មេដឹកនាំវៀតណាមមកទស្សនកិច្ចកម្ពុជានៅសប្តាហ៍នេះ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:08 AM | នយោបាយអភិបាលកិច្ចល្អ | 0 | 1323

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ក្នុងសប្តាហ៍នេះ តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ឲ្យដឹងថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។ ក្នុងដំណើរ​ទស្សនកិច្ចនោះ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និងសម្ដេច​ព្រះ​មហាក្សត្រី  នរោត្តម មុនីនាថ សីហនុ រួមទាំងសម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ។

ក្នុងសេចក្ដីប្រព័ត៌មានដដែលឲ្យដឹងបន្តថា ក្នុងដំណើរទស្សនៈកិច្ចនោះ ង្វៀន ហ៊្វូជុង នឹងជួបជាមួយលោកនាយកមន្ត្រី ហ៊ុន សែន ហើយក្រោយជំនួបនោះ មេដឹកនាំទាំងនឹងចុះហេត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងឯកសារមួយចំនួនទៀតផងដែរ។ បន្ថែមពីនេះទៀត លោក ង្វៀន ហ៊្វូជុង នឹងជួបជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ  និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ហើយក៏នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ តាមការអញ្ជើញរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធកម្ពុជា។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required