អ្នកភូមិថាអាជ្ញាធរផ្ដាច់ភ្លើងឯកជន ខណៈការស្នើសុំភ្លើងរដ្ឋមិនទាន់មកដល់

ប្រជាពលរដ្ឋខ្លះក្រុងសៀមរាបបានឲ្យដឹងថា ចៅសង្កាត់ជ្រាវបានផ្ដាច់ភ្លើងឯកជនមិនឲ្យប្រើប្រាស់ ក្រោយពេលពួកគាត់ប្រមួលស្នាមមេដៃស្នើសុំឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋ តែភ្លើងរដ្ឋមិនទាន់មកដល់។

កាលពីម្សិលមិញ អ្នកភូមិនៅសង្កាត់ជ្រាវបានប្រមូលស្នាមមេដៃជិត៣០០គ្រួសារស្នើឲ្យអាជ្ញាធរភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋចូលភូមិ ដោយថាការប្រើប្រាស់ភ្លើងឯកជនមានតម្លៃខ្ពស់គឺ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈអគ្គិសនីរដ្ឋតម្លៃជាង៧០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។

ពលរដ្ឋនៅភូមិវាល សង្កាត់ជ្រាវ លោក កែវ វុទ្ធី ប្រាប់វីអូឌីVODថានៅម៉ោង១សៀលថ្ងៃទី១៧ខែឧសភានេះ ថៅកែអគ្គិសនីឯកជននិងជាមេភូមិឈ្មោះ ចាប ចេង បានផ្ដាច់ភ្លើងមិនឲ្យពលរដ្ឋនៅភូមិវាលប្រើប្រាស់ ដោយថាធ្វើតាមបញ្ជារបស់ចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន។ ពលរដ្ឋរូបនេះយល់ថាការដែលចៅសង្កាត់បញ្ជាឲ្យផ្ដាច់ភ្លើងឯកជននេះដោយសារបាត់បង់ផលប្រយោជន៍ពីអគ្គិសនីឯកជននេះ។ លោកបន្ដថា៖ “ពួកខ្ញុំដឹងរឿងដែលគាត់ឲ្យផ្ដាច់ដោយសាររឿងខាងមេភូមិដែលចែកភ្លើងឲ្យពលរដ្ឋប្រើប្រាស់ហ្នឹងបានចំណែកទៅគាត់ដែរ ដល់ចឹងពួកខ្ញុំផ្ដិតមេដៃសុំភ្លើងរដ្ឋធ្វើខាតផលប្រយោជន៍គាត់ចឹងគាត់ផ្ដាច់ភ្លើងពួកខ្ញុំមុនដើម្បីមិនឲ្យយកញត្ដិដាក់ជូនអគ្គិសនីខេត្ដ

លោក កែវ វុទ្ធី ឲ្យដឹងថាពលរដ្ឋនៅភូមិវាលបានប្រើភ្លើងឯកជននេះជាង១០ឆ្នាំមកហើយ ប៉ុន្ដែភ្លើងឯកជនតម្លៃខ្ពស់និងដាច់ភ្លើងញឹកញាប់ផងនោះ ទើបពួកគេផ្ដិតមេដៃសុំភ្លើងរដ្ឋមកប្រើប្រាស់វិញ ដើម្បីកាត់បន្ថយការចំណាយក្នុងជីវភាព ខណៈអ្នកភូមិក្បែរនោះមានអគ្គិសនីរដ្ឋប្រើប្រាស់រួចហើយ។

ពលរដ្ឋមួយរូបទៀតលោក ផ្ដិប សាវ៉ាត់ ឲ្យដឹងថាការផ្ដាច់ភ្លើងនេះធ្វើឲ្យអ្នកភូមិកំពុងជួបការលំបាកនិងប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ លោកបន្ដថាពួកគេមិនអាចអត់អគ្គិសនីប្រើប្រាស់បានឡើយព្រោះអ្នកភូមិមានមុខរបរដាំបន្លែ ចិញ្ចឹមសត្វ ខណៈដែលអាកាសាធាតុក្ដៅខ្លាំង។ លោកបន្ដថា៖ “ដាំជីដាំត្រកួនអត់មានអីដាក់ភ្លើងស្រោចទឹកដំណាំ បូមទឹកបាញ់ទឹកជ្រូក ដេកយប់ក្ដៅស្អុះផង“។

ថៅកែអគ្គិសនីឯកជននិងជាមេភូមិក្រសាំងលោក ចាប ចេង បដិសេធមិនឆ្លើយសំណួរ ដោយជំរុញឲ្យសាកសួរចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន ។ លោកបន្ដថា៖ “អាឡូវបងអត់ទោសទៅចៅសង្កាត់បណ្ដោយទៅ

VODមិនអាចទាក់ទងចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន ដើម្បីសាកសួរពីបញ្ហានេះបានទេដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។

ចៅសង្កាត់រងទី២ សង្កាត់ជ្រាវ ក្រុងសៀមរាប លោក ពេជ្រ រិទ្ធិ ឲ្យដឹងថា សង្គាត់ជ្រាវមានពលរដ្ឋរស់នៅចំនួន៧ភូមិដែលស្មើជាង២៥០០គ្រួសារ ប៉ុន្ដែលោកថាពួកគេមានបណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់តែ២ភូមិប៉ុណ្ណោះ ខណៈដែលសង្កាត់នេះនៅឆ្ងាយពីអគ្គិសនីរដ្ឋប្រហែល១០គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ