សពជយលាភីពានណូបែលសន្តិភាព​​​​​​ចិនត្រូវបានបូជានិងបាចធាតុចូល​​​​​​​​​​​​​សមុទ្រ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:04 AM | អន្តរជាតិ | 0 | 4447

ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ចិន លោក លីវ ស៊ាវប៉ូ បាន​បាត់​ជីវិត​ហើយ បន្ទាប់​ពី​ប្រឈម​មុខ​នឹង​ជំងឺ​មហា​រីក​ធ្ងន់​ធ្ងរ ហើយ​ធាតុ​របស់​លោក ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​បាច​នៅ​ឯ​សមុទ្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បាន​ដក​ស្រង់​សម្ដី​ប្អូន​ប្រុស​របស់​លោក លីវ។

លោក លីវ អាយុ ៦១​ឆ្នាំ ត្រូវ​បាន​បូជា​បន្ទាប់​លោក​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង ស្ថិត​នៅ​ភាគ​ឦសាន​ទីក្រុង​ស៊ិនយ៉ាង ជាទី​ដែល​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ព្យាបាល​ជំងឺ​មហារីក​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ។ លោក​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​គុក​ឲ្យ​ទៅ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ មិន​ត្រូវ​បាន​ដោះ​លែង​នោះ​ឡើយ។

លោក លីវ ត្រូវ​បាន​អាជ្ញាធរ​ចិន​ដាក់​គុក​រយៈ​ពេល ១១​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៩ ដោយ​រង​ការ​ចោទ​ថា បាន​ញុះញង់​ឲ្យ​ផ្ដួល​រំលំ​អំណាច​រដ្ឋ បន្ទាប់​ពី​លោក​បាន​ជួយ​សរសេរ​ញ្ញត្តិ​មួយ ហៅ​ថា “ច្បាប់ ០៨” ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​យ៉ាង​ធំ​ធេង។

ចំណែក​ភរិយា​លោក លីវ គឺ​អ្នកស្រី លីវ សៀ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ផង​ដែរ ក្រោយ​ពី​ស្វាមី​របស់​អ្នកស្រី​ទទួល​បាន​ពាន​ណូបែល​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​២០១០ ប៉ុន្តែ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​មួយ​ខែ​ម្ដង។ ទោះជាយ៉ាងណា អ្នកស្រី​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​នោះ​ឡើយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required