុ​​​​ពល​ភាព ដោយថាសមាជនោះធ្វើខុសលក្ខន្តិកៈ។

កាលពីថ្ងៃទី១៤ មីនា រដ្ឋមន្ត្រីក្រសួងមមាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីស​ម្ពោធ​ផ្លូវ​មួ​យ​​​ខ្សែរ នៅខេត្តកំពង់ស្ពឺថា ក្រសួងជំនាញរបស់លោកទំនង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ដល់​សុពលភាព​ដល់​ស​​​មា​​​ស​ភាព​ក្បាល​ម៉ាស៊ីន​ថ្មីរបស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយថាគណបក្សនោះបាន​ធ្វើ​ខុស​ពី​លក្ខ​ន្តិកៈ​​គ​ណ​ប​ក្ស។

មួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៥ខែមីនា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ប្រើ​ប្រា​​ស់​បណ្តាញសង្គមប្រកាសថា សមាជរបស់ខ្លួនកាលពីថ្ងៃទី២មីនានោះថា បានធ្វើឡើង​តាមលក្ខន្តិ​កៈរបស់​​​គ​ណបក្សត្រឹមត្រូវ។

លោក អេង ឆៃអ៊ាង បានពន្យល់ថា សមាជគណបក្សមានពីរប្រភេទ គឺសមាជសមញ្ញនិងវិសមញ្ញ​។ ​លោ​កថាសមាជ​​សមញ្ញធ្វើ៥ឆ្នាំម្តង និងវិសមញ្ញធ្វើឡើងក្នុងករណីចំបាច់ តាមការស្នើសុំពីប្រធានគណបក្ស ឬពី​​​សំឡេ​​​ង២ភាគ៣នៃគណៈកម្មាធិការអចិន្ត្រៃយគណបក្ស ឬ២ភាគ៣នៃគណៈកម្មការនាយក។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា យោងតាម​ប្រកា២១នៃ​លក្ខន្តិកៈ គណៈ​កម្មាធិការអ​ចិន្ត្រៃយ​គណប​ក្ស​បាន​​​កោះ​ប្រជុំសមាជវិសាមញ្ញ​នៅថ្ងៃទី២ខែមីនា​។ លោកបន្តថាសមា​ជនោះ មានការគាំ​ទ្រដោយគណៈ​កម្ម​កា​​​រនា​​​យ​ក ដោ​យសំឡេងលើសពី២ភាគ៣ ទើបសមាជបានពិនិត្យនិងអនុម័តធ្វើវិសោធន​កម្មល​ក្ខន្តិកៈ​ប្រ​កា​​​រ៤​៥និងប្រការ៤៧។

បើតាមលោក អេង ឆៃអ៊ាង សមាជពេលនោះ បានផ្តល់សេចក្តីទុកចិត្តទៅលើលោក កឹម សុខា ឲ្យធ្វើជា​ប្រធា​នបក្ស លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងរូបលោកធ្វើជាអនុប្រធានបក្ស។

លោកថា៖ «ដូច្នេះខ្ញុំសូមជម្រាបជូនជាថ្មីម្តងទៀតថា សមាជវិសមញ្ញ របស់គណបក្សថ្ងៃទី​២ខែមីនាដែលយើ​ងបានរៀបចំធ្វើកន្លងមកនេះ ស្របតាមលក្ខន្តិកៈរបស់គណបក្សហើយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្ស​ដែ​ល​អនុម័តដោយសមាជវិសមញ្ញ កាលពីថ្ងៃទី២ខែមីនាកន្លងមកនេះ ក៏ស្របនឹងលក្ខន្តិកៈផងដែរ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា មកដល់ពេលនេះ ក្រសួងមិនទាន់​សម្រេចផ្ត​ល់សុ​ព​លភាពឲ្យគណបក្សសង្គ្រោះជាតិនៅឡើយទេ ដោយថា មន្ត្រីជំនាញកំពុងពិនិត្យ។

ប៉ុន្តែ​លោក អះអាងថា ជាទស្សនផ្ទាល់ខ្លួន សមាជនោះនៅតែប្រាស់ចាកពីលក្ខន្តិកៈរបស់គណបក្ស ដោយថាបើពិនិត្យទៅលើឯកសារដែល លោក សម រង្ស៊ី បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

លោកថា៖ «ជារួមយើងគ្មានអីចេះជាងគេទេ បើគេថាត្រូវៗហើយ ព្រោះវាជា​លក្ខន្តិកៈរបស់​គេ។ប៉ុន្តែ​[ខ្ញុំនិយា​យ]ក្នុងនាមជាអ្នកអព្យាក្រិតទៅវិញទេ នៅក្នុងប្រការ២១នេះគឺប្រការ២១នេះ គឺស​មាជមាន២ប្រ​ភេទ គឺសមាជសមញ្ញយ៉ាងម៉េច និងវិសមញ្ញយ៉ាងម៉េច។ ប្រ​ការ២១ដដែលហ្នឹង[​ស​រសេរថា]គ​ណៈ​កម្មាធិកា​រអចិន្ត្រៃ​យ៍គណបក្សមានភារ​កិច្ចកោះប្រជុំ​សមាជវិសម​ញ្ញ ឬសមញ្ញ ហើយ​សមា​ជទាំ​ងពីរ​ប្រភេទនេះ ត្រូវតែប្រា​រព្ធឡើង ក្រោមអធិបតីភាពប្រធានបក្ស បានសេ​ចក្តីថា​​ម៉េច ត្រូវតែប្រា​រព្ធឡើ​​ង​ក្រោម​អធិតី​ភាពឯកឧត្តមប្រធាន សម រង្ស៊ី ។ហើយយើងសួរទៅវិញ នៅពេល​បើកសមាជហ្នឹង សម រង្ស៊ី គាត់នៅដែ​រឬក៏អត់​ គាត់មានមកសមាជឬក៏អត់ អញ្ចឹងខុ​សតាំងពី​ដំបូង​រួចបា​ត់ទៅ​ហើយ»។

យ៉ាងណាក៏ដោយសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក យង់ គិមអេង លើកឡើងថា គណ​បក្សស​ង្គ្រោះជាតិមិនគួរមានបញ្ហាពីការចុះបញ្ជីគណបក្ស ឬផ្តល់សុពលភាពនេះទេ ដោយលោកថា លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សជាផ្លូវការរួចហើយ ។ លោកថា សមាជវិ​សមញ្ញ​នោះ​ទៀ​តសោ​ត ​លោ​ក សម រង្ស៊ី ក៏មិនបានប្តឹងផ្តល់ករណីនេះមកស្រួងមហាផ្ទៃដែរ។

អ្នកឃ្លាំ​មើលការបោះឆ្នោតរូបនោះ ជំរុញឲ្យក្រសួងមហាផ្ទៃធ្វើការឈរលើគោលការឯករាជ្យ បង្កលក្ខណៈ​ងា​យ​ស្រួ​ល​ឲ្យគណបក្សនយោបាយ នានាបានចុះឈ្មោះចូលរួម​ប្រកួតប្រជែងស្របតាម​លក្ខណៈច្បាប់​ដោ​​យត​​ម្លា​ភាព ជាជាងប្រើតួនាទី បង្កការលំបាក ដល់​គណបក្សដទៃដែលខ្លួនមិនគាំទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ