ប្រទេសកម្ពុជានិងប្រទេសចិននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមួយ នៅខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ ដើម្បីសិក្សាបទពិសោធន៍ថ្មីៗរវាងប្រទេសទាំងពីរ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងកម្តៅ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ប្រាប់ VOD នៅថ្ងៃនេះថា កម្ពុជា-ចិន នឹងប្រើ ឧត្ថម្ភាសចក្រ៩គ្រឿង រថពាសដែក រថយន្តដឹកជញ្ជូន រថយន្តពេទ្យ កាំភ្លើងធំ និងសម្ភារៈមួយចំនួនទៀត ដើម្បីធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅទីលានធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែមីនានេះ។
លោក សុជាតិ បញ្ជាក់ថា សមយុទ្ធនេះ មិនមែនជាការកំរាមកំហែងផ្នែកនយោបាយនិងប្រជាពលរដ្ឋនោះទេ។
លោកមានប្រសាសន៍ថា ៖ «យើងធ្វើសមយុទ្ធជាមួយចិន មិនមែនគំរាមនយោបាយបាយទេ យើងធ្វើដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក»។
អ្នកនាំពាក្យរូបនោះ បានអំពាវនាវទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅតំបន់សមយុទ្ធក្នុងខេត្តកំពង់ស្ពឺ កុំមានការផ្ញាក់ផ្អើល និងភិតភ័យផងដែរ ដោយថាសមយុទ្ធនេះ ធ្វើឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ៕