រដ្ឋាភិបាលប្ដូរតំណែងអភិបាលខេត្ដព្រះវិហារទៅក្រសួងមហាផ្ទៃ

អតីតអភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា (ដោយ បូ សាវី)

រដ្ឋាភិបាលកម្ពុជាបានសម្រេចប្ដូរតំណែងអភិបាលខេត្ដព្រះវិហារលោក អ៊ុំ ម៉ារ៉ា ឲ្យទៅក្រសួងមហាផ្ទៃ ដោយតែងតាំងជំនួសដោយអភិបាលរងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ដជំនួសលោក អ៊ុំ ម៉ារ៉ា។

ព្រះរាជក្រិត្យចុះថ្ងៃទី១២ខែសីហា ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ពេលព្រះមហាក្សត្រអវត្តមាន បានតែងតំាងលោក អ៊ុន ចាន់ដា ជាអភិបាលរងខេត្ដព្រះវិហារ ជាអភិបាលខេត្ដជំនួសលោក អ៊ុំ ម៉ារ៉ា ដោយអតីតអភិបាលខេត្ដរូបនោះទៅកាន់តំណែងថ្មីនៅទីស្ដីការក្រសួងមហាផ្ទៃ។

សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៅខេត្ដព្រះវិហារសារទរចំពោះការផ្លាស់ប្ដូរតំណែងអភិបាលលោក អ៊ុំ ម៉ារ៉ា ទៅក្រសួងមហាផ្ទៃ ដោយថាការកាន់តំណែងយូរអង្វែងរបស់អ្នកដឹកនាំ លោកថាធ្វើឲ្យការដឹកនាំគ្មានប្រសិទ្ធភាពនិងបង្កើតបក្សពួកនិយមនិងគ្រួសារនិយម។

មន្ដ្រីផ្នែកតស៊ូមតិនៃអង្កការពន្លកខ្មែរខេត្ដព្រះវិហារ លោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថាកន្លងមកការដឹកនាំអតីតអភិបាលរូបនោះបានគំរាមកំហែងដល់សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងខ្វះឆន្ទះដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋនៅតំបន់នោះ ដែលលោកថាភាគច្រើនពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននិងអ្នកមានអំណាច។

VODមិនអាចទាក់ទងអតីតអភិបាលខេត្ដព្រះវិហារលោក អ៊ុំ ម៉ារ៉ា ដើម្បីសាកសួរបន្ថែមលើករណីនេះបានភ្លាមៗនៅឡើយទេ។

លោក អ៊ុំ ម៉ារ៉ា កាន់តំណែងអភិបាលខេត្ដព្រះវិហារជិត១០មកហើយ ដោយចាប់តាំងពីឆ្នាំ២០០៨ដល់ជាងពាក់កណ្ដាលឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ