រដ្ឋាភិបាលថាបដិវត្តពណ៌អាចកើតមានដោយសារភាពអសកម្មរបស់អាជ្ញាធរ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថាបដិវត្តពណ៌នៅក្នុងប្រទេសកម្ពុជាអាចកើតឡើងដោយសារភាពអសកម្មរបស់មន្រ្តីនិងជំរុញឲ្យអាជ្ញាធរសិក្សាពីឬសគល់នៃបដិវត្តពណ៌នេះដើម្បីរកវិធានការទប់ស្កាត់។

ការលើកឡើងបែបនេះក្នុងខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជាដែលប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ។ លោក ស ខេង មានប្រសាសន៍ថាមន្រ្តីជំនាញត្រូវតែសិក្សាឲ្យបានច្បាស់ពីមូលហេតុនៃការកើតមានបដិវត្តពណ៌ឬបដិវត្តប្រជាជន ដើម្បីដាក់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពខ្ពស់។ លោកបន្ថែមថាកន្លងមកមន្រ្តីរដ្ឋាភិបាលមានវិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបដើម្បីកុំឲ្យមានបដិវត្តពណ៌នេះកើតមាន។

លោកបន្ថែមថា៖ “ចលនាឬបដិវត្តពណ៌ បដិវត្តរបស់ប្រជាជន អាចនឹងកើតមាននោះដោយសារតែភាពអសកម្មនូវការគ្រប់គ្រងបស់យើង អាហ្នឹងយើងនិយាយការពិត។ បើការគ្រប់គ្រងការដឹងនាំរបស់យើងមិនថាល្អឥតខ្ចោះនោះទេ ប៉ុន្តែវាអាចនឹងរួមរស់បាន សង្គមនឹងអាចសុខបានទាំងអស់គ្នា គ្មានហេតុផលនឹងធ្វើបដិវត្តពណ៌នោះទេ”។

លោក ស ខេង ក៏បានជំរុញឲ្យអាជ្ញាធរបន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីទប់ស្កាត់សកម្មភាពផ្សេងៗដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម។ លោកក៏បានលើកឡើងបន្ថែមថាការបោះឆ្នោតអាចជាជំរើសដ៏ល្អធានាឲ្យមានសេរីភាព មានការផ្សះផ្សា បង្រួបបង្រួមជាតិ និងអាចបន្តនិរន្តភាពតទៅទៀត។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ប្រទេសកម្ពុជាមិនអាចកើតមានបដិវត្តពណ៌នោះទេ ព្រោះប្រជាជនកម្ពុជាមានការរៀនសូត្រច្រើនពីការតវ៉ាដោយអហិង្សា។ លោកជំរុញឲ្យរដ្ឋាភិបាលបើកទូលាយចំពោះការតវ៉ាដោយសន្តិវិធីដើម្បីជាការផ្ញើសារពីទុកលំបាករបស់ពលរដ្ឋទៅកាន់រដ្ឋាភិបាល។

កន្លងមករដ្ឋាភិបាលបានចាប់ខ្លួនយុវជនម្នាក់ដោយចោទថាចង់ធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយកណបក្សប្រជាជនកម្ពុជា។ ការចាប់ខ្លួននេះ គឺសំអាងលើសាររបស់យុវជន គង់ រ៉ៃយ៉ា ដែលសរសេរលើហ្វេសប៊ុក ដែលរដ្ឋាភិបាលចោទថាមានខ្លឹមសារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

នៅព្រឹកថ្ងៃចន្ទនេះអាជ្ញាធរធ្វើការបង្ក្រាបដោយឃាត់ខ្លួនស្ត្រីសកម្មជនដីធ្លី៥នាក់ដែលពាក់អាវខ្មៅក្នុងយុទ្ធនាការទាមទាឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តី គ.ជ.ប មួយរូប ដោយអាជ្ញាធរអះអាងថាការធ្វើយុទ្ធនាការនេះជាសកម្មភាពបង្កឲ្យមានចលនាបដិវត្តពណ៌និងធ្វើឲ្យខូច សណ្ដាប់ធ្នាប់សង្គម។

កាលពីថ្ងៃចន្ទសប្តាហ៍មុនមន្រ្តីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និងជនបរទេសសរុប៨នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេញមួយថ្ងៃនៅពេលពួកគេ ពាក់អាវខ្មៅដើរទៅកាន់ពន្ធនាគារព្រៃសទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុកនិងមន្រ្តី គ.ជ.ប លោក នី ចរិយា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ