ធនាគារពិភពលោកផ្តល់កម្ចី១០០លានដុល្លារមកកម្ពុជា លើកកម្ពស់គុណភាពអប់រំនិងផ្លូវជនបទ

សិស្សានុសិស្សអនុវិទ្យាល័យព្រៃក្ដី ទទួលការអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលកកន្ងងទៅ

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តថវិកា១០០លានដុល្លាអាមេរិក (កម្ចីឥតការប្រាក់) សម្រាប់អភិវឌ្ឍន៍​គម្រោង​ពីរនៅកម្ពុជា ដើម្បីជួយលើកកម្ពស់គុណភាពអប់រំនៅកម្រិតអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទនានាឲ្យមានទំនាក់ទំនងប្រសើរ។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ខែមេសា ធនាគារពិភពលោក ឲ្យដឹងថា គម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យនេះ មានរយៈពេល៥ឆ្នាំ ហើយផ្តោតលើថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេស មានទឹកប្រាក់ប្រមាណ៤០លានដុល្លាអាមេរិក ដែលគម្រោងនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងរបស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀន ពិសេសលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា គម្រោងទី១នេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវគុណភាពសមស្របរបស់នាយកសាលា និងសាលារៀនដោយស្ថាបនាឡើងវិញនូវអនុវិទ្យាល័យចំនួន១០០ និងសាងសង់ថ្មីចំនួន៣០។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដល់សិស្សជាង១៦ ០០០នាក់ គ្រូជាង២ ២០០នាក់ នាយកនិងនាយករងអនុវិទ្យាល័យ៣១០នាក់ និងមន្រ្តីនៃអនុវិទ្យាល័យ ព្រមទាំងមន្រ្តីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុកចំនួន១ ៥០០នាក់។

សេចក្តីប្រកាសព័ត៌មានបន្តឲ្យដឹងទៀតថា គម្រោងទី២ គឺការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៅសហគមន៍មូលដ្ឋាន និងដើម្បីស្ថាបនាឡើងវិញផ្លូវជនបទប្រវែង ២៥០ គ.ម ក្នុងខេត្តចំនួន៦ តាមដងទន្លេមេគង្គ និងទន្លេសាប ហើយវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣,៥លាននាក់ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល រួមទាំងប្រជាជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ។

លោកស្រី អ៊ីហ្គូណា​ ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ថា៖ «ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ កម្ពុជាបានពង្រីកការទទួលបានការសិក្សានៅកំរិតបឋមនិងអនុវិទ្យាល័យយ៉ាងធំធេង។ គម្រោងនេះនឹងជួយកម្ពុជាឲ្យមានលទ្ធភាពថែមទៀតក្នុងការលើកកម្ពស់ការទទួលបានគុណភាពអប់រំនៅអនុវិទ្យាល័យ»

លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ត្រូវបានដកស្រង់ប្រសាសន៍ដែរថា៖ «យើងសូមស្វាគមន៍ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវានិងទីផ្សារនៅតំបន់ជនបទ»

លោក មាស នី អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មានចម្ងល់ពីការផ្តល់កម្ចីឬជំនួយរបស់ធនាគារពិភពលោករយៈពេលមួយឆ្នាំចុងក្រោយនេះក្នុងពេលដែលកម្ពុជាកំពុងមានស្ថានភាពអាប់អួរផ្នែកនយោបាយ៖ «ខ្ញុំគិតថា នេះប្រហែលជាយុទ្ធសាស្ត្រមួយរបស់បច្ចឹមប្រទេសនៅក្នុងការគ្រាន់តែផ្តល់នូវថវិកាបន្តកុំឲ្យស្ថានភាពធ្លាក់ក្នុងកណ្តាប់ដៃរបស់ចិនទាំងស្រុង។ យើងមើលស្រុកខ្មែរឥឡូវនេះបើគ្មានធនាគារពិភពលោកជួយទេ គឺយើងនឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ចិនហើយ ស្អីៗគឺយើងពឹងទៅលើចិនទាំងអស់ ហើយនេះអាចជាការព្រួបារម្ភមួយដែរសម្រាប់អនាគតប្រទេសខ្មែរនៅពេលខាងមុខ»។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថានៅកម្ពុជាតម្រូវការពិតប្រាកដគឺនៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលនិងជនជាតិដើមភាគតិចរស់នៅ៖ «នេះជាឱកាសមួយដែលការរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ ប៉ុន្តែជាមួយនឹងការឲ្យកម្ចីបែបនេះ រដ្ឋាភិបាលគួរតែមានការកំណត់អាទិភាពនៃការប្រើប្រាស់លុយកម្ចីឲ្យចំគោលដៅ ជាពិសេសធ្វើម៉េចការបែងចែកថវិកាឲ្យមានតម្លាភាព ហើយនិងឆ្លើយតបតាមតម្រូវការជាក់ស្តែងតាមមូលដ្ឋាន»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថា គម្រោងនេះ ក៏មានការគាំទ្រជាជំនួយឥតសំណងជាទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិក ពីមូលនិធិសកលសម្រាប់កាត់បន្ថយ និងស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលថវិកានេះនឹងជួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្កើតមធ្យោបាយហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយ និងដាក់បញ្ចូលភាពធន់នឹងអាកាសធាតុនេះទៅក្នុងផែនការវិនិយោគសាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ