លោក ហ៊ុន​ សែន និងលោក សម រង្ស៊ី បន្តផ្ញើសារផ្សេងគ្នា ទោះបីការបោះឆ្នោតនៅសល់តែជាង២ខែ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:27 PM | នយោបាយ | 0 | 2019 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និ​ង​អតីត​មេដឹក​នាំ​​បក្ស​​ប្រ​​​ឆាំង លោក សម រង្ស៊ី នៅតែបង្ហាញ​សារនយោបា​យ​​មិ​​ន​ស៊ី​​​សង្វាក់គ្នា ទាក់ទិនទៅនឹង​ជម្លោះនយោបា​យបច្ចុប្បន្ន បើទោះបីការបោះឆ្នោ​តជាតិ​ នៅសល់តែជា​ង ២ខែ​ទៀ​តប៉ុណ្ណោះ​។

បើគ្មានអ្វីប្រែប្រួលទេ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ នៅថ្ងៃទី២៩​ខែកក្កដាឆ្នាំ​២០​១​៨ ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​នោះ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ។

ខណៈ​ដែល​ជម្លោះ​នយោបាយ​នៅ​ជាប់​គាំង​ដដែល​នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំបក្សកាន់អំណាច​ផង​នោះ បានបង្ហោះរូបថត​របស់លោកកាលនៅពីក្មេង មានក្រវ៉ាត់កាំភ្លើងខ្លីជាប់នឹងចង្កេះ និងបានសរសេរថា ថ្ងៃទី​១៦មេ​សា ២០១៨​នេះ ​ជាខួបលើ​កទី៤៣​ឆ្នាំនៃការ​ធ្លាក់ខ្លួនពិ​ការភ្នែក។​​លោ​កថា របួសនេះ ជារបួសលោ​កទី​៥ ​នៃ​​កា​រប្រយុទ្ធក្នុងសមរភូមិចំនួន១០៥លើករបស់លោក។

លោ​ករំឭកថា៖ «ខ្ញុំនៅ​ចាំបានថា ម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃ១៦ មេសា១៩៧៥ មានការប្រយុទ្ឋស្លាប់រស់នៅ​សមរភូមិប៉មទន្លេ​​បិទ​​ដែ​លពេលនេះក្បែគល់ស្ពានគីហ្សូណា។ ពេលនោះហើយដែលខ្ញុំ​ត្រូវរបួសជាលើកទី៥ នៃ​ការប្រយុទ្ឋ១០៥លើកក្នុ​ងរយៈ​ពេ​ល ៥ឆ្នាំ​​​នៃការប្រយុទ្ឋជាមួយពួកបរទេសឈ្លានពាន និងបរិវារ»។

លោក ហ៊ុន សែន រំឭកទៀតថា យុវជនជំនាន់មុន បា​នក្លាយជាចំណាប់​ខ្មាំងនៃសង្រ្គាម ​គ្មានសិទ្ឋិជ្រើសរើ​សដូចយុ​វជនស​ម័យ​​​​​​​​ស​ន្តិ​​​​​​ភា​​ព​​នេះ​ឡើយ ហើយ​លោ​កក៏​អំពាវនាវផង​ដែរ​ឲ្យរួមគ្នារក្សា​សន្តិភាព និងទប់ស្កា​ត់កុំឲ្យសង្រ្គា​មកើតឡើងវិញ ទោះ​បី​ត្រូវបង់ថ្លៃ​ប៉ុណ្ណា​ក៏​ដោ​យ។

សាររបស់មេដឹកនាំបក្សកាន់អំណាចនេះ ចំពេលដែលបណ្តាប្រទេសជាច្រើននៃប្រទេសលោកសេរី កំពុងព្រួតគ្នាថ្កោលទោស និង​គំ​រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ​​បើរដ្ឋាភិបាលមិនបើកលំហ​ប្រ​ជាធិ​បតេ​​យ្យ​​ឡើងវិញ តាមរយៈបើកផ្លូវឲ្យគណ​បក្សប្រឆាំង ដែ​​ល​មា​​នអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស បា​ន​​ចូលរួ​​មប្រ​កួតកា​របោះ​ឆ្នោ​ត​ឡើងវិញ ។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន​ឯង​នោះ បានលើកឡើងតាម​វីដេអូឃ្លីប​បង្ហោះលើបណ្តាញសង្គម​អំឡុងជួប​សំ​ណេះ​​​​​សំណា​ល​ជា​មួយ​អ្នកគាំទ្រ នៅប្រ​​ទេ​សជប៉ុន កាលពីថ្ងៃម្សិលមិញថា សហគមន៍អន្តរជាតិកំពុងដាក់សម្ពាធ ឲ្យរបបលោក ហ៊ុន ​សែន ស្តា​​​​រប្រ​​​​ជា​​ធិបតេ​យ្យ​ឡើង​វិញ  តាមរយៈការ​ដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះ​ជាតិ បានចូលរួមបោះ​ឆ្នោតឡើ​ង​វិញ​ ដោយគ្មានការគំរាមកំហែង ។

លោ​​ក សម រង្ស៊ី ថ្លែងទៀតថា បើលោក ហ៊ុន សែន មិនទទួលយកមតិយោបល់ពីប្រទេសលោកសេរី  ហើយ​អាងតែ​​មហាអំ​ណា​​ច​​​​ចិ​​​​នតែម្នាក់ លោក​ថា រប​​បដឹកនាំ​នេះ នឹងជាន់ដាន​របប ប៉ុល ពត ។

លោកថា៖ «កាល ប៉ុល ពត ៗ ខ្មែរក្រហម ធ្វើបាបរាស្ត្រខ្មែរណាស់ គេថ្កោលទោស ប៉ុល ពត ប៉ុន្តែ ប៉ុល ពត ថា អត់ខ្វល់ព្រោះ​មា​ន​​​ចិ​ន​ជួយ។ ឥឡូវ ហ៊ុន សែន ដូចគ្នាអញ្ចឹង។ ហ៊ុន សែ​ន ធ្វើបាបរាស្ត្រខ្មែរតាមចិត្ត។ គេថ្កោលទោសគ្រប់ទិសទី ហ៊ុន សែន ថា ​អត់ខ្វល់ ​ព្រោះ​​​​មានចិន ហ្នែ! គ្រោះថ្នា​ក់​ធំណា​​ស់។ ​ពឹង​ចិ​ន ចុះខ្មែរងាប់ប៉ុន្មានលាននាក់ យើងវេទនាដល់ណា ឥឡូវ ហ៊ុន សែន ដើរ​តា​មគន្លង​​ ប៉ុ​​​ល ពត ហើយរាស្ត្រខ្មែរក៏​អត់សុខចិ​ត្ត អន្តរជាតិក៏អត់សុខចិត្តដែរ»

អ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ  លើកឡើង​កាលពីសប្តាហ៍មុន​ថា អ្នកនយោបាយខ្មែរ​គួរ​ប្រើពេលវេលាប​​​ង្កើ​​​​ត​វប្បធម៌ជ​ជែក​ទល់មុខគ្នា ឈានទៅផ្សះផ្សាជាតិឡើងវិញ ជាជាងប្រើកម្លាំងបាយកម្ទេចខ្មែរគ្នាឯង ដើ​​ម្បី​​​​​​​ប​​​ន្ត​គ្រប់គ្រងអំណាច ហើយ​បណ្តោ​យ​ឲ្យ​ប្រ​ទេសជាតិ ធ្លាក់ក្នុងវិបត្តិហំព័ទ្ធសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ ​​។​

លោក ហង្ស វិទូ រំឭកទៀតថា អ្នកនយោបាយ គួរចេះរកច្រកចេញដោយខ្លួនឯង រៀបចំការបោះឆ្នោតមួយ  ឲ្យដំណើការទៅតាម​យ​​ន្តការប្រជាធិ​បតេយ្យ ដើម្បីឲ្យ​ប្រាកដថា អ្នកចាញ់ៗ ដោយអស់ចិត្ត រីឯអ្នក​ឈ្នះ​ៗ​ដោ​​យកិត្តិយស។

លោកថា៖ «ប្រសិនបើគាត់ព្យាយាមឈ្លោះគ្នា ហើយមិនព្រមសម្បទានឲ្យគ្នាទៅវិញទៅមកទេ​ ខ្ញុំយល់ថា វាអត់អាចទៅរួ​ចទេ ​ពី​ព្រោះ​​ខ្ញុំ​យល់ថា ការងារនេះវាមិនចាំតែគេមកប្រាប់យើងទេ  ខ្មែរយើងដឹងច្បាស់ជាងគេទៀត។ អញ្ចឹង មានន័យថា ​គណបក្សទាំ​ង​​ពី​រគ្មា​នអ្វីក្រៅពីគាត់សម្របសម្រួលគ្នាទេ»

របត់នយោបាយនៅកម្ពុជានេះ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ​ចំនួន៤៥ ប្រទេស ក្នុងចំ​ណោម ៤៧កាលពីថ្ងៃទី២១ខែមិនា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់​ចាត់​វិធានការ​នានា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេ​​ញលើ​​​​​​គ​ណប​​ក្ស​ប្រ​​​ឆាំ​​ង និងអង្គការសង្គមស៊ីវិល ​ ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីគ​ណបក្ស​ប្រឆាំង​​ដ៏ធំ​​មួ​យ​ត្រូវ​​​បា​នរំលាយ។

ជាងនេះទៅទៀត រដ្ឋ​មន្ត្រី​ការទូត​ជប៉ុន លោក តារ៉ូ កូណូ ​ ក្នុងពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​​ហិ​រញ្ញប្បទាន​ស​​រុប​​​ជាង ៩​០​លាន​ដុល្លារ កាលពីថ្ងៃទី៨ ខែមេសានោះ បានជំរុញមេដឹកនាំកម្ពុជាម្តងទៀត ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោ​​ត​ដោយ​សេរី​ត្រឹ​​ម​ត្រូវ​នា​ពេល​ខាង​​មុខ​នេះ និងបានរំឭក​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូ​វ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required