រដ្ឋាភិបាលបញ្ជាឲ្យធ្វើសវនកម្មលើប្រាក់ចំណូលពីការផាកពិន័យចរាចរណ៍

ការផាកពិន័យចរាចរណ៍នាពេលកន្លងមក (មាស មុនី)

រដ្ឋាភិបាលបានបញ្ជាឲ្យមានការធ្វើសវនកម្មឬហៅថាពិនិត្យលើប្រាក់ចំណូលពីការផាកពិន័យច្បាប់ចរាចរណ៍ ដោយសង្ស័យថាការបែងចែកប្រាក់ទៅកាន់មន្រ្តីចរាចរណ៍មិនមានតម្លាភាព។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងបែបនេះនៅក្នុងខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជាដែលប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ខែឧសភាម្សិលមិញ។ លោកបានលើកឡើងថាលោកបានណែនាំឲ្យមន្រ្តីចរាចរណ៍ទាំងអស់ត្រូវមានគណនីធនាគាររៀងខ្លួន ដើម្បីបើកប្រាក់ដែលបានពីចំណូលផាកពិន័យចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា។ លោកបន្ថែមថាការបើកដោយផ្ទាល់នោះ ធ្វើឲ្យមន្រ្តីចរាចរណ៍ដែលខំធ្វើការក្រោមកម្ដៅថ្ងៃត្អូញត្អែរថាមិនទទួលបានប្រាក់រង្វាន់ក្នុងការងារ។

លោកលើកឡើងថា៖ “ធ្វើការក្តៅនោះក្ដៅនៅតែមិនបានលុយ តួលេខផាកពិន័យរាប់ពាន់លានរៀល តែទីបំផុតទៅបានប៉ុន្មាន? អញ្ចឹងអត់ទេអាហ្នឹងសុំធ្វើឲ្យហ្មត់ចត់ ផ្ទៀងអីឲ្យហ្មត់ចត់។ ឥឡូវខ្ញុំសូមបញ្ជាឲ្យធ្វើសវនកម្ម ត្រួតពិនិត្យកន្លែងមួយចំនួនអារឿងលុយហ្នឹង។ ព្រោះវាងាយណាស់អស់លោកស្នងការហ្នឹងរាយការណ៍មកថាបើកហើយ យកមកបូកសរុបថាបើកអស់ហើយ។ បើកអស់ហើយខ្ញុំមិនបានណែនាំអញ្ចឹងទេ ខ្ញុំអត់បានណែនាំឲ្យបើករបៀបហ្នឹងទេ។ ខ្ញុំបានណែនាំឲ្យដាក់ចូលកុងធនាគារ រួចឲ្យម្នាក់ៗមានលេខកុងធនាគារទៅបើកខ្លួនឯង”។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនោះក៏បញ្ជាឲ្យស្នងការនគរបាលទាំងអស់ពិនិត្យឡើងវិញនូវរបាយការណ៍ប្រាក់ផាកពិន័យចរាចរណ៍នោះដោយថានឹងដំឡើងស័ក្តស្នងការដែលធ្វើការត្រឹមត្រូវ។ ប៉ុន្តែលោកព្រមានដកស័ក្ត បើខេត្តណារកឃើញថាមានការប្រព្រឹត្តខុសប្រក្រតី។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកសាទរចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការបញ្ជាឲ្យបើកប្រាក់ពិន័យពីចរាចរណ៍ទៅដល់មន្រ្តីថ្នាក់ក្រោមតាមគណនីយធនាគារដើម្បីឲ្យមានតម្លាភាព។ ប៉ុន្តែលោកថាលោកមិនមានជំនឿលើចំណាត់ការដកស័ក្តមន្រ្តីដែលប្រព្រឹត្តខុសច្បាប់នោះទេ ដោយលោករិះគន់ថាការប្រកាសធ្វើសវនកម្មនោះគ្រាន់តែជាការក្រើនរំលឹកច្រើនជាងការចាត់វិធានការ។

លោកបន្ថែមថា៖ ការដាក់ផែនការធ្វើសវនកម្មណាមួយនោះ គួរតែជាការធ្វើដោយសំងាត់ មិនមែនធ្វើក្រោយការប្រកាសជាសាធារណៈអញ្ចឹងនោះទេ។ បើមុននឹងធ្វើហើយប្រកាសអញ្ចឹងបានន័យថា អ្វីៗហ្នឹងគ្រាន់តែជាការនិយាយឲ្យឮនិយាយឲ្យប៉ូលីសចរាចរណ៍ហ្នឹងគាត់មានការត្រេកអរ”។

លោកបន្ថែមថាដើម្បីឲ្យមានប្រសិទ្ធិភាពនោះក្រសួងគួរធ្វើការកោះប្រជុំដោយស្ងាត់ៗ ដើម្បីធ្វើសវនកម្មទើបរកឃើញភាពអសកម្មរបស់មន្រ្តីណាមួយ។

គួរបញ្ជាក់ថាកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យបែងចែកថវិកាដែលប្រមូលបានពីការផាកពិន័យពីអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ជាប្រាក់រង្វាន់ជូនដល់កងកម្លាំងនគរបាលចរាចរណ៍នៅក្នុងខែមីនា។ សម្រាប់ការបែងចែកប្រាក់ផាកពិន័យពីបទល្មើសច្បាប់ចរាចរណ៍គឺ៥ភាគរយត្រូវបានបែងចែក ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនៅសល់ប្រាក់ផាកពិន័យ៩៥ភាគរយទៀតគឺត្រូវបានបែងចែកដល់កងកម្លាំងនគរបាលចរាចរណ៍ចុះប្រចាំការនៅតាមដងផ្លូវចំនួន៧០ភាគរយ  និងជូនអង្គភាពប្រតិបត្តិការរបស់កងកម្លាំង២៥ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ