បុរសខ្មែរនៅអាមេរិកថានឹងទទួលទោសករណីចោទគ្រួសារ លោក ហ៊ុន សែន ជាប់ឈាមវៀតណាម

 

បុរសម្នាក់រស់នៅសហរដ្ឋអាមេរិកគឺលោក ប្រេឌី អេន យ៉ាំង(Brady N Young) បានប្រកាសថាលោកត្រៀមទទួលទោសករណីលោកដែលស្នើឲ្យមានការពិនិត្យឌីអិនអេ (DNA) រវាងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយលោកមានការសង្ស័យថាមានជាប់ឈាមជាមួយអតីតមេដឹកនាំវៀតណាម។

នៅក្នុងវីដេអូឃ្លីបដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា លោក ប្រេឌី ថាលោកគ្រាន់តែសំណូមពរឲ្យមានការជម្រះនូវមន្ទិលសង្ស័យដែលថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនបង្កើតរបស់លោក ហ៊ុន សែន។ លោកថា៖ «ខ្ញុំគ្រាន់តែសំណូមពរឲ្យលោក(ហ៊ុន សែន)និង ហ៊ុន ម៉ាណែត ធ្វើឌីអិនអេតែប៉ុណ្ណោះ ហេតុអីបានលោកថាទៅជាការប្រមាថមើលងាយធ្វើឲ្យក្រុមគ្រួសារលោកឈឺចាប់ទៅវិញ?»។

នៅក្នុងវីដេអូដដែលលោក ប្រេឌី បន្តថាលោកមិនដឹងថាលោក ហ៊ុន សែន កំពុងខឹងបុគ្គលណាប្រាកដទេ ដោយលោកថាមិនដឹងខឹងលោកឬខឹងគណបក្សសង្គ្រោះជាតិ។

លោកបញ្ជាក់ទៀតថាបើកំហុសនោះជារបស់គាត់ លោកនឹងព្រមទទួលទោសនិងធ្វើតាមអ្វីដែលលោក ហ៊ុន សែន ចង់បាន បើសិនលោក ហ៊ុន សែន ព្រមដោះលែងសកម្មជនទាំង១៩រូបរបស់គណបក្សប្រឆាំង។ លោកថា៖ «បើសិនជាលោកចង់ឲ្យខ្ញុំទៅទទួលទោស ខ្ញុំអាចទៅទទួលទោស ចង់ឲ្យខ្ញុំទៅស្រុកខ្មែរក៏ខ្ញុំទៅបានដែរ ខ្ញុំទៅទទួលទោស ខ្ញុំទៅសារភាពនៅក្រសួងមហាផ្ទៃក៏បាន ក៏ប៉ុន្តែលោកត្រូវតែដោះលែងសកម្មជន១៩នាក់ដែលកំពុងជាប់ពន្ធនាគារ»

ការលើកឡើងនេះគឺបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងថាគណបក្សសង្រ្គោះជាតិនិងសកម្មជនរបស់បក្សបានចោទភរិយារបស់លោកជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងមានកូនប្រុសម្នាក់គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់លោក ឡេដឹក ថូ។ លោកថានេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ