ជនជាតិដើមនៅខេត្តស្ទឹងត្រែងទទូចកុំឲ្យបណ្ដេញដោយបង្ខំ ខណៈសង់ទំនប់សេសានក្រោម២

ក្រុមអង្គការនិងបណ្ដាញសហគមន៍ជនជាតិដើមភាគតិចជាច្រើន ​បានអំពាវនាវឲ្យបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ ទៅលើពលរដ្ឋរស់នៅភូមិចំនួន២ ក្នុងខេត្តស្ទឹងត្រែង ខណៈមានការសាងសង់ទំនប់វ៉ារីអគ្គិសនី សេសានក្រោម២។

យោងតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី១៧កក្កដានេះ ក្រុមអង្គការ និងបណ្ដាញសហគមន៍ជនជាតិដើមភាគតិច មកពីខេត្តក្រុងចំនួន១៥ នៃប្រទេសកម្ពុជា បានបង្ហាញក្ដីបារម្ភរបស់ពួកគេ ដោយថា អាចនឹងមានការបណ្ដេញចេញដោយបង្ខំ និងការប្រើអំពើហិង្សា ទៅលើគ្រួសារជនជាតិដើមភាគតិច រស់នៅភូមចំនួន២ គឺ ភូមិក្បាលរមាស ឃុំក្បាលរមាស និងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខណៈរដ្ឋាភិបាលសាងសង់ទំនប់វ៉ារីអគ្គិសនី «សេសានក្រោម២» ក្នុងខេត្តស្ទឹងត្រែង។

បើតាមសេចក្ដីថ្លែងការណ៍ ក្រុមជនជាតិដើមភាគតិចក្នុងភូមិចំនួន២ ស្មើនឹង១៨២គ្រួសារ​ ថា​ ពួកគេមិនព្រមទទួលយកសំណងជាថ្នូរនឹងការចាកចេញ ពីក្រុមហ៊ុនទំនប់វ៉ារីអគ្គិសនីទេ ដោយបារម្ភពីការបាត់បង់អត្តសញ្ញាណដើម ការបាត់បង់ផ្នូរដូនតា និងប្រព័ន្ធសេដ្ឋកិច្ចតាមបែបប្រពៃណីរបស់ពួកគេ។

សហគមន៍ជនជាតិដើមភាគតិចចំនួន ២៤អម្បូរ មកពីខេត្តក្រុងចំនួន១៥ រួមទាំង ជនជាតិដើមទាំង១៨២គ្រួសារ ដែលរងផលប៉ះពាល់ ទទូចឲ្យរដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណា បញ្ចៀសកុំឲ្យមានការបណ្ដេញពួកគេចេញដោយបង្ខំ និងត្រូវធ្វើការអភិវឌ្ឍតំបន់នោះនៅហ្នឹងកន្លែងតែម្ដង។

តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិក្បាលរមាស គឺលោក ដាំ សំណាង ឲ្យ VOD ដឹងថា ការមិនព្រមទទួលយកសំណងរបស់ក្រុមជនជាតិដើមភាគតិច ជារឿងត្រឹមត្រូវ ដោយថា ពួកគេបានមកស្នាក់អាស្រ័យ និងរស់នៅតំបន់នោះ ជាយូរយារណាស់មកហើយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរគិតគូរពីបញ្ហានេះឲ្យបានដិតដល់ និងគួរអភិវឌ្ឍនឹងហ្នឹងកន្លែង ជាជាងបណ្ដាលឲ្យមានការបណ្ដេញក្រុមជនជាតិដើមភាគតិចចេញដោយបង្ខំ។​

 

VOD បានទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ទុន លាន ប៉ុន្ដែលោកថា កំពុងប្រជុំ។ ចំណែក អ្នកនាំពាក្យផ្សេងទៀត គឺទូរសព្ទចូល តែគ្មានអ្នកទទួល។

នៅឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមសាងសង់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដោយបានបើកតួប៊ីនទី១ ដែលមានកម្លាំងជាង៥០មេហ្គាវ៉ាត់ម៉ោង ដែលមកទល់ពេលនេះ សម្រេចបានការសាងសង់ជាង៨០ភាគរយហើយ។ នៅចុងឆ្នាំ២០១៨ គេនឹងបើកតួប៊ីនទាំង៨ទៀត ដោយអាចផលិតបានថាមពលសរុប៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ