លោក អ៊ុំ សំអាន សុំលើកពេលតតាំងក្តីនៅតុលាការកំពូលដោយថាអត់មេធាវី

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេលបញ្ជូនមកតុលាការកំពូលកាលពីថ្ងៃទី២១ កញ្ញា

តំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ស្នើតុលាការកំពូល លើកពេលសវនាការ លើបណ្តឹងសាទុក្ខ របស់ខ្លួន ប្រឆាំងនឹងសាលក្រមចោទប្រកាន់ របស់សាលាដំបូង ដោយសំ​អាងថា គ្មា​នមេ​ធាវីកា​រពារក្តី។

លោក អ៊ុំ សំអាន ដែលសកម្មក្នុងការរិះគន់បញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ចចា​ប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា ក្នុងខេត្តសៀមរាប កាលពីយប់​រំលង​អាធ្រាតថ្ងៃ១១ខែមេ​សាឆ្នាំ២​០១៦។

បន្ទាប់មក នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់​​ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ដោយចោទពីបទបទញុះញង់ឲ្យ​ប្រព្រឹត្តបទឧក្រិ​ដ្ឋជា​អាទិ៍​ និង​​​ញុះ​​​ញង់ឲ្យមានការរើសអើង ក្រោយពីតំណាងរាស្ត្ររូបនេះ និយាយថា ការបោះបង្គោលព្រំដែន តាម​ស​ន្ធិ​សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឲ្យកម្ពុជាបាត់ដីខ្លះទៀតទៅវៀតណាម។

ប៉ុន្តែការចោទនេះ ត្រូវបានលោក អ៊ុំ សំអាន ច្រានចោល នឹង​ប្តឹ​ងជាបន្តបន្ទាប់ រហូត​ដល់តុលា​ការកំពូល។

នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់លោក អ៊ុំ សំអាន។ ប៉ុន្តែលោក អ៊ុំ សំអាន បានស្នើសុំតុលាការ ឲ្យលើកពេលវិញ ដោយថា គ្មានមេធាវីការពារ និងបានប្រកាសនៅមុខក្រចកសេះ ថា មិនទទួលយកមេធាវី ដែលតុលាការចាត់តាំ​ងនោះទេ។

VOD មិនអាចទាក់ទង មេធាវីមួយចំនួន ដែលធ្លាប់ការពារលោក អ៊ុំ សំអាន ដូចជា លោក ជូង ជូងី លោក សំ សុគង់ ដើម្បីសុំការបំភ្លឺករណីនេះ បានទេ ដោយទូរស័ព្ទរបស់មេធាវីទាំងពីររូប គ្មានអ្នកទទួល។

យ៉ាងនេះក្តី ប្រធានចៅក្រមក្នុងអង្គជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានយល់ព្រម តាម​សំណើរលោក អ៊ុំ សំអាន ដោយចៅក្រមថា ទុកពេលយ៉ាងយូ៣ខែទៀត ឲ្យលោក អ៊ុំ សំអាន រកមេធាវី។

លោក ឃឹម ប៉ុណ្ណ បញ្ជាក់ថា បើលោក អ៊ុំ សំអាន មិនអា​ចរកមេ​ធាវី​បាន លើសពី៣ខែ លោកថា តុលា​កា​រជាន់ខ្ពស់មួយនេះ នឹងរកមេធាវីចាត់តាំង ឲ្យចូលការពារក្តីជំនួសម្តងទៀត។

ជាការកត់សម្គាល់ សវនាការនៅតុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ ​មានការរឹតបណ្តឹង ដោយសមត្ថកិ​ច្ចយា​មនៅតា​ម​ច្រ​​កចូលមិនអនុញ្ញាត អ្នកចូលស្តាប់សវនាការសាធារណ​នេះ យកទូរស័ព្ទដៃចូ​លបានទេ ដោ​យ​អះអាងថា ជាបញ្ជា​ររបស់ថ្នាក់លើ។

ក៏ប៉ុន្តែ ក្រឡាបញ្ជី របស់តុលាការកំពូល បានប្រកាសបទបញ្ជាផ្ទៃក្នុង មិនបាន​ហាម​អ្នកចូលរួមស្តាប់ យក​ទូ​រ​ស័ព្ទដៃចូលក្នុងអង្គសនាការនោះទេ ដោយគ្រាន់តែប្រកាស ហាមថ​តរូបដោយគ្មានការអនុញ្ញាតិ និ​ងត​ម្រូវ​ ឲ្យបិទសំឡេងរោទិ៍តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ