ផ្ទះ​សម្បែង​២​គ្រួសារ​ដួល​រលំ រថយន្ត​មួយ​គ្រឿង​ខូច​ក្រោយ​ខ្យល់​កន្ត្រាក់​ម្សិលមិញ

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:50 PM | សន្ដិសុខ | 0 | 3430

ផ្ទះ​សម្បែង​ពលរដ្ឋ២​គ្រួសារ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ដួល​រលំ ហើយ​​រថយន្ត​មួយ​គ្រឿង ត្រូវ​ដើម​ឈើ​សង្កត់​លើ បន្ទាប់​ពី​រង​ខ្យល់​បោក​បក់​លើ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​អាជ្ញាធរ​ឧតុនិយម បាន​ព្រមាន​អំពី​ទឹក​ជំនន់ និង​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ជិត​ចុង​ខែ​កក្កដា​នេះ។

សេចក្ដី​រាយការណ៍​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បោក​បក់​លើ​ខេត្ត​ព្រះ​សីហនុ ឧត្ដរមានជ័យ និង​កោះកុង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដោយ​បណ្ដាល​ឲ្យ​ផ្ទះ ២​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ ដួល​រលំ ហើយ​រថយន្ត​មួយ​គ្រឿង​នៅ​ខេត្ត​កោះកុង ត្រូវ​មែក​ឈើ​បាក់​ធ្លាក់​សង្កត់​លើ។ ប៉ុន្តែសេចក្ដី​រាយការណ៍​នោះ ពុំ​បាន​បញ្ជាក់​ថា មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

ក្រសួង​ធនធាន​ទឹក និងឧត្តុនិយម បានចេញសេចក្ដីប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយបាន​ព្រមានដល់​ប្រជាពលរដ្ឋ ឲ្យបង្កើនការ​ប្រុង​ប្រយត្ន័ខ្ពស់ចំពោះបាតុភូត​ខ្យល់​កន្ត្រាក់ និងរន្ទះ​បាញ់ ​ដែល​អាច​កើត​ឡើង​។

ក្រសួង​ក៏​បាន​ព្រមាន​អំពី​ទឹក​ជំនន់​នៅ​តាម​ទន្លេ​នានា​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​កូន​ព្យុះ​តាឡាស់​កំពុង​បក់​បោក​សំដៅ​ទៅ​រក​តំបន់​មេគង្គ​លើ ស្ថិត​ក្នុង​ប្រទេស​ថៃ និង​ឡាវ៕

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required