អង្គការបរិស្ថានអន្ដរជាតិជួយផ្ដល់ឯកសារឲ្យកម្ពុជាស៊ើបអង្កេតការនាំឈើទៅវៀតណាម

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:09 AM | បរិស្ថានអភិបាលកិច្ចល្អ | 0 | 1538

អង្គការបរិស្ថានអន្ដរជាតិបានប្រកាសផ្ដល់ឯកសារភស្ដុតាងបន្ថែមដើម្បីឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីលួចនាំឈើខុសច្បាប់ទៅវៀតណាម។

ការប្រកាសនេះ គឺបន្ទាប់ពីអង្គការនេះចេញរបាយការណ៍មួយបង្ហាញថា ជំនួញឈើខុសច្បាប់ពីកម្ពុជាទៅវៀតណាមមានរាប់ពាន់ម៉ែត្រគូប។

យោងតាមការចុះផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៦ឧសភាឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន (Environmental Investigation Agency) បានប្រកាសផ្ដល់ឯកសារ និងភស្ដុតាងបន្ថែម ដើម្បីឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីលួចនាំឈើខុសច្បាប់ពីខេត្តរតនគីរីទៅប្រទេសវៀតណាម បន្ទាប់ពីអង្គការនេះចេញរបាយការណ៍មួយកាលពីលើកមុន និងថាត្រូវបានក្រសួងបរិស្ថានប្រកាសថានឹងធ្វើការស៊ើបអង្កេតលើករណីនេះ។

ឯកសាររបស់អង្គការបរិស្ថានអន្ដរជាតិនេះបានរាប់បញ្ចូល រូបភាពពីផ្កាយរណបដែលបង្ហាញពីទីតាំងស្ដុកឈើធំៗក្នុងតំបន់ជាប់ព្រំដែនគ្រប់គ្រងដោយយោធាវៀតណាម ឯកសារពន្ធគយនៃការនាំចេញឈើខុសច្បាប់រាប់ពាន់ម៉ែត្រគូប ឯកសារផ្ដល់អាជ្ញាប័ណ្ណខុសច្បាប់របស់រដ្ឋាភិបាលវៀតណាមដល់ក្រុមហ៊ុនចំនួន១៦ ដែលគិតជាទំហំឈើចំនួន២៣ម៉ឺនម៉ែត្រគូប រួមទាំងវិក័យបត្រនាំចេញនាំចូលឈើពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ជាង៣០០លានដុល្លារ (បីរយលានដុល្លារអាមេរិក) តាំងពីខែមករាឆ្នាំ២០១៦។

ក្រៅពីនេះ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានរកឃើញថា មានក្រុមហ៊ុនកម្ពុជាចំនួន៤បានចូលរួមក្នុងជំនួញលួចនាំឈើនេះ ដូចជា ក្រុមហ៊ុន Nam Thanh Co Wood Innovation ក្រុមហ៊ន Phat Sok Chea Trading ក្រុមហ៊ុន Pich Rithsey និងក្រុមហ៊ុន Wood Innovation Log List។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា លោកស្វាគមន៍ បើសិនអង្គការបរិស្ថានអន្ដរជាតិមួយនេះពិតជាចង់ជួយអាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេតករណីនាំឈើខុសច្បាប់មែន។ លោកមានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងពិនិត្យលើរបាយការណ៍ទាំងនោះ និងថា រដ្ឋាភិបាលក៏កំពុងផ្ដោតលើការពង្រឹងការអនុវត្ត និងអភិរក្សជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានេះ។

នៅពេលសួរថាតើរដ្ឋាភិបាលនឹងមានចំណាត់ការយ៉ាងណាចំពោះក្រុមហ៊ុននាំឈើខុសច្បាប់ទាំងនោះ លោក សៅ សុភាព ហាក់មិនបានឆ្លើយចំសំណួរទេ ប៉ុន្ដែលោកគ្រាន់តែថា គណៈកម្មាការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាអ្នកចេញវិធានការជាក់ស្ដែង។

​លោកថា៖ «បើសិនជាគាត់ផ្ញើមកភាគីកម្ពុជា គឺយើងអត់អីទេ គឺយើងនឹងទទួលពិនិត្យមើល។ ខ្ញុំអត់ទាន់ដឹងថាតើការស៊ើបអង្កេត ឬមួយក៏យ៉ាងម៉េចនោះត្រូវធ្វើទេ ក៏ប៉ុន្ដែគ្រាន់តែដឹងថា នៅដំណាក់កាលនេះ គឺយើងកំពុងពិនិត្យរបាយការណ៍ហ្នឹង។​ គណៈកម្មាការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងករណីដែលមានការនាំឈើចេញខុសច្បាប់ ឬក៏មានការកាប់ឈើខុសច្បាប់»។

បណ្តាញ​ស្រាវជ្រាវ​ភស្តុតាង​បទល្មើស​ធនធានធម្មជាតិ​នៅ​កម្ពុជាលោក ឈឹម សាវុធ រិះគន់ចំណាត់ការទប់ស្កាត់បទល្មើសព្រៃឈើរបស់រដ្ឋាភិបាលថា គ្មានប្រសិទ្ធិភាពទេ ដោយលោកថា ទោះបីរដ្ឋាភិបាលព្រមទទួលយករបាយការណ៍ជាក់លាក់ណាមួយទៅពិនិត្យ និងពិចារណាក៏ដោយ។ លោកថា ព្រៃឈើនៅកម្ពុជាកំពុងតែហិនហោចទៅ​ ដោយសាររដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយពិតប្រាកដ និងដោយសារការមិនអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។

លោកថា៖ «ខ្ញុំគិតថា មិនមានចេតនាពិតប្រាកដច្បាស់លាស់ ហើយមិនអនុវត្តនូវគោលការណ៍មកអនុវត្តហើយ ដែលខ្ញុំគិតថាវាអត់មានប្រសិទ្ធិភាព ទោះជារបាយការណ៍ណាក៏ដោយ ដែលលម្អិត ឬក៏ច្បាស់លាស់យ៉ាងម៉េចក៏គេអត់ចាប់អារម្មណ៍ ឬក៏គេគ្រាន់តែធ្វើដើម្បីឲ្យបង្គ្រប់កិច្ច ប៉ុន្ដែលទ្ធផលគេអត់គិត គេអត់មានចេតនាបង្ក្រាប អញ្ចឹងបានខ្ញុំគិតថា វាអត់មានប្រសិទ្ធភាពអីទេ ស្រុកខ្មែរ យើងមើលស្ថានភាពបច្ចុប្បន្ន បើសិនតែនៅតែអញ្ចឹង វាចៀសអត់រួចពីហិចហោចអស់»។

កាលពីសប្ដាហ៍មុន ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានចេញរបាយការណ៍មួយ ក្រោមចំណងជើងថា «ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម»។ក្នុងរបាយការណ៍នោះ រកឃើញថា នៅចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ ដល់ខែមិនាឆ្នាំ២០១៧ ទំហំឈើប្រមាណ៣០ម៉ឺនមែត្រគូបត្រូវបានលួចលាក់នាំចេញនិងធ្វើឲ្យស្របច្បាប់ពីកម្ពុជាទៅវៀតណាម ខណៈដែលកម្ពុជាបានហាមឃាត់ការនាំចេញឈើក្នុងតំបន់ការពារទៅក្រៅប្រទេស។

អង្គការនេះថា ចាប់ពីដើមខែវិច្ឆិកាឆ្នាំ២០១៦ សកម្មភាពលួចកាប់ឈើខុសច្បាប់បានកើតឡើងខ្លាំងនៅតំបន់ការពារក្នុងខេត្តរតនគីរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ហើយបើគិតជាប្រាក់សំណូកគឺលើសពី១៣លានដុល្លារអាមេរិក។

បើតាមរបាយការណ៍ សកម្មភាពលួចកាប់ និងនាំចូលឈើនេះ គឺដោយសារការឃុបឃិតគ្នា និងសូកប៉ាន់រវាងអាជ្ញាធរប្រទេសទាំងពីរ ដោយអង្គការនេះអះអាងថា ឈ្មួញវៀតណាមបានសូកប៉ាន់មន្ដ្រីខ្មែររាប់លាន់ដុល្លារ ដើម្បីចូលកាប់ឈើក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required