វិភាគ៖ តើនឹងមានការប្រែប្រួលដូចម្តេចក្រោយពីអវត្តមាន លោក សុខ អាន?

លោក សុខ អាន កាលពីពេលកន្លងទៅ

លោក សុខ អាន ជាឧបនាយករដ្ឋមន្រ្តីដែលទទួលមរណៈភាពក្នុងអាយុ៦៦ឆ្នាំ បានកាន់មុខតំណែងជាច្រើនក្នុងស្ថាប័នរដ្ឋ។ លោកជាមនុស្សទី១៤ក្នុងជួរគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ។លោកក៏ជាមនុស្សមានសមត្ថភាពខ្ពស់ជាងគេម្នាក់ក្នុងជួរគណបក្សនេះតាំងពីដំបូង។

តាមគេហទំព័រ Wikipedia បង្ហាញថា លោក សុខ អាន បានកាន់កាប់​មុខ​តំណែងយ៉ាងតិច១០កន្លែង។ មុខដំណែងសំខាន់ៗ ក្រៅពីសមាជិករដ្ឋសភានិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនោះ លោក សុខ អាន មានតួនាទីជា៖

  1. ប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល
  2. ប្រធានអាជ្ញាធរអប្សារា
  3. ប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា
  4. ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
  5. ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា
  6. ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
  7. ប្រធានក្រុមការងារដើម្បីកាត់ទោសខ្មែរក្រហម
  8. ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល
  9. ប្រធានគណៈកម្មាធិការជាតិអវិនិយោគរបស់រដ្ឋ លើសហគ្រាសចំការកៅស៊ូ ក្រុមហ៊ុនសំភារៈកសិកម្ម និង ក្រុមហ៊ុនជលផល
  10. អនុប្រធានវិទ្យាស្ថាន Centralist Democratic Institute, CDI, Asia Pacific ។

នៅតាមបណ្តាញសង្គម មានការរិះគន់ជាបន្តបន្ទាប់ដោយប្រៀបធៀប លោក សុខ អាន ទៅនឹងព្រះនរាយណ៍ដែលមានដៃ១០។ ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តួនាទីលោក សុខ អាន បានកើនឡើងរហូតដល់ជាង២០ស្ថាប័នជាតិ។ នេះដោយយោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួន។

អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា ក្រោយការស្លាប់របស់ «បក្សជន» ដែលមានឥទ្ធិពលរូបនេះអាចធ្វើឲ្យមានការប្រែប្រួលទាំងផ្ទៃក្នុងខ្លះរបស់គណបក្សប្រជាជនកម្ពុជា ហើយ​ក៏មានការ​ប្រែ​ប្រួល​ផង​ដែរចំពោះ​មុខដំណែង​និង​តួនាទីក្នុងស្ថាប័នរដ្ឋសំខាន់ៗ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម នៅរង់ចាំមើលដែរថា នឹង​មានការ​ប្រែប្រួលអ្វីខ្លះក្រោយពីអវត្តមានមនុស្សម្នាក់ដែលកាន់តួនាទីរាប់សិបកន្លែងនោះ។

លោកថា «យើងកំពុងមានការជជែកពីរឿងអស់ហ្នឹង​ច្រើន​ទាក់ទងនឹងធនធានមនុស្ស​ក្នុង​គណបក្សប្រជាជន។យើងទទួលស្គាល់ថាគណបក្សនេះរឹងមាំមែនប៉ុន្តែ​ដូចយើង​ធ្លាប់​ឮហើយ​សម្តេចនាយក​ធ្លាប់មានប្រសាសន៍ថា បើអត់ពីគាត់ទៅ​មិនមានអ្នកណាដឹកនាំ​គណបក្សប្រជាជន ដឹកនាំប្រទេសបានទៀតទេ។ ជាសញ្ញាមួយប្រាប់ថាធនធានមនុស្សប្រហែលជាមិនសូវសំបូរ​ប៉ុន្មានទេនៅថ្នាក់ខាងលើមជ្ឈឹមបក្ស។ ការបាត់បង់​ឯកឧត្តម សុខ អាន ក៏ជាការបាត់បង់​ គេហៅសភាចារ្យបុរសមួយក្នុង​គណបក្សប្រជាជន ហើយយើងមើលទៅ​បាត់​បង់ជាបន្តបន្ទាប់នោះ សុទ្ធជាមនុស្សសំខាន់ៗ»។

ដោយចូលរួមរំលែកទុក្ខផងនោះ លោកបណ្ឌិត សាម អ៊ិន មានប្រសាសន៍ថា ការស្លាប់​របស់​លោក សុខ អាន ​គឺជាការបាត់បង់អ្នកយុទ្ធសាស្ត្រដ៍សំខាន់មួយរបស់គណបក្សកាន់អំណាចមួយនេះ។

លោកមានប្រសាសន៍ថា «ការបាត់បង់រូបលោក យើងគិតថាអាចបាត់បង់អ្នកយុទ្ធសាស្ត្រសំខាន់​មួយ​របស់គណបក្សប្រជាជន ប៉ុន្តែខ្ញុំមិនអាចដឹងថាគណបក្សប្រជាជនមានអ្នកជំនួសលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្នុងកម្រិតណា​? យើងគ្រាន់តែដឹងថា លោកមានស្នាដៃធំធេង​ក្នុង​ការ​កំណត់​យុទ្ធសាស្ត្ររបស់គណបក្សប្រជាជន»។ លោកបន្តថា «ចំពោះរឿងជាតិ​ យើង​សង្កេតឃើញថា ស្នាដៃលេចធ្លោមួយ​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន គឺការទាមទារបញ្ចូល​​ប្រាសាទ​វិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក»។

មតិមួយចំនួនលើកឡើងថា ​រដ្ឋាភិបាល​គួរយក​តួនាទី​របស់​លោក សុខ អាន ដែល​កាន់​កាប់​ស្ថាប័ន​ជាតិ​ជាច្រើន​លើសលប់​នោះ ប្រគល់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាពជាអ្នក​ដឹកនាំវិញម្តង។

លោក មាស នី វិភាគថាអស់ពីលោក សុខ អាន ទៅរដ្ឋាភិបាលអាចកំណែទម្រង់ខ្លះទៀត​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល។

លោកថា «វាត្រូវតែធ្វើហើយ។ ខ្ញុំមិនជឿថា គេយកមនុស្សណាម្នាក់ឲ្យ​ធ្វើ​មន្រ្តីដៃ​១០០ចឹងទៀតទេ ប្រាកដជាមានការកាត់ឲ្យទៅ​ខាង​មន្រ្តី​ផ្សេងៗឬក៏រំលាយចោល​យន្តការដែល​ក្រោម​ការ​គ្រប់​គ្រង​របស់​ឯកឧត្តម សុខ អាន មួយចំនួនធំហើយឲ្យទៅតាមក្រសួងវិញ»។

លោក សាម​ អ៊ិន វិញយល់ថា បើទោះជាមានការកែទម្រង់​ក្នុងស្ថាប័នរដ្ឋបានខ្លះក្រោយ​ពី​លោក សុខ អាន ស្លាប់តែលោកមិនរំពឹងថាមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំនោះទេ។

លោកវិភាគថា «បើសិនជាការបែងចែកតួនាទីជាច្រើនហ្នឹង​ទៅ​ឲ្យ​យុវជនឬក៏អ្នក​ជំនាន់​ថ្មី​ដែល​មាន​គំនិត​ជឿនលឿន និងមានគំនិត​ផ្តួច​ផ្តើម​ច្រើន​សម្រាប់​កែ​ទម្រង់ ខ្ញុំគិតថាជារឿងល្អសម្រាប់​បប្រព័ន្ធអភិបាលស្រុក​ខ្មែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ​ នឹង​មិនមានផ្លាស់ប្តូរជាដុំកំភួនទេ។ វាអាចជាការ​ផ្លាស់​ប្តូរ​កម្រិត​បច្ចេកទេសក្នុងទីតាំងគាត់​ធ្លាប់កាន់ពីមុនមក»។

កាលពីលោក សុខ អាន សម្រាកព្យាបាលនៅក្រៅប្រទេស តំណែងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីគឺធ្លាក់​ទៅលើ លោក ប៊ុន អ៊ុយ ជារដ្ឋលេខធិការឡើងធ្វើជារដ្ឋមន្រ្តីស្តីទី។ ​ក្នុងឋានៈជារដ្ឋមន្រ្តីស្តីទី លោក ប៊ុន អ៊ុយ បានស្នើថវិកាជាតិ​ប្រហែល៧៥​ដុល្លារ​ដើម្បី​រៀបចំបុណ្យសព លោក សុខ អាន។

ការចំណាយថវិកាជាតិច្រើនបែបនេះត្រូវរងការរិះគន់ពីសំណាក់​តំណាងរាស្ត្របក្សប្រឆាំងនិង​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានការពារថា ​លោក សុខ អាន មានគុណតម្លៃបម្រើការងារជាតិបានច្រើនជាងថវិកា៧៥ម៉ឺនដុល្លារនោះទៅទៀត។

កាលពីថ្ងៃទី១៦ខែមីនា ពោលមួយថ្ងៃក្រោយពីលេចធ្លាយសំណើ​ចាយថវិកាជាតិ​ប្រហែល៧៥​ម៉ឺនដុល្លារ​នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតែងតាំងលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ឲ្យធ្វើជារដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តីវិញម្តង។ ប៉ុន្តែតួនាទីផ្សេងទៀត រដ្ឋាភិបាលនៅមិនទាន់ប្រកាសតែងតាំងអ្នកណាមកជំនួសលោក សុខ អាន នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ