ឌុច ថារៀត​ណាម​មាន​បំណង​ដាក់​កម្ពុជា​ចូល​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរក្រហម)

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងប្រាប់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមថាកម្ពុជាប្រជាធិបតេយ្យយល់ថាប្រទេសវៀតណាមមានបំណងក្នុងការឈ្លានពានកម្ពុជាដោយចង់ដាក់កម្ពុជាចូលជាសហព័ន្ធឥណ្ឌូចិនក្នុងរបបគ្រប់គ្រងតែមួយ។

សហព័ន្ធឥណ្ឌូចិនមានបីប្រទេសគឺកម្ពុជា វៀតណាម និងឡាវ។

ក្នុងការផ្តល់សក្ខីកម្មលើកទី៧នៅថ្ងៃនេះ ឌុច ថានៅដើមឆ្នាំ១៩៧៨ លោក នួន ជា បានបញ្ជាឲ្យលោកថតសម្លេងនូវចម្លើយនៃអ្នកទោសដែលជាទាហានវៀតណាម ដើម្បីផ្សាយក្នុងវិទ្យុនៃរបបកម្ពុជាប្រជាធិបតេយ្យពីគោលបំណងរបស់ប្រទេសវៀតណាមក្នុងការបញ្ជូលកម្ពុជាជាសហព័ន្ធឥណ្ឌូចិន។

លោកបញ្ជាក់ថា៖ ពូ នួន នេះមានប្រសាសន៍នឹងវាទូទៅថាទាហានយួនគេបញ្ជូនមកមិត្តហើយណា ចាប់ផ្តើមសួរទៅយកចម្លើយវាផ្សាយក្នុងវិទ្យុអំពីយួនឈ្លានពានកម្ពុជាលេបកម្ពុជា ហើយប្រុងកសាងតំបន់សហព័ន្ធឥណូចិន។ … សួរទាហានយួនសួរចម្លើយពីរឿងផ្សេងៗអត់ប្រយោជន៍បានការប្រយោជន៍អី។ ដូច្នេះសំណួរដែលមានប្រយោជន៍សួរថាមេហែង បក្សហែង មានបញ្ជាឲ្យមកឈ្លានពានដីខ្មែរបំណងអី? សួរតែប៉ុណ្ណឹង ដើម្បីផ្សាយចិញ្ច្រាំរឿងនេះឲ្យសកលលោកជ្រាប

ក្នុងការធ្វើជាសក្ខីកម្មរបស់ ឌុច នៅថ្ងៃនេះលោកក៏បានបន្តបដិសេធពីវិធីធ្វើទារុណកម្មដែលមាននៅស២១និងចម្លើយរបស់អ្នកបកប្រែវៀតណាមនៅស២១ លោក ផា ថាចាន់ ថាជាគោលគំនិតរបស់ទីក្រុងហាណូយ។

លោកថា៖ “កិច្ចសម្ភាសន៍របស់គាត់(ផា ថាច័ន្ទ) វាមានគោលគំនិតមួយជាគោលគំនិតនយោបាយដោះស្រាយឲ្យវៀតណាម ដោះស្រាយឲ្យយួន ហើយគោលគំនិតមូយទៀតបំផ្លើសទារុណកម្មដែលធ្វើទៅលើគាត់។ គ្រប់ម៉ាកទាំងអស់ ខ្ញុំសុំបញ្ចាក់ថាជំនាន់គាត់នោះគ្មានអារឿងជ្រលក់ទឹកទៅក្នុងប្រអប់ដូចគាត់ឲ្យគេធ្វើហើយយកទៅដាក់តាំងក្នុងទួលស្លែងនោះទេ អត់ទេ។ … ខ្លឹមដែល ផា ថាចាន់ និយាយនេះគឺគាត់កាន់ជើងពួកមកពីហាណូយ និយាយឲ្យចំគឺគាត់កាន់ជើងផែនហូជីមិញក្នុងការលេបយកកម្ពុជា យកកម្ពុជាធ្វើជារណបរបស់ខ្លួន

ក្នុងសវនាការកាលពីថ្ងៃទី២៦ ខែមេសា លោក នួន ជា បានថ្លែងថាចាប់ពីឆ្នាំ១៩៧៥វៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ទាំងដែនទឹកនិងគោក។ លោករៀបរាប់ថាកាលពីដើមខែឧសភា១៩៧៥ កងទ័ពវៀតណាមបានឈ្លានពានតាមបរិវេណឆ្នេរសមុទ្រតាមខេត្តកំពតនិងនៅថ្ងៃទី៨ខែឧសភា កងទ័ពវៀតណាមឈ្លានពានចូលដីខ្មែរនៅជាប់ព្រំដែនខេត្តតៃនីងនៃប្រទេសវៀតណាម។ លោក នួន ជា បន្តថាកងទ័ពវៀតណាមថែមទាំងបានឈ្លានពានកោះពូលាវ៉ៃរហូតដល់កងទ័ពវៀតណាមបានរឹបយកមូលដ្ឋានខ្មែរនៅកោះពូលាវ៉ៃ តែលោកថាក្រោយមកវៀតណាមសុខចិត្តប្រគល់កោះនោះមកឲ្យកម្ពុជាវិញ។

អតីតបងធំទី២នៃរបបខ្មែរក្រហមរូបនេះឲ្យដឹងទៀតថាវៀតណាមបានបញ្ជូនខ្មែរដែលរស់នៅវៀតណាមតាំងពីឆ្នាំ១៩៥៤មកកម្ពុជាវិញ ដែលលោកថាពេលនោះវៀតណាមមានផែនការផ្តួលរំលំកម្ពុជាប្រជាធិបតេយ្យ។ លោកបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ១៩៧៦មានការប្រជុំមួយរវាងខ្មែរនិងវៀតណាមហើយថាខាងវៀតណាមមិនព្រមទទួលស្គាល់ខ្សែព្រំដែនប៊្រីវីយ៉េរបស់បារាំងនោះទេ។

លោក នួន ជា បញ្ជាក់ថាវៀតណាមបានព្យាយាមឈ្លានពាននិងគម្រោងធ្វើរដ្ឋប្រហារកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់ តាមរយៈការបញ្ជូនកងទ័ពឈ្លានពានចូលកម្ពុជាតាមខេត្តដែលជាប់វៀតណាម។ លោកថាកម្ពុជាប្រកាសកាត់ទូតជាមួយវៀតណាមដោយសារនយោបាយឈ្លានពានវាតទីកម្ពុជារបស់វៀតណាម

អ្នកជំនាញលោក អាឡិច ហ៊ិនតុន (Alex Hinton) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “ហេតុអ្វីគេសម្លាប់មនុស្ស” បោះពុម្ភក្នុងឆ្នាំ២០០៤ដែលសៀវភៅនោះនិយាយអំពីការសម្លាប់មនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា ហើយរួមនឹងការសម្លាប់ផងដែរនោះ។ លោកបន្តថាការបញ្ជូននេះដោយសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។

លោក ហ៊ិនតុន ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជាក្រោយពេលអាណានិគមនិយមបារាំងវៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែ ដូចជាក្នុងរឿងដាំតែអុងជាដើម។ លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។

បើតាមសាក្សីជំនាញមានរឿងរ៉ាវប្រវត្ដិសាស្ដ្រយ៉ាងច្រើនដែលធ្វើឲ្យជនជាតិខ្មែរស្អប់ជនជាតិវៀតណាម ហើយពួកគេតែងហៅវៀតណាមថាជា ”យួន”។ អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យ លន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ