ប្រទេសកម្ពុជានឹងទទួលរងភ្លៀងកក់ខែបន្តទៀតក្នុងរដូវក្តៅនេះ ហើយក៏អាចនាំឲ្យមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មកជាមួយផង។ នេះបើតាមការព្យាករណ៍របស់ក្រសួធនធានទឹក និងឧតុនិយម។
ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍គិតពីថ្ងៃទី១៧ដល់២៣ មីនា ២០១៧ របស់ក្រសួងធនធានទឹកនិងឧតុនិយមម្សិលមិញ ឲ្យដឹងថា កម្ពុជាកំពុងគ្របដណ្តប់ដោយកំរិតសម្ពាធទាប ហើយភ្លៀងកក់ខែបន្តធ្លាក់នៅតាមបណ្តារខេត្តតំបន់វាលទំនាបមានដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តព្រៃវែង។ ចំណែកបណ្តារខេត្តតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន្តមានដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី។ តំបន់មាត់សមុទ្រដែលអាចមានភ្លៀងកក់ខែដែរ គឺមានតែខេត្តកោះកុងមួយទេ។
ការព្យាករណ៍ឲ្យដឹងដែរថា កំរិតកំដៅខ្ពស់បំផុតក្នុងសប្តាហ៍ខាងមុខនេះ គឺពី៣២ទៅ៣៥អង្សាសេ។
ក្រសួងក៏បានរំលឹកឲ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង។
កាលពីសប្តាហ៍មុន នៅឯភាគ្យពាយព្យប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានទទួលរងភ្លៀងកក់ខែធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ធ្វើឲ្យខូចផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន៕