សាលាក្តីខ្មែរក្រហម​បញ្ចប់កិច្ចស៊ើបសួរលើឈ្មោះ អោ អាន​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 3:16 PM | ខែ្មរក្រហម | 0 | 2575

សាលាក្តីខ្មែរក្រហម​ប្រកាសបិទបញ្ចប់ការស៊ើបសួរលើអតីតកម្មាភិបាលក្នុងសម័យខ្មែរក្រហមឈ្មោះ អោ អាន ហើយប្រកាសជូនដំណឹងឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជ្រាបជាដំណឹង។​​

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម​ចេញផ្សាយនៅថ្ងៃនេះបានលើកឡើងថា សហចៅក្រមស៊ើបអង្កេត បានជូនដំណឹងដល់ភាគីទាំងអស់នៅក្នុងសំណុំរឿង ០០៤ និង ០០៤/១ ថាកិច្ចស៊ើបសួរប្រឆាំងនឹង អោ អាន បានបញ្ចប់។ សហចៅក្រមស៊ើបអង្កេតក៏បានចេញដីកាសម្រេចបំបែកនីតិវិធីពាក់ព័ន្ធនឹង អោ អាន ចេញពីសំណុំរឿង ០០៤ ហើយបង្កើតសំណុំរឿងថ្មី គឺសំណុំរឿង ០០៤/០២។

សេចក្តីជូនដំណឹងនៅថ្ងៃនេះ គឺជាការបិទកិច្ចស៊ើបសួរដែលបានធ្វើឡើងអស់រយៈពេលជាង៨ឆ្នាំលើ អោ អានទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទថាបានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

លោក អោ អាន រងការចោទថា ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមាន ការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញមកលើ “ប្រជាជន១៧មេសា” អតីតទាហាន លន់ នល់ កម្មាភិបាលភូមិភាគកណ្តាល (ឧត្តរចាស់) គ្រួសាររបស់ពួកគេ អ្នកក្រោមបង្គាប់របស់ពួកគេ ប្រជាជនមកពីភូមិភាគបូព៌ា ដោយចោទថា “សមាសភាពមិនល្អ” និង“ខ្មាំងផ្ទៃក្នុង” ការធ្វើទុក្ខបុកម្នេញមកលើប្រជាជនចាម និងប្រជាជន វៀតណាម និងអំពើអមនុស្សធម៌ដទៃទៀត រួមមាន អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភលើផ្លូវភេទ ការបាត់ ខ្លួនដោយបង្ខំ ការធ្វើបាបរាងកាយ ពលកម្មដោយបង្ខំ និងការឃុំឃាំងក្នុងស្ថានភាពអមនុស្សធម៌ ការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ រួមមានមនុស្សឃាតដោយចេតនា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required