អង្គការអន្ដរជាតិមួយទៀតស្នើយកបញ្ហាសិទ្ធិមនុស្សកម្ពុជាពិភាក្សាក្នុងកិច្ចប្រជុំអាស៊ាន-អូស្ដ្រាលី

អង្គការលើកលែងទោសអន្ដរជាតិស្នើលើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសអូស្ដ្រាលី ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនោះផងដែរ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៤មីនា ថា ខណៈការបោះឆ្នោតកាន់តែជិតមកដល់ រដ្ឋាភិបាលកម្ពុជា​ បានរឹតត្បិតសិទ្ធិសេរីភាព​ និងបង្ក្រាបលើក្រុមអ្នកការពារសិទ្ធិមនុស្ស តាមរយៈការធ្វើច្បាប់គ្មានមូលដ្ឋាន ការធ្វើទុក្ខបុកម្នេញ និងប្រើហិង្សាលើសកម្មភាពតវ៉ាដោយសន្ដិវិធី។

អង្គការអន្ដរជាតិមួយនេះ ស្នើទៅបណ្ដាមេដឹកនាំ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី​ លើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅពិភាក្សានៅកិច្ចប្រជុំនេះ រួមទាំងបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃ ម៉ាឡេស៊ី និងការកាប់សម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី១៤មីនាកន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បាន​លើកឡើងដែរថា អូស្ដ្រាលី​មិនត្រូវគិតតែពីការរឹតចំណងសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយប្រទេសសមាជិកអាស៊ានពេក ហើយភ្លេចគិតពីបញ្ហាសិទ្ធិមនុស្សជាមួយកម្ពុជា​ ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា នោះទេ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ក៏ស្នើលើកយកបញ្ហាសិទ្ធិមនុស្សកម្ពុជាទៅពិភាក្សាផងដែរ ដូចជា ការរំលាយអតីតប្រឆាំង ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បា​នធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី ដែលនឹង​ប្រព្រឹត្ត​​ទៅនៅចន្លោះថ្ងៃទី១៧និង១៨មីនាខាងមុខនេះ។ ប៉ុន្ដែ វត្តមាន​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ​ ហាក់បាន​ញាំង​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​រស់នៅប្រទេស​អូស្ត្រាលីមួយចំនួន ដែលស្អប់ការដឹកនាំរបស់លោក បានប្រកាស​ត្រៀមធ្វើបាតុកម្មប្រឆាំងរូបលោកនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ