កម្ពុជានិងកូរ៉េវិនិយោគទឹកប្រាក់ជាង៣លានដុល្លារអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារតាមអ៊ិនធឺណិត

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:15 PM | សង្គមអភិបាលកិច្ចល្អ | 0 | 1409 លោក អ៊ិត សំហេង និង រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ លោកស្រី គីម យ៉ុង ជូ (រូបថត៖ ក្រសួងការងារ)

ប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េ គ្រោងនឹងចំណាយថវិកាប្រមាណជាង៣លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយលើគេហទំព័រក្រសួងការងារកាលពីថ្ងៃទី១៦ខែមេសា

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និង រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ លោកស្រី គីម យ៉ុង ជូ បានចុះកិច្ចព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគម្រោងស្តីពី «ការអភិវឌ្ឍន៍​ប្រព័ន្ធ​​​សេវាការងារនិងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ិនធឺណិត (WorkNet)»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋាភិបាលនៃប្រទេសទាំងពីរ​នឹងគ្រោងចំណាយ​ថវិកា​ចំនួន​៣​លាន១សែនដុល្លារអាមេរិក ដែលគម្រោងនេះនឹងត្រូវអនុវត្ត​ផ្ទាល់ដោយទីភ្នាក់ងារ​ជាតិ​មុខរបរ​និងការងារ (NEA) នៃប្រទេសកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។ តំណាងរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងកូរ៉េខាងត្បូង បានឲ្យដឹង​តាមរយៈ​សេចក្តីប្រកាសព័ត៌មានទៀតថា គម្រោងពង្រឹងប្រព័ន្ធសេវាការងារនេះតាម​អ៊ិនធឺណិត​នេះ មានរយៈពេល៤ឆ្នាំ ហើយបែងចែកការអនុវត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមនៅឆ្នាំនេះ និងបញ្ចប់នៅក្នុងឆ្នាំ២០២១។

សកម្មភាពសំខាន់ៗនៃគម្រោងស្តីពី «ការអភិវឌ្ឍន៍​ប្រព័ន្ធ​​​សេវាការងារនិងព័ត៌មាន​ទីផ្សារការងារ​នៅកម្ពុជា តាម​អ៊ិន​ធឺណិត (WorkNet)» រួមមាន ការសិក្សាស្រាវជ្រាវ​ប្រព័ន្ធផ្តល់​សេវាការងារ​សាធារណៈ នៃប្រទេសទាំងពីរ និងការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និងតម្លើងកម្មវិធីកុំព្យូទ័រ (Software)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

វីអូឌី នៅមិនទាន់បានទាក់ទងអ្នកនាំពាក្យក្រសួងការងារ​ លោក ហេង សួរ ដើម្បី​សុំការ​អត្ថាធិប្បាយ​បន្ថែមបាននៅឡើយទេ៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required