កម្ពុជាគ្រោងជួលដីតាម​ព្រំ​ដែនវៀតណាមឲ្យទៅចិន

រដ្ឋាភិបាលមានគម្រោង​ជួល​ដីនៅតាមព្រំដែន​កម្ពុជានិងវៀតណាមទៅ​ឲ្យ​ក្រុម​ហ៊ុន​ចិន​ធ្វើកសិកម្ម ដោយ​ថា​ដើម្បី​បង្កើន​ការ​ងារ​ជូន​ប្រជា​ពល​រដ្ឋនិង​ការ​ពារ​ព្រំ​ដែន។

អភិបាល​ខេត្ត​តាកែវ​ លោក​ ឡាយ​ វណ្ណៈ​ បានឲ្យ​វី​អូ​ឌី​ដឹង​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​បាន​ស្នើ​ដល់​​ក្រុម​ហ៊ុន​ចំនួន​ពីរ​របស់​ចិន​​ឲ្យ​មក​ធ្វើការ​វិនិយោគ​ទៅ​វិស័យ​កសិកម្ម​នៅ​តាម​ព្រំ​ដែន​កម្ពុជា​និងវៀត​ណាម​។ លោក​បន្ថែម​ថា​ក្រុម​ហ៊ុន​ទាំង​ពីរ​នោះ​មាន​ក្រុម​ហ៊ុន ស៊ាងដា ​និង​ លីហ្វុង ​បាន​សន្យាថា​នឹង​ចុះ​កិច្ច​ព្រម​​ព្រៀង​វិនិ​យោគ​​កសិកម្ម​ ដែល​គិត​ជា​ទឹក​ប្រាក់ប្រមាណ​​ជាង​​១០០​លាន​ដុល្លារ។​ ទោះ​ជាយ៉ា​ង​ណា​លោក​មិន​ទាន់​អាច​បញ្ជាក់​បា​ន​ទេ​ថា​ក្រុម​ហ៊ុន​ទាំង​នោះ​វិនិយោគ​លើ​ដី​ប៉ុន្មាន​ហិកតា​និង​នៅ​ក្នុង​ស្រុកណា​ខ្លះ​ទេ ដោយ​ថា​នឹង​ជួប​ចរចាបន្ត​ជាមួយ​ក្រុម​ហ៊ុន​ទាំង​នោះ។

លោក​ថា៖ «ខ្ញុំ​បាន​ស្នើគាត់​ដើម្បី​ឲ្យ​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ថា​មិន​ឲ្យ​ជួល​ដី​ស្រែតាមព្រំ​ដែនទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ មិន​ថា​ថៃ​ មិន​ថា​វៀតណាម​ទេ ​ឲ្យ​តែ​ប្រទេស​ជិត​ខាង។ ដែល​យើង​អាច​សល់​ដី​នៅ​តាមព្រំ​ដែន​ ហើយ​ខ្ញុំ​បាន​ស្នើដល់​ក្រុម​ហ៊ុន​​លី​ហ្វុង​ហ្នឹង ដើម្បី​ឲ្យ​គាត់​ជួល​ដី​ស្រែ​ពីប្រជាពល​រដ្ឋ​ដើម្បីកុំ​ឲ្យ​ពួកគាត់​ទុក​ដី​ហ្នឹង​ទំនេរ និង​ជួយពួកគាត់ក្នុងការ​រក​ដីឲ្យ​ពួក​គាត់​ និង​ឲ្យ​ប្រជា​ពល​រដ្ឋ​អាច​ដាំ​ស្រូវ​នាំ​ចេញ​ទៅ​កាន់​ខេត្ត​ហួរ​ប៉ីដែរ»។

នាយក​ប្រត្តិ​បត្តិសម្ព័ន្ធ​គណនេយ្យភាព​សង្គម​ លោក សន ជ័យ យល់​ថា​នេះ​កម្សោយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​តាម​ព្រំ​ដែន​របស់​ខ្លួន។ លោក​បន្ថែម​ថា​បើ​ទោះ​បី​ជា​​សម្រេចជួល​ដី​ឲ្យ​ចិន​វិញក៏​ដោយ ​ក៏​លោក​ថា​វា​គ្រាន់​តែជា​ការ​ផ្លាស់​ប្តូរ​ពី​ការ​ជួល​បែប​ចាស់​ទៅ​ជា​បែប​ថ្មី​ប៉ុណ្ណោះ ដែល​វា​នៅ​តែ​មាន​គ្រោះ​ថា្នក់​ដល់​ព្រំ​ដែន​កម្ពុជា​ដដែល។

លោក​ថា៖​ «ទោះ​ជា​ចិន​មិន​មាន​ព្រំ​ដែន​ជា​ប់​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ​មុខ​សញ្ញា​របស់​គេ​គឺ​ការ​រក​ផល​ចំណេញ ហើយ​ប្រសិន​ជា​គេ​រក​មិន​បាន ទៅ​តាម​ផែន​ការគេ​សួរ​ថា ​តើ​គេ​សុខ​ចិត្ត​ទុក​ដី​ហ្នឹង​នៅ​ទំនេរ​ គេ​ឲ្យ​មក​កម្ពុជា​វិញ​ ឬ​ក៏​គេ​ជួល​ទៅ​វៀតណាមបន្តទៀត​ ដូចដែល​ធ្លាប់ធ្វើ​កន្លង​មក។ សូម្បី​ម្ចាស់​ដី​ជា​ខ្មែរ​ផង​នៅ​តែ​ជួល​ដី​ឲ្យ​យួន!»។

លោក​ថា​ដើម្បី​អាច​ឲ្យ​កម្ពុជា​ការ​ពារ​បាន​បូរណភាព​ព្រំ​ដែន​ខ្លួន​នោះ មិន​មាន​វិធី​ណា​ដែល​ល្អ​ជាង​សកម្មភាព​​របស់​ប្រទេស​កម្ពុជាខ្លួនឯងនោះ​ទេ ក្នុង​ការ​វិនិយោគ​ព្រំ​ដែននេះ​​។ លោក​ថា​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រំ​ដែន​ទាំង​នោះ​ជា​កន្លែង​​​​​សម្បូរ​ការ​ងារ​ មាន​ហេដ្ឋារចនា​សម្ព័ន្ធគ្រប់​គ្រាន់​ នោះ​ពិត​ជា​អាច​ទាក់​ទាញ​ប្រជា​ពល​រដ្ឋឲ្យ​ទៅ​រស់​នៅ​ ហើយ​វា​អាច​ជា​ខែល​ការ​ពារ​ព្រំ​ដែន​របស់​ខ្លួន​ដោយ​​ខ្លួន​​ឯង​ផង​ដែរ។

គួរបញ្ជាក់​ផង​ដែរ​ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាល​បានចេញ​សារាចរ​ហាម​ជួល​ឬលក់​ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង រួម​ទាំង​តំបន់​មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ​។ រដ្ឋាភិបាល​លើក​ឡើង​ថា​ការជួល​ដី​ជាប់ព្រំដែន​ឲ្យទៅប្រទេសជិតខាង ថាបានបង្កភាព​ស្មុគស្មាញដល់កិច្ចការ​របស់គណៈ​​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ក្នុងការអនុវត្តការងាររបស់ខ្លួន។ ​ទោះ​ជាយ៉ាង​ណាបក្ស​ប្រឆាំងធ្លាប់​បាន​លើ​កឡើង​ថា​បើ​ទោះ​បី​ជាមាន​សារាចរនេះ​ក៏​ដោយ​ក៏ដីមួយ​ចំនួន​នៅតែមាន​បន្ត​ជួលឲ្យ​ទៅប្រទេសជិតខាងដដែល​ដែល​ស្ថិត​ក្រោម​រូបភាព​លាក់បាំងពីអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ