គ.ជ.ប ថាពលរ​ដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជីជាង​៣០​ម៉ឺន​នាក់គ្មាន​​​អត្តសញ្ញាណប័ណ្ណ​​

គ.ជ.ប

គណកម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោតបាន​ឲ្យ​ដឹង​ថាពល​រដ្ឋ​ ដែល​មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ជិត​​៤ភាគ​រយ ឬ​ស្មើ​នឹង​ជាង​៣០​ម៉ឺន​នាក់​បាន​ដាក់​បញ្ចាំអត្តសញ្ញាណ​ប័ណ្ណ​នៅ​គ្រឹះ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​គ.ជ.ប  ត្រូវ​មាន​រៀប​ចំ​នីតិវិធី​ថ្មី​សម្រាប់ពួក​គេ​ដើម្បី ឲ្យ​អ្នក​ទាំង​នោះ​បាន​បោះ​ឆ្នោត​។

អគ្គលេខាធិការ​រងគ.ជ.ប  លោក សោម សូរីដា មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជា​មួយ​គណបក្សសង្គ្រោះ​ជាតិ​នាព្រឹកនេះថា រហូត​មក​ទល់​នឹង​ពេលបិទ​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ជាង៣២​ម៉ឺននាក់​​នៃ​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​បាន​ប្រើ​ឯក​សារ​បញ្ជាក់​អត្តសញ្ញា​ណ​ដើម្បី​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​។ លោក​បន្ថែម​ថា តាម​ការ​ផ្ទៀង​​ផ្ទាត់ និង​​ឆ្លើយ​តបពី​ក្រសួង​មហា​ផ្ទៃបាន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​ពល​រដ្ឋ​៤ភាគ​រយ​នោះ​​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​​រួច​រាល់​ហើយ តែ​មូល​ហេតុ​ដែល​ពួក​គេ​ចុះ​ឈ្មោះ​ដោយ​ពុំ​មាន​អត្ត​សញ្ញាណ​​ប័ណ្ណ​នេះ​ព្រោះ​ពួកគេ​បា​នបញ្ជាំ​អត្តសញ្ញាណប័ណ្ណ​។

លោក​ថា៖ «ជាតួលេខខ្ញុំអត់ទាន់បានទទួលព័ត៌មានទេប៉ុន្តែ បើពិនិត្យជាទូទៅនៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតមាន%​ តួលេខមានបួនភាគរយ ប៉ុន្តែនៅពេលដែលយើងផ្តល់ព័ត៌មាននោះទៅក្រសួងមហាផ្ទៃ ក្រសួងបានឆ្លើយមកវិញថានៅក្នុង​%​នៃអ្នកប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតមានមួយចំនួនធំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិ្តខ្មែររួចទៅហើយ។ ប៉ុន្តែអត្តសញ្ញាណសញ្ជាតិខ្មែរនោះត្រូវបានប្រើប្រាស់ជារបស់បញ្ចាំនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ »

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នាព្រឹក​នេះ​ថា គណបក្ស​សង្គ្រោះ​បាន​ស្នើ​ដល់​គជប ឲ្យ​ជួយ​អន្តរគមន៍​ទៅ​លើ​ស្ថាប័ន​មីក្រួ​ហិរញ្ញវត្ថុណា​ដែល​ទទួល​យក​អត្តសញ្ញាណ​ប័ណ្ណ​ជាទ្រព្យ​បញ្ចាំ ដោយ​ថា​ស្ថាប័ន​មីក្រួ​ហិរញ្ញវត្ថុ​ទាំង​នោះ​កំពុង​ល្មើស​នឹង​ច្បាប់​កម្ពុជាហើយ។

លោក​ថា៖ « ម្យ៉ាងទៀតយើងក៏បាននិយាយអំពីអត្តសញ្ញាណប័ណ្ណដែលធនាគារមីក្រូហិរញ្ញវត្ថុយកអត្តសញ្ញាណប័ណ្ណនោះយកទៅធ្វើជាទ្រព្យតំកល់ដើម្បីខ្ចីលុយ ទង្វើនេះខុសច្បាប់ហើយ គឺមិនអាចធ្វើអញ្ចេសបានទេដូចច្នេះសុំឲ្យ មីក្រូហិរញ្ញវត្ថុនោះឆាប់ប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះមកឲ្យប្រជាពលរដ្ឋវិញ ដើម្បីឲ្យគាត់បានទៅបោះឆ្នោត យ៉ាងណាមិញខាងធនាគារជាតិក៏មានសមត្ថកិច្ចខាងគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនោះក៏ត្រូវចេញលិខិតណែនាំឲ្យបានច្បាស់ជាបន្តទៀត ដើម្បីប្រគល់អត្តសញ្ញាណប័ណ្ណទៅឲ្យប្រជាពលរដ្ឋដើម្បីគាត់អាចទទួលអត្តសញ្ញាណប័ណ្ណទៅបោះឆ្នោតបាន »

ជា​ការ​ឆ្លើយ​តប​លោក សោម សូរីដា មាន​ប្រសាសន៍​ថា​នាពេល​ខាង​មុខគជ​ប មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​ចេញ​លិខិត​ស្នើ​សុំ​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ឲ្យ​ប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ដល់​អ្នក​បោះឆ្នោត​វិញផង​ដែរ ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​គ.ជ.ប នឹង​ជូន​ដំណឹង​តាម​ពេល​ក្រោយ។

លោក​បាន​បញ្ជាក់​ថា​ដើម្បី​អាច​បោះ​ឆ្នោត​បាន​គឺតម្រូវ​​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​អស់ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ ឬ​​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​បម្រើដល់​ការ​បោះឆ្នោត។ ការបញ្ជាក់​អត្តសញ្ញាណ​សម្រាប់បម្រើឲ្យ​ការ​បោះ​ឆ្នោត​​គឺ​ចាប់​ផ្តើម​​ធ្វើ​នៅ​តាម​ឃុំ ​សង្កាត់​ចាប់​ពី​ថ្ងៃ​ទី៤ ឧសភា រហូត​ដល់​២​ មិថុនា​ឆ្នាំ​២០១៧​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួនអ្នកដែលបានចុះឈ្មោះរួចហើយសម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅថ្ងៃទី៤ខែមិថុនាឆ្នាំ​២០១៧នេះ មានប្រមាណជិត៨លាននាក់​(៧.៨៦៥.០​៣៣​នាក់​)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ