នាយក​រដ្ឋ​មន្ត្រីអំពាវនាវឲ្យ​ពល​រដ្ឋ​ផ្តល់​ព័ត៌មានពី​ភាពមិនប្រក្រតីរឿង​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​

អត្តសញ្ញាណប័ណ្ណ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានមកកាន់ហ្វេសប៊ុករបស់លោកពីការផ្តល់អត្តសញ្ញាណប័ណ្ណរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថាលោកបានឃើញការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅលើទំព័រហ្វេសបុករបស់លោក ពីការយឺតយ៉ាវនៃការផ្តល់អត្តសញ្ញាណប័ណ្ណដែលមានអ្នកខ្លះជាងមួយឆ្នាំហើយនៅមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណនៅឡើយ។ តបទៅនឹងបញ្ហានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងផ្តល់ព័ត៌មានមកកាន់លោកតាមរយៈហ្វេសប៊ុករបស់លោកពីការដោះស្រាយរបស់មន្ត្រីអត្តសញ្ញាណកម្មចំពោះបញ្ហានេះ។

លោកសរសេរថា៖ “សូមទំនាក់ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះហើយផ្តល់ព័ត៌មានមកកាន់Facebookសម្តេចតេជោឲ្យបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើមន្រ្តីយើង បានដោះស្រាយជូនបានក្នុងកម្រិតណា?”

ភ្លាមៗនោះ អគ្គនាយដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានចេញសេចក្តីអំពាវនាវមួយផងដែរថា ដោយទទូចដល់ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី១៥ឆ្នាំឡើងដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណ នៅតាមស្ថានីយចល័តតាមភូមិ ឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឬនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ តាមការជូនដំណឹងរបស់អជ្ញាធរ។ សម្រាប់អ្នកដែលមានប័ណ្ណហើយតែរបកខូច អគ្គនាយដ្ឋានបានស្នើឲ្យប្រជាពលរដ្ឋទាក់ទងប៉ុស្តិ៍នគរបាលឬអធិការដ្ឋាននគរបាលនៃទីកន្លែងដែលខ្លួនរស់នៅឬអាចមកដោយផ្ទាល់នៅអគ្គនាយដ្ឋានអត្តសញ្ញាណប័ណ្ណ ដើម្បីបោះពុម្ភថ្មីជូនដោយមិនយកប្រាក់កម្រៃ។

អគ្គនាយកដ្ឋានឲ្យដឹងទៀតថាក្នុងករណីដែលពលរដ្ឋបានបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ឌហើយរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការនៅតែមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណទេ ប្រជាពលរដ្ឋអាចធ្វើការស្វែងរកព័ត៌មានតាមរយៈwww.idc.gdi.kh ឬហ្វេសបុករបស់អគ្គនាយដ្ឋាន www.facebook.com/gdi.gov.kh រួចទាក់ទងមកកាន់នាយកដ្ឋានលេខ០១២២៥៨៨៥៨/ ០១២៨៨០៩៩០/០១៦៨០៨០២០ ដើម្បីឲ្យនាយកដ្ឋានដោះស្រាយជូន ។

បើតាមសេចក្តីអំពាវនាវនេះ អគ្គនាយដ្ឋានបានរៀបចំអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋបានសម្រេចចំនួនប្រមាណ៨,២លាននាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ