អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជា​ការ​វាយ​បក​ចំពោះ​ការ​លូក​លាន់​កិច្ចការ​បោះ​ឆ្នោត

នៅ​ក្នុង​ជម្លោះ​មួយ​ដែល​អាមេរិក​ចោទ​រុស្ស៊ី​ថា លូក​លាន់​ចូល​កិច្ចការ​បោះ​ឆ្នោត​របស់​ខ្លួន​នោះ នៅ​ថ្ងៃ​នេះ រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីភ្នាក់ងារ​ចារកម្ម​កំពូល​របស់​រុស្ស៊ី និង​បុគ្គល​ជាច្រើន​នាក់​ទៀត ក្រោម​ការ​ចោទ​ថា បាន​ព្យាយាម​គ្រប់​គ្រង​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​​កាល​ពី​ឆ្នាំ​២០១៦ និង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនថឹណិត ២​ករណី​ដាច់​ដោយ​ឡែក​ទៀត។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ទណ្ឌកម្ម​ថ្មី​នេះ ក្រោយ​ពី​​ការ​ពន្យា​ពេល​យ៉ាង​យូរ ដែល​ជំរុញ​ឲ្យ​មាន​កំហឹង​នៅ​ឯ​វិមាន​រដ្ឋាភិបាល​អាមេរិក និង​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ទៅ​លើ​ឆន្ទៈ​របស់​លោក ត្រាំ ក្នុង​ការ​ប្រឈម​មុខ​នឹង​ក្រុង​មូស្គូ។

វិធានការ​នេះ បាន​ដាក់​ទៅ​លើ​​ក្រុមហ៊ុន​ចំនួន ៥ និង​បុគ្គល ១៩​រូប ក្នុង​នោះ​មាន​ស្ថាប័ន FSB ដែល​ជា​ទីភ្នាក់ងារ​ចារកម្ម​កំពូល​របស់​រុស្ស៊ី ទីភ្នាក់ងារ​ចារកម្ម​យោធា  ឬ GRU និង​មនុស្ស ១៣​នាក់​ផ្សេង​ទៀត ដែល​បញ្ជាក់​ដោយ​លោក Robert Mueller ទីប្រឹក្សា​ពិសេស​អាមេរិក​ដោះ​ស្រាយ​ករណី​នេះ។

វិធានការ​នេះ​ក៏​ត្រូវ​បាន​ដាក់​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនថឹណិត ដែល​ប៉ុន​ប៉ង​វាយ​លុក​លើ​​ប្រព័ន្ធ​ថាមពល​អាមេរិក។

សេចក្ដី​សម្រេច​បែប​នេះ បាន​កើត​ឡើង បើទោះបី​ជា​លោក ត្រាំ បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា រុស្ស៊ី​មិន​បាន​ព្យាយាម​លូក​លាក់​លើ​កិច្ចការ​បោះ​ឆ្នោត ដើម្បី​ជួយ​ដល់​រូប​លោក​នោះ​ឡើយ ដោយ​មាន​ក្ដី​បារម្ភ​ថា ជ័យ​ជម្នះ​របស់​លោក​លើ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន អាច​នឹង​ធ្លាក់​ចូល​ក្នុង​បញ្ហា​ចោទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ